ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយ ដែលបង្កដោយរថយន្តកុងតឺន័រ បើកបរមិនប្រកាន់ស្តាំ បានទៅបុករថយន្តធុនធំ(វេអង) ដឹកទំនិញ បណ្តាលឲ្យជ្រុលចង្កូតបុកចូលផ្ទះលក់បាយមួយកន្លែង តែសំណាងល្អ ម្ចាស់ផ្ទះគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង៤៨ នាទីទៀបភ្លឺនៅ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ ១ ចន្លោះគីឡូម៉ែត្រ 104/105 ស្ថិតក្នុងភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រមួយគ្រឿង ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3E 5705 ធ្វើដំណើរពីទិសដៅពីកើតទៅលិចយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏រេចង្កូចមកខាងស្តាំ បុករថយន្ត ហុីហាន់ដាយ (វេអង) ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ 3A 7439 ធ្វើដំណើរពីទិសដៅពីលិចទៅកើត បញ្រ្ចស់ទិសគ្នា បណ្តាលឲ្យរថយន្តវេអង រេចង្កូតចូលផ្ទះលក់បាយមួយកន្លែង ខ្ទេចអីវ៉ាន់លក់ដូរ តែសំណាងល្អមិនបង្កគ្រោះដល់ជីវិតនោះទេ គ្រាន់តែម្ចាស់ផ្ទះលក់បាយ រងរបួសស្រាលប៉ុណ្តោះ ហើយរថយន្តកុងតឺន័រ មិនទាន់អស់ល្បឿន ក៏បានបន្តទៅបុកតូបលក់ដូរ គេទុកចោលខ្ទេច ទើបរថយន្តអស់ល្បឿន។

ប្រភពដដែលបានបន្តថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ អន សីយុន នៅភូមិឃុំកើតហេតុខាងលើ បានរងរបួសស្រាល។ រីឯអ្នកបើកបររថយន្តទាំង២ ក្រោយពីបង្កហេតុរួច បានចុះពីរថយន្តរត់គេចខ្លួនបាត់ស្រមោល ទុករថយន្តនៅកន្លែងកើតហេតុ ហើយសមត្ថកិច្ចបានយករថយន្តទាំងនោះ មករក្សាទុកដើម្បីរង់ចាំដោះស្រាយគ្នាពេលក្រោយ។ មូលហេតុ រថយន្តកុងតឺន័រ បើកបរមិនប្រកាន់ស្តាំ បុករថយន្តហុីហាន់ដាយ៕ រក្សាសិទ្ធិដោយ៖វ៉ៃកូ


