ភ្នំពេញ÷បុរសម្នាក់ កំពុងតែជិះម៉ូតូនៅតាមបណ្តោយផ្លូវជាតិលេខ២ សុខៗស្រាប់តែមានជនដៃដល់បានយកដាវទៅកាប់ពីក្រោយចំឆ្អឹងខ្នង បណ្តាលជនរងគ្រោះឈាមស្រោចពេញខ្លួនរងរបួសធ្ងន់ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ចំណែកឯជនដៃដល់បានជិះម៉ូតូមួយគ្រឿងមិនចាំម៉ាករត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរបានកើតឡើងកាលពីវេលាម៉ោង ១០ និង៣០នាទីយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ចំណុចជិតនិងម៉ូឌែន២ សង្កាត់ចក្រអង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ម៉ែន រដ្ឋា ភេទប្រុស អាយុ ២០ជាងឆ្នាំ រស់នៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប្រភពព័ត៍មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគាត់បានឃើញជនរងគ្រោះ ឈ្មោះម៉ែនរដ្ឋា ភេទប្រុស អាយុ២០ ឆ្នាំជាង បានជិះម៉ូតូម៉ាកឃ្លីក មួយគ្រឿងព៍ណទឹកប្រាក់ ពាក់ស្លាកលេខ កណ្តាល 1-V 9788 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ក្នុងទិសដៅពីកើតមកលិច ខណះពេលជិះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនដៃដល់បានជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកធ្វើដំណើរតាមពីក្រោយមកកាប់ទៅលើជនរងគ្រោះចំឆ្អឹងខ្នងមួយដាវបណ្តាលឲ្យឈាមស្រោចពេញខ្លួន រួចក៏បានជិះម៉ូតូរត់គេចខ្លួនបាត់ទៅបន្សល់ទុកតែម៉ូតូនិងជនរងគ្រោះដេកដួលក្នុងថ្លុកឈាម បន្ទាប់មកបានប្រជាពលរដ្ឋរាយការណ៍ទៅសមត្តកិច្ចចុះមកជួយអន្តរាគមន៍នៅកន្លែងកើតហេតុភ្លាមៗ។
ក្រោយពេលកើតហេតុសមត្តកិច្ចផ្នែកអន្តរាគមន៍ខណ្ឌមានជ័យចុះមកដល់រួចក៏បានទំនាក់ទំនងទៅរថយន្តសាម៉ុយឲ្យមកដឹកជនរងគ្រោះជាបន្ទាន់ និយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍ នគបាលរដ្ឋបាលសង្កាត់ចក្រអង្រែក្រោម។ ចំណែកជនដៃដល់សមត្តកិច្ចនិងធ្វើការស្រាវជ្រាវបន្តដើម្បីឈានទៅឃាត់ខ្លួនយកមកចាត់ការទៅតាមនិតិវិធី៕ ដោយ ៖ សាមេត

