ភ្នំពេញ÷ បុរសម្នាក់ បានបើករថយន្តម៉ាក ford មួយគ្រឿង ក្នុងល្បឿនលឿនដល់ផ្លូវស្តុបបំបែកជា ៤ មិនប្រយ័ត្ន បានជ្រុលចង្កូតទៅបុករថយន្តហាយឡែនឌ័រ កំពុងបើកឆ្លងផ្លូវចំពាក់កណ្តាលទ្វារខាងស្តាំពេញទំហឹង បណ្តាលឲ្យរថយន្តហាយឡែនឌ័រប៉ើងឡើងលើសួនផ្លូវ និងរងរបួសស្ត្រីម្នាក់បញ្ជូនទៅមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ៤និង១៥នាទីនាទី ទៀបភ្លឺ ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវ ២១៧ ចំណុចជិតនឹងផ្សារថ្នល់បត់ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តហាយឡែនឌ័រមួយគ្រឿង ពណ៌ស្ករ ពាក់ផ្លាកលេខកំពង់ចាម 2-A 4374 បើកបរដោយពីរនាក់ប្តី និងប្រពន្ធបានធ្វើដំណើរតាមបណ្តោយផ្លូវ ២១៧ ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែគេឃើញមានរថយន្ត ford មួយគ្រឿងទៀត ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2-BI 5452 បើកបរដោយបុរសម្នាក់ ធ្វើដំណើរចេញពីបណ្តោយផ្លូវព្រៃសទិសដៅពីលិចមកកើតក្នុងល្បឿនលឿនទៅបុករថយន្តហាយឡែនឌ័រចំពាក់កណ្តាលទ្វារខាងស្តាំពេញទំហឹង បណ្តាលឲ្យស្ត្រីនៅក្នុងរថយន្តហាយឡែនឌ័ររងរបួសបញ្ជូនទៅមន្ទីរពេទ្យ។ ចំណែកឯម្ចាស់រថយន្ត ford បង្កវិញមិនមានរងរបួសនោះទេ រងការខូចខាតតែរថយន្តទាំងសង្ខាងយ៉ាងដំណំ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដោយភាគីទាំង២និយាយគ្នាមិនត្រូវក៏ទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ឲ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុយករយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោរង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ សាមេត