សមាគមន៍ក្រុមគ្រូពេទ្យឥណ្ឌាដែលហៅកាត់ថា IMA បានសរសេរលិខិតទៅកាន់ទៅនាយករដ្ឋមន្រ្តី Narendra Modi ទាមទារចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ទៅលើគ្រូឱសបុរាណម្នាក់ឈ្មោះ Baba Remdav បន្ទាប់ពីគ្រូរូបនេះបានហៅថា ការព្យាបាលបែបសម័យទំនើប គឺជា «វិទ្យាសាស្រ្តឆ្កួតលីលា» និងស្តីបន្ទោសថា ការព្យាបាលបែបវិទ្យាសាស្រ្តទំនើបនេះ ទើបបណ្តាលឲ្យអ្នកជំងឺកូវីដ១៩ ស្លាប់អស់ច្រើនយ៉ាងនេះ។ IMA បាននិយាយថា ការលើកឡើង ដោយគ្មានការគិតពិចារណាបែបនេះ របស់គាត់ គឺជាសកម្មភាពនៃការការបះបោរ ទង្វើបំពុលសង្គម ដែលអាចធ្វើឲ្យមនុស្សយល់ខុស គួរតែត្រូវបានធ្វើឡើងប្រឆាំងនឹងគាត់។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេ IMA បាននិយាយថា គ្រូយោគៈរូបនេះ គួរតែត្រូវបានផ្តន្ទាទោស ក្រោមច្បាប់ស្តីពីជំងឺរាតត្បាត ពីព្រោះសេចក្តីថ្លែងការណ៍ដ៏មិនសមហេតុផល និងគួរឱ្យអស់សំណើចរបស់គាត់ គឺជា “ការគំរាមកំហែងដល់សង្គមជាតិ ដែលមានមនុស្សចេះដឹង និងក៏ដូចជាប្រជាជនក្រីក្រ ដែលកំពុងរងគ្រោះចំពោះគាត់”។
នៅក្នុងវីដេអូដែលរីករាលដាល កាលពីសប្តាហ៍មុន លោក Ramdev បានអះអាងថា គ្រូពេទ្យ និងការព្យាបាលរបស់ពួកគេ ប្រឆាំងនឹងមេរោគ Covid-19 នេះ បានបណ្តាលឱ្យមនុស្សស្លាប់ រាប់រយពាន់នាក់នៅក្នុងប្រទេស។
គាត់ក៏បានស្តីបន្ទោសដល់អ្នកជម្ងឺដែលអស់សង្ឃឹម បែរជាទៅពឹងជំនួយបំពង់អុកស៊ីសែន ដោយអះអាងបែបនេះថា “ព្រះបានបំពេញអុកស៊ីសែន ពាសពេញសកលលោក ហើយយើងគ្រាន់តែ ត្រូវការដកដង្ហើមឱ្យបានត្រឹមត្រូវប៉ុណ្ណោះ… ប៉ុន្តែ ប្រជាជនបែរកំពុងត្អូញត្អែរអំពីកង្វះអុកស៊ីសែន ថ្នាំពេទ្យ គ្រែ មន្ទីរពេទ្យ កន្លែងបូជាទៅវិញ។

ការថ្លែងបែបនេះរបស់គាត់ បានបង្កឱ្យមានប្រតិកម្មពីសំណាក់គ្រូពេទ្យ និងក្រុមគ្រួសារនៃអ្នកជំងឺ COVID-១៩ ជាខ្លាំង។ សមាជិកក្រុមការងារប្រយុទ្ធប្រឆាំង COVID-១៩ រដ្ឋ Maharashtra លោក Shashank Joshi បានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុក ដោយសំអាងលើការចោទប្រកាន់ របស់លោក Ramdev ថា ថ្នាំដូចជា Remdesivir និង Fabiflu ដែលត្រូវបានអនុម័ត ដោយអគ្គនាយកត្រួតពិនិត្យឱសថឥណ្ឌា បានបរាជ័យ ក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺកូវីដ-១៩ និងអះអាងថា អ្នកជំងឺរាប់លាននាក់ បានស្លាប់ដោយសារតែថ្នាំ allopathic ជាជាងការខ្វះអុកស៊ីសែន ថា៖ “ការធ្វើសេចក្តីថ្លែងការណ៍ ដែលមិនទទួលខុសត្រូវបែបនេះគឺខុស។ ថ្នាំ Remdesivir ជួយក្នុងការជាសះស្បើយ ផ្នែកវេជ្ជសាស្ត្រ ប៉ុន្តែ វាមិនមែនជាថ្នាំ ដែលជួយសង្គ្រោះជីវិតទេ។ វាក៏មិនជះឥទ្ធិពល [អាក្រក់] ដល់មនុស្សណាម្នាក់ដែរ ។ ការធ្វើសេចក្តីថ្លែងការណ៍បែបនេះ ទាក់ទងនឹងការធ្វើទុក្ខទោស ដល់មនុស្សទាំងអស់ គឺជាការខុស” ។

ចំណែកនៅក្នុងវីដេអូមួយទៀត ដែលរីករាលដាលកាលពីថ្ងៃច័ន្ទ កន្លងទៅ លោក Ramdev បានអះអាងថា គ្រូពេទ្យជាង ១ ម៉ឺននាក់ នៅក្នុងប្រទេសឥណ្ឌា បានស្លាប់ ទោះបីបានចាក់វ៉ាក់សាំងវ៉ាក់សាំងការពារវីរុសកូវីដ១៩ ទាំងពីរលើកក៏ដោយ។ នៅក្នុងវីដេអូ គេក៏បានមើលឃើញ គាត់ណែនាំដល់ហ្វូងមនុស្សដែលមានជំនឿ អំពីអត្ថប្រយោជន៍ នៃលំហាត់យូហ្គា ក្នុងការពង្រឹងសួតប្រឆាំងនឹងវីរុស។ គាត់ក៏បានអះអាងថា គាត់ជាវេជ្ជបណ្ឌិត “មិនមានសញ្ញាប័ត្រ ប៉ុន្តែមានទេវតា និងមានសេចក្តីថ្លៃថ្នូរ”។
តែយ៉ាងណា អ្នកជំនាញផ្នែកវេជ្ជសាស្រ្តឥណ្ឌានិយាយថា ប៉ុន្តែការខូចខាតពីសេចក្តីថ្លែងការណ៍ របស់លោក Ramdev បានធ្វើរួចទៅហើយ ដែលបានការបង្កើតឲ្យមានការភ័យខ្លាច និងការយល់ឃើញមិនពិតថា ថ្នាំ និងវ៉ាក់សាំង មិនមានប្រសិទ្ធភាព។
លោក Ramdev ដែលជាសហស្ថាបនិកនៃក្រុមហ៊ុន Patanjali Ayurveda ដែលជាក្រុមហ៊ុនផលិតផលិតផល ចម្រុះៗដ៏ធំ បានធ្វើខ្លួនជាអ្នកដឹកនាំ ខាងវិញ្ញាណតាមរយៈជំរុំយោគៈដ៏ធំមួយ។ គាត់បានទាក់ទាញអ្នកតាមដាន រាប់លាននាក់នៅទូទាំងប្រទេស និងក្នុងចំណោមជនអន្តោប្រវេសន៍ឥណ្ឌា ហើយគាត់ក៏ចាត់ទុកអ្នកនយោបាយ ដែលមានឥទ្ធិពលបំផុតរបស់ឥណ្ឌា នៅក្នុងគណបក្ស Bhartiya Janata ដែលកំពុងកាន់អំណាចថា ជាមិត្តភក្តិ និងអ្នកគាំទ្រទៀតផង។

គួរបញ្ជាក់ថា កាលពីឆ្នាំមុន លោក Ramdev បានព្យាយាមលក់ផលិតផលថ្នាំរុក្ខជាតិមួយ មានឈ្មោះថា Coronil ដែលអះអាងថាជា ថ្នាំព្យាបាលជំងឺ Covid-១៩ នៅទីបំផុត អាជ្ញាធរបានចុះបង្ក្រាប។ ក្រោយមក គាត់ត្រូវបានអនុញ្ញាតឲ្យផ្សព្វផ្សាយថ្នាំបំប៉ននេះថាជា “ប្រព័ន្ធការពារភាពស៊ាំ” និងបន្តលក់វាយ៉ាងទូលំទូលាយ។
ទោះយ៉ាងណា សមាគមគ្រូពេទ្យឥណ្ឌា (IMA) ចេញសេចក្តីជូនដំណឹង ទុកពេលឲ្យលោក Ramdev ចេញមកធ្វើការសុំទោស ជាសាធារណៈ ក្នុងរយៈពេល ១៥ ថ្ងៃ ចំពោះការចោទប្រកាន់ ដែលមិនសមហេតុផលប្រឆាំង នឹងគ្រូពេទ្យជំនាញបែបនេះ និងបានបញ្ជាក់ថា ពួកគេនឹងទាមទារសំណងចំនួន ១.០០០ រូពី (ស្មើជាង ១៣ ដុល្លារ)៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



