Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជំនាញចុះចាក់វ៉ាក់សាំង ការពារការឆ្លងរាលដាលជំងឺ “សាទឹក” ដល់សត្វគោក្របី កសិករនៅខេត្តស្ទឹងត្រែង

ស្ទឹងត្រែង ៖ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង ជំរុញដល់ជំនាញចុះអន្តរាគមន៍ចាក់ថ្នាំ បង្កាឆ្លងរាលដាលនៃជំងឺ “សាទឹក” ដល់សត្វគោក្របីអ្នកភូមិ។

ការចុះអន្តរាគមន៍ចាក់ថ្នាំការពារជំងឺនេះ គឺធ្វើឡើងចាប់ពីថ្ងៃទី១៩ខែឧសភា ដល់ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២១ ចាក់វ៉ាក់សាំង ដល់សត្វគោបានជាង៨០០ក្បាល និងក្របីជិត៣០ក្បាល។

លោកសេង ម៉េងហ័ង ប្រធានការិយាល័យផលលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បាននិយាយឱ្យដឹង នៅព្រឹកថ្ងៃទី២៧ខែឧសភានេះ ថាសត្វគោក្របីនៅខេត្តស្ទឹងត្រែង ពុំទាន់មានឆ្លងជំងឺ “សាទឹក” នេះទេ។ ហេតុនេះ ហើយបានជាមន្ត្រីជំនាញ ចុះចាក់ថ្នាំការពារជំងឺកាចសាហាវប្រភេទ “សាទឹក” បានជាច្រើនរយក្បាល មុនមានជំងឺផ្ទុះឡើង នៅតាមបណ្ដាស្រុក ក្រុង ជាបន្តទៀត ដោយយុទ្ធនាការនេះ មិនទាន់បានបញ្ចប់នៅឡើយ។

លោកសេង ម៉េងហ័ង បាននិយាយទៀតថា ការចុះអន្តរាគមន៍ចាក់ថ្នាំបង្កាជំងឺសាទឹកនេះ ក្នុងគោលបំណងកាត់បន្ថយ នៃអត្រាការឈឺងាប់សត្វគោក្របីប្រជាពលរដ្ឋ។ ដោយមានការយកចិត្តទុកដាក់ ពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ អគ្គនាយកដ្ឋានធនធានសត្វ និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ទើបខាងមន្ត្រីជំនាញ បន្តចុះចាក់វ៉ាក់សាំងការពារ។

លោកម៉េងហ័ង ក៏បានបញ្ជាក់ផងដែរថា អាការៈនៃជំងឺសាទឹក កើតឡើងលើសត្វគោក្របី យើងអាចសង្កេតឃើញថា សត្វវាឈឺហើមពោះ ហើមករ ហៀរទឹកមាត់។ បើសិនជាមិនបាន ចាក់វ៉ាក់សាំងការពារជំងឺសាទឹកនេះទេនោះ។ ពេលមានជំងឺប្រភេទនេះ កើតឡើងពិបាកក្នុងការព្យាបាល ដល់សត្វគោក្របី ដែលប្រជាពលរដ្ឋចិញ្ចឹម លែងតាមព្រៃធម្មជាតិ។

បន្ថែមពីនេះ លោកម៉េងហ័ង បាននិយាយថា ចាក់ថ្នាំបង្កាការពារជំងឺមិនឲ្យសត្វគោក្របី របស់ប្រជាពលរដ្ឋងាប់ ដោយសារជំងឺសារទឹក ធ្វើឲ្យពួកគាត់បង្កើត នូវសេដ្ឋកិច្ចគ្រួសារជីវភាពធូរធារ សង្គមរីកចម្រើន និងជួយសម្រាលបន្ទុក របស់រាជរដ្ឋាភិបាលផងដែរ។

អ្នកស្រីខាវ ខាំអន មេឃុំសាមឃួយ យល់ឃើញថា មន្ត្រីជំនាញរបស់មន្ទីរកសិកម្មខេត្តស្ទឹងត្រែង ចុះចាក់ថ្នាំបង្កាការពារជំងឺ ដល់សត្វគោក្របីនៅក្នុងឃុំរបស់គាត់ ប្រជាពលរដ្ឋពិតជារំភើបខ្លាំងណាស់ ពីព្រោះថាកន្លងមកប្រជាពលរដ្ឋចិញ្ចឹមសត្វពាហនៈ គោក្របីលែងតាមព្រៃធម្មជាតិ ទៅតាមទម្លាប់ហើយតែងតែ ជួបនឹងជំងឺរាតត្បាតកើតឡើង បណ្ដាលឱ្យងាប់ជារៀងរាល់ឆ្នាំ។ ពេលនេះប្រជាពលរដ្ឋ ក៏ដូចអ្នកស្រីសប្បាយរីករាយ និងសង្ឃឹមថាការចាក់វ៉ាក់សាំងការពារជំងឺគោក្របី ជូនប្រជាពលរដ្ឋក្នុងឃុំនេះ ក៏ដូចជានៅតាមស្រុកនានា ក្នុងខេត្តស្ទឹងត្រែងនឹងកាត់បន្ថយ នៃការឆ្លងដល់សត្វគោក្របី អ្នកស្រុកតទៅទៀត៕ រក្សាសិទ្ធិដោយ៖សំណាង

×