ភ្នំពេញ ៖ ជាការពិតណាស់ ព្រឹត្តិការណ៍ ២០ កុម្ភៈ ត្រូវបានចាត់ទុកថា ជាព្រឹត្តិការណ៍ឆ្លងសហគមន៍ ដែលមានលក្ខណៈអូសបន្លាយវែងជាងគេ និងធ្ងន់ធ្ងរបំផុត នៅក្នុងករណីឆ្លងកូវីដ១៩ ចាប់តាំងពីដំណាក់កាលដំបូង នៅក្នុងប្រទេសកម្ពុជា ដែលបណ្តាលឲ្យមានអ្នកឆ្លងរាប់ម៉ឺននាក់ និងអ្នកស្លាប់រាប់រយនាក់ហើយ។ ក្នុងនោះ ជំងឺកូវីដដ៏កំណាចក៏បានធ្វើឲ្យកុមារៗជាច្រើននាក់ និងលោកយាយលោកតា ឡើងឡានពេទ្យជាបន្តបន្ទាប់ទាំងមិនដឹងខ្លួន ដែលឃើញហើយគួរឲ្យសង្វេគចិត្តជាខ្លាំង។

ជាក់ស្តែង ដូចករណីមួយនេះអុីចឹង គឺប្រពន្ធលោកយាយលោកតាមួយគូ បានដឹកដៃគ្នាយ៉ាងកម្សត់ឡើងឡានសាមុយ ទៅមន្ទីរពេទ្យដើម្បីទទួលការព្យាបាលជំងឺដ៏កាចសាហាវនេះ បន្ទាប់ពីពួកគាត់ត្រូវបានធ្វើតេស្ត សំណាករកឃើញវិជ្ជមានកូវីដ១៩ តាមរយៈការរស់នៅប្រាស្រ័យទាក់ទងគ្នាក្នុងភូមិ។
តែទោះយ៉ាងណា ជាអកុសល លោកយាយឈ្មោះ រស់ យ៉ាន អាយុ ៨០ ឆ្នាំ ស្រាប់តែបានបាត់បង់ជីវិតដោយសារជំងឺមួយនេះ លាចាកលោកតាជាទីស្រឡាញ់ បន្យល់ទុកត្រឹមធាតុមួយកោដ្ឋ ដាក់កាបូបត្រឡប់មកផ្ទះវិញ ក្រោយលោកតាបានជាសះស្បើយ ដែលឃើញហើយស្ទើរស្រក់ទឹកភ្នែកតែម្តង។

សូមឱ្យវិញ្ញាណខ័ន្ធលោកយាយ បានទៅកាន់សុគតិភព និងក៏សូមប្រជាពលរដ្ឋខ្មែរយើង បន្តចូលរួមការពារទាំងអស់គ្នា អនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល និងពិសេសវិធានការ «៣ការពារ ៣កុំ» ឱ្យបានខ្ជាប់ខ្ជួន ដើម្បីឲ្យជំងឺកូវីដចង្រៃនេះ ឆាប់រលាយពីប្រទេសកម្ពុជា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




