ភ្នំពេញ ៖ កងកម្លាំងនគរបាលខេត្តកោះកុង បានចាប់ខ្លួនជនខិលខូចឈ្មោះគឹម វ៉ាន់ធឿន នឹងបក្សពួកបានយកឈ្មោះលោកជំទាវហ៊ុន ស៊ីណាត ទៅប្រើប្រាស់ដើម្បីជាផលប្រយោជន៍របស់ខ្លួននឹងបក្សពួក គឺបានធ្វើសកម្មភាពផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋថា “ខ្លួនបានប្រមូលឯកសារ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ ឈ្មោះប្រជាពលរដ្ឋឃុំអណ្តូងទឹក ឃុំជីខលើ ស្រុកស្រែអំបិល និងមកពីក្រុងខេមរភូមមិន្ទ ថាគាត់ប្រមូលឯកសារឲ្យទៅ ឈ្មោះ ម៉ៅ អ៊ូច ភេទប្រុស ៣០៣ វរៈព្រំដែនគោក យកទៅជូនដល់លោកជំទាវ ហ៊ុន ស៊ីណាត ដើម្បីស្នើសុំគាត់កាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ។

លោកជំទាវ ហ៊ុន ស៊ីណាត ប្អូនស្រីសម្តេចតេជោ បានបញ្ជាក់ជូនចំពោះសាធារណជន និង បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកោះកុងថា មានជនខិលខូចឈ្មោះគឹម វ៉ាន់ធឿន នឹងបក្សពួកបានយកឈ្មោះនាងខ្ញុំហ៊ុន ស៊ីណាត ទៅប្រើប្រាស់ដើម្បីជាផលប្រយោជន៏របស់ខ្លួននឹងបក្សពួក។
មេធាវី សាយ ស្រីច័ន្ទ និងមេធាវី សុវណ្ណារ៉ា ជាសមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិកមេធាវី នៃក្រុមមេធាវី អេង អេន អេស ជាមេធាវីតំណាងដោយអាណត្តិ និងជាមេធាវីការពារសិទ្ធិជូន លោកជំទាវ ហ៊ុន ស៊ីណាត ។
មេធាវីការពារសិទ្ធិជូន លោកជំទាវ ហ៊ុន ស៊ីណាតបានជម្រាបជូនសាធារណជន ជាពិសេសបងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកោះកុងទាំងអស់ មេត្តាជ្រាបថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ មានជនខិលខូចឈ្មោះ គឹម វ៉ាន់ធឿន និងបក្សពួក បានធ្វើ សកម្មភាពផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋថា “ខ្លួនបានប្រមូលឯកសារ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ ឈ្មោះប្រជាពលរដ្ឋបានចំនួន២៧០គ្រួសារហើយ ក្នុងនោះមានឃុំអណ្តូងទឹក ភូមិជីរោះចំនួន១៣០គ្រួសារ មកពីឃុំជីខលើ ស្រុកស្រែអំបិល ២០គ្រួសារ និងមកពីក្រុងខេមរភូមមិន្ទចំខ្លួន៦០គ្រួសារ ថាគាត់ប្រមូលឯកសារឲ្យទៅ ឈ្មោះ ម៉ៅ អ៊ូច ភេទប្រុស ពី០៣ វរៈព្រំដែនគោក យកទៅជូនដល់លោកជំទាវ ហ៊ុន ស៊ីណាត ដើម្បីស្នើសុំគាត់កាត់ ឆ្វៀលជូនប្រជាពលរដ្ឋ”។
ពាក់ព័ន្ធនឹងខ្លឹមសារខាងលើនេះមេធាវីការពារសិទ្ធិជូន លោកជំទាវ ហ៊ុន ស៊ីណាត សូមបញ្ជាក់ជូនថា រាល់សកម្មភាព និងខ្លឹមសារខាងលើដែលធ្វើឡើង ដោយឈ្មោះ គឹម វ៉ាន់ធឿន និងបក្សពួក ពុំមានពាក់ព័ន្ធនឹង លោកជំទាវ ហ៊ុន ស៊ីណាត ទេ គឺជននេះ និងបក្សពួក ប្រឌិតឡើងក្នុងចេតនាទុច្ចរិត ដើម្បីធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ និងឆ្លៀតឱកាសទាញយកផលប្រយោជន៍ពី ប្រជាពលរដ្ឋ ដើម្បីបម្រើប្រយោជន៍ឲ្យបក្សពួកខ្លួនតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត លោកជំទាវ ហ៊ុន ស៊ីណាត ពុំដែលធ្លាប់ស្គាល់ ឬមានទំនាក់ទំនងអ្វីជាមួយនឹងបុគ្គលខាងលើនេះទេ ។
ដូចនេះ ដើម្បីជៀសវាងកុំឲ្យជននេះនៅតែបន្តសកម្មភាពយកឈ្មោះ លោកជំទាវ ហ៊ុន ស៊ីណាត ទៅប្រើប្រាស់ទាញយកផលប្រយោជន៍ផ្ទាល់ខ្លួនក្នុងចេតនាទុច្ចរិតណាមួយនោះ មេធាវីតំណាងដោយ អាណត្តិ និងជាមេធាវីការពារសិទ្ធិជូន លោកជំទាវ ហ៊ុន ស៊ីណាត សូមធ្វើការបដិសេធនូវរាល់សកម្មភាព និងខ្លឹមសារខាងលើរបស់ឈ្មោះ គឹម វ៉ាន់ធឿន និងបក្សពួក ចោលទាំងស្រុង។
មេធាវីតំណាងដោយអាណត្តិ និងជាមេធាវីការពារសិទ្ធិជូន លោកជំទាវ ហ៊ុន ស៊ីណាត សូមអរគុណដល់អាជ្ញាធរខេត្តកោះកុង ជាពិសេស លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត កោះកុង ដែលមានចំណាត់ការផ្លូវច្បាប់ភ្លាមៗទៅលើជនខិលខូចខាងលើនេះ។
បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបូទុមសាគរ បានបញ្ជាក់ថា ឈ្មោះ គីម វ៉ាន់ធឿន ថាគាត់ប្រមូលឯកសារឲ្យទៅឈ្មោះម៉ៅ អ៊ូច ភេទប្រុស ៣០៣វរៈព្រំដែនគោកយកទៅជូនដល់ ជំទាវហ៊ុន ស៊ីណាត ដើម្បីស្នើសុំគាត់កាត់ ជូនប្រជាពលរដ្ឋ ដោយស្នើសុំលុយក្នុងមួយឈ្មោះ៣០០$(បីរយដុល្លារ)សម្រាប់រត់ការណ៍ ៕ រក្សាសិទ្ឌិដោយ៖បញ្ញាស័ក្តិ


