ភ្នំពេញ ៖ អ្នកចម្រៀង និងជាតារាសម្ដែង លោកស្រី ស៉ិន ឧត្តមផល្លា បានទទួលមរណភាពហើយ ដោយសារជំងឺមហារីកខួរក្បាល។
តារាសម្តែង សាវិន ហ្វីលីព ដែលជាមិត្តសិល្បៈរួមអាជីពបានថ្លែងថា តារាចម្រៀង ស៉ិន ឧត្តមផល្លា បានទទួលមរណភាពនៅវេលាម៉ោង ៧និង៣០ ព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ដោយសារជំងឺមហារីក។

អ្នកនាង ស៉ិន ឧត្តមផល្លា បានរស់នៅជាមួយជំងឺមហារីកនេះរយៈពេល១ឆ្នាំមកហើយ ខណៈដំបូងឡើយ គឺមានជំងឺដុំសាច់កូនកណ្តុរនៅក (ក្រោមស្លឹកត្រចៀក) ប៉ុណ្ណោះ ពេលដែលទៅមន្ទីរពេទ្យពិនិត្យ គឺបង្ហាញថាដុំកូនកណ្តុរនោះ ជាដុំសាច់មហារីក ហើយក៏ព្យាបាលវះកាត់ចេញ និងមានអាការៈហាក់ប្រៀបបាននឹងជាសះស្បើយទៅហើយ បន្ទាប់ពីជានៅកន្លែងចាស់ វាក៏បានវិវត្តន៍ទៅស៉ីដល់ខួរក្បាល និងបានបង្កើតជាដុំសាច់មហារីក ក្នុងខួរក្បាលតែម្តង ដែលរហូតក្លាយជាដំណាក់ធ្ងន់ធ្ងរ។

អ្នកនាង ស៉ិន ឧត្តមផល្លា បានប្រឡូកក្នុងវិស័យសិល្បៈជាង២០ឆ្នាំមកហើយ ដោយប៉ុន្មានឆ្នាំចុងក្រោយនេះ លោកស្រីហាក់មានទស្សនិកជនស្គាល់ច្រើន និងមានប្រជាប្រិយភាពខ្លាំងឡើង ទោះបីជាវ័យកាន់តែជ្រេក្តី ដោយក្រៅពីច្រៀងបានទាំងភាសាអង់គ្លេស, ចិន និងខ្មែរផងនោះ អ្នកនាងមានសមត្ថភាពអាចសម្តែងរឿងផងដែរ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

