ភ្នំពេញ ៖ កម្លាំងសន្តិសុខសាលាខណ្ឌមានជ័យ ចុះធ្វើសណ្តាប់ធ្នាប់របៀបរៀបរយ ក្នុងផ្សារលឹមឈាងហាក់ ក្នុងបុរីសូនី បានប្រមូលយកសាច់ក្រក់១៥គីឡូ និងត្រីងៀត១០គីឡូ យកទៅចែកគ្នាហូបអស់ ដោយមិនបានហៅម្ចាស់ទៅណែនាំ ឫធ្វើកិច្ចសន្យា។
ករណីខាងលេីនេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណជាង ៩ព្រឹកថ្ងៃទី២៦ ខែឧសភាឆ្នាំ ២០២១ ស្ថិតនៅត្រង់ចំណុចផ្សារ លឹមឈាងហាក់ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមសម្តីពីប្រជាពលរដ្ឋ និងក្រុមអាជីវករ ប្រាប់ឲ្យដឹងថា ជារៀងរាល់ព្រឹក ក្រុមសន្តិសុខសាលាខណ្ឌមានជ័យ បានដើរប្រាប់ឲ្យអាជីវករ លក់ដូរនៅតាមផ្សារ ដោយមានការចងខ្សែក្រហម ហើយបានប្រាប់បងប្អូនអាជីវករទាំងអស់ ឲ្យលក់នៅក្នុងខ្សែមិនឲ្យលក់ក្រៅខ្សែទេ ពេលព្រឹកថ្ងៃកើតហេតុ ក្រុមសន្តិសុខ បានមកប្រមូលត្រីងៀត១០គីឡូ និងសាច់ក្រក់១៥គីឡូ ហើយពេលនោះ ម្ចាស់ក៏បានតាមសុំយកមកវិញ តែត្រូវក្រុមសន្តិសុខ មិនអនុញ្ញាតឲ្យមកវិញទេ ហើយនៅពេលដែលគាត់ ឡើងទៅដល់សាលាខណ្ឌមានជ័យ ធ្វើការសុំជាបន្តទៀត ពេលនោះ ស្រាប់តែលោកប្រធានសន្តិសុខសាលាខណ្ឌ បាននិយាយប្រាប់ពួកគាត់ថា ត្រីងៀត និងសាច់ក្រកនោះ គឺត្រូវបានពួកគាត់ ចែកកូនចៅយកទៅហូបអស់ហើយ។

ក្រុមអាជីវករ ស្នើសុំឲ្យ លោក ពេជ្រ កែវមុនី អភិបាល អភិបាលខណ្ឌមានជ័យ ជួយរកយុត្តិធម៌ដល់ពួកគាត់ ដែលកូនចៅរបស់លោកបានយកត្រីងៀត និងសាច់ក្រក់ របស់ពួកគាត់ទៅចែកគ្នាហូបបែបនេះ ៕ រក្សាសិទ្ធិដោយ៖មីដា





