ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ឯកឧត្តម មូន ចេអ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួម កិច្ចប្រជុំកំពូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G) ដែលនឹងប្រព្រឹត្តិទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២១ នៅទីក្រុង សេអ៊ូល សាធារណរដ្ឋកូរ៉េ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបន្តថា ក្រោមមូលបទ «ការស្តារបៃតងឡើងវិញ ប្រកបដោយបរិយាប័ន្ន ដើម្បីសម្រេច បាននូវអព្យាក្រឹតភាពកាបូន» សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញថ្លែងសុន្ទរកថាលើប្រធានបទ «ការស្តារបៃតងឡើងវិញ ប្រកបដោយបរិយាប័ន្នពីជំងឺឆ្លងកូវីដ-១៩» នៅក្នុងសម័យប្រជុំកិច្ចសន្ទនារបស់ថ្នាក់ដឹកនាំ ដោយផ្តោតទៅលើទិដ្ឋភាពសំខាន់ៗ មួយចំនួន រួមមាន ១)ភាពចាំបាច់ក្នុងការកែសម្រួលគោលនយោបាយនិងធនធាន ដើម្បីអាចជម្នះដោយជោគជ័យលើជំងឺរាតត្បាតកូវីដ-១៩ ២)ផលប៉ះពាល់អវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុទៅលើសន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និង ៣)សារៈសំខាន់នៃការស្តារបៃតងឡើងវិញ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

សម្តេចតេជោ ហ៊ុន សែន ក៏នឹងចែករំលែកអនុសាសន៍ ប្រកបដោយអត្ថន័យទូលំទូលាយ និងប្រាកដ ដល់កិច្ចប្រជុំកំពូលផងដែរ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់ ក្រោយវិបត្តិជំងឺកូវីដ-១៩។
គួរកត់សម្គាល់ថា P4G ជាគំនិតផ្តួចផ្តើមសកល ដែលត្រូវបានដាក់ដំណើរនៅឆ្នាំ២០១៧។ គំនិតផ្តួចផ្តើមនេះ គឺជាវេទិកាពហុភាគីសម្រាប់រដ្ឋាភិបាល វិស័យធុរកិច្ច និងអង្គការសង្គមស៊ីវិល ធ្វើការរួមគ្នាដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងសម្រេចបានគោលដៅអភិវឌ្ឍប្រកប ដោយចីរភាព តាមរយៈការផ្តល់នូវដំណោះស្រាយប្រកបដោយនវានុវត្តន៍។ កិច្ចប្រជុំកំពូល P4G លើកទី២ នៅទីក្រុងសេអ៊ូល នឹងផ្តល់ឱកាសដល់សហគមន៍អន្តរជាតិអាចបង្ហាញការប្តេជ្ញាចិត្តរួមគ្នា ក្នុងការកសាងពិភពលោកដែលល្អប្រសើរ និងកាន់តែបៃតងឡើង ក្រោយវិបត្តិកូវីដ-១៩៕ រក្សាសិទ្ធិដោយៈ ចេស្តារ


