ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តស៊េរីទំនើប២គ្រឿង បុកបណ្ដាលឲ្យរងការខូចខាត ម្ចាស់ចុះមកប្រកែកយកត្រូវរៀងៗខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១នឹង០៥នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅចំណុចមុខស្ថានទូតចិន ផ្លូវម៉ៅសេទុង សង្កាត់ទូលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាក Discovery ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ 2AV-8368 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុ មុខស្ថានទូតចិន បានជាន់ហ្រ្វាំងវ៉ាកអើ ជាមួយម៉ូតូឆ្លងផ្លូវ ស្របពេលមានរថយន្ត LAND GRUISER PRADO ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2Y-2328 បើកបរដោយបុរសម្នាក់ ធ្វើដំណើរស្របគ្នាមកពីក្រោយជាន់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុករថយន្ត Discoavery ពីក្រោយបណ្ដាលឲ្យរងការខូចខាត ទាំងសងខាងយ៉ាងដំណំ បន្ទាប់មកភាគីទាំង២ ចុះពីលើរថយន្តមកប្រកែកគ្នា តឹងសរសៃកដាក់គ្នាយកត្រូវរៀងៗខ្លួន បង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចមូលដ្ឋាន ចុះមកកន្លែងកើតហេតុ។
ក្រោយពីសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ធ្វើការសម្របសម្រួលគ្នា ទើបភាគីខាងរថយន្ត LAND GRUISER PRADO ព្រមចេញថ្លៃជួសជុល រថយន្តទៅឲ្យភាគីខាងរថយន្ត Discovery ចំនួន២០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើត៕ រក្សាសិទ្ធិដោយ៖មីដា







