ភ្នំពេញ ៖ ជឿជាក់ថាប្រិយមិត្តយ៉ាងច្រើន បានទទួលជ្រាបរួចហើយ ពីព័ត៌មានទាក់ទងនិងករណីយុវតីម្នាក់ បានរត់ចូលឡានគេឯងប៉ុនប៉ងធ្វើអត្តឃាត ស្ថិតនៅតាមណ្តោយផ្លូវសហព័ន្ធរុស្ស៊ី (ទល់មុខអគារទីស្តីការគណៈរដ្ឋមន្រ្តី) ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។
ក្នុងអំឡុពេលនោះផងដែរ យុវតីរូបនេះ បានប្រាប់ពីមូលហេតុដំបូងថា នាងមានវិបត្តិក្នុងគ្រួសារ ប៉ុន្តែ នៅពេលគេជជីកសួរនាំចុះឡើងៗ នាងក៏បានប្រាប់ថា នាងបានស្រឡាញ់គ្នាជាមួយបុរសម្នាក់ ប៉ុន្តែ ត្រូវបានម្តាយបដិសេធឲ្យពួកនាងរួមរស់ជាមួយគ្នាឡើយ ជាហេតុធ្វើឲ្យនាងតូចចិត្ត ក៏បានសម្រេចចិត្តមកចង់បញ្ចប់ជីវិតបែបនេះតែម្តងទៅ។

តែយ៉ាងណាមិញ ជុំវិញករណីនៃការប៉ុនប៉ងបញ្ចប់ជីវិតរបស់នាង ត្រូវបានគេដាក់ការសង្ស័យផងដែរថា អាចដោយសារនាងរងភាពអាម៉ាសខ្លាំង បន្ទាប់ពីរូបអាសអាភាសរបស់នាងជាមួយសង្សារ ត្រូវបានបែកធ្លាយ ព្រោះថា ស្របពេលដែលនាងមានរឿងហេតុនេះឡើង គេក៏ស្រាប់តែបានឃើញអតីតសង្សារចាស់របស់នាង បានចេញមកបកស្រាយថា បុរសក្នុងរូបនោះមិនជាមែនជារូបខ្លួននោះទេ គឺជាមនុស្សប្រុសផ្សេង (សង្សារថ្មីរបស់នាង)។

ដោយឡែក ក្រោយពីធ្វើការស៊ើបរកប្រវត្តិរបស់នាងជាច្រើនរួចមក ឃើញថាយុវតីខាងលើ មិនមែនជាក្មេងស្រីធម្មតានោះទេ គឺនាងជាតារាសម្តែងវ័យក្មេងដ៏មានទេពកោសល្យម្នាក់ និងមានសមត្ថភាពរកស៊ីលក់ផលិតផលអនឡាញដ៏ពូកែ មានឈ្មោះថា ជី ឈីងលីន។ ហើយលើសពីនេះ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ យុវតីតូចច្រឡឹងរូបនេះ ក៏ត្រូវបានដឹងថា ត្រូវជាចៅស្រីបង្កើតរបស់តារាកំប្លែងជើងចាស់ប្រចាំប្រទេសកម្ពុជា នាយកុយ ដោយនាងជាកូនស្រីរបស់នាយ កយ។

តែចំពោះរឿងរ៉ាវ ដែលឈានដល់នាង សម្រេចចិត្តមកធ្វើអត្តឃាតបែបនេះ គេហាក់ពុំឃើញខាងគ្រួសារឪពុករបស់នាង ជាពិសេសជីតារបស់នាង នាយ កុយ អើពើនោះទេ ឬ អាចដោយសារតែរូបនាងត្រូវបានក្រុមគ្រួសារលែងខ្វាយខ្វល់ ក៏ព្រោះតែនាងដើរនូវផ្លូវខុស ចំពោះរឿងមានស្នេហាទាំងវ័យក្មេងបែបនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង















