ភ្នំពេញ ៖ ការរីករាលដាលនៃជំងឺកូវីដ១៩ បានប៉ះពាល់វិស័យជាច្រើននៅទូទាំងពិភពលោក ក្នុងនោះ វិស័យទេសចរណ៍រងផលប៉ះពាល់ខ្លាំងជាងគេ ។ ដោយឡែកវិស័យធនាគារ ត្រូវបាន មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ប្រចាំប្រទេសកម្ពុជា បានលើឡើងថា នៅតែមានភាពមិនច្បាស់លាស់ ចំពោះសេដ្ឋកិច្ចកម្ពុជា និងវិស័យមួយចំនួននៅឡើយ។ ប៉ុន្តែេទន្ទឹមនិងនេះ ក្រុមអ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងធនាគារ នៅកម្ពុជា បានលើកឡើងថា វិស័យនេះ នៅតែមានស្ថានភាពរឹងមាំ និងបន្តជួយជំរុញកំណើនសេដ្ឋកិច្ចឱ្យឆាប់ងើបឡើងវិញ បើទោះបីជាមានរលកឆ្លងថ្មីកូវីដ-១៩ បាននិងកំពុងអូសបន្លាយនៅកម្ពុជាក៏ដោយ។

អ្នកជំនាញសេដ្ឋកិច្ចរបស់ IMF លោក Yasuhisa Ojima បានលើកឡើងនាថ្មីៗកន្លងទៅនេះថា IMF រំពឹងថា សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើង ៤,២ ភាគរយនៅឆ្នាំ២០២១នេះ និង ៦ ភាគរយនៅឆ្នាំ ២០២២ បន្ទាប់ពីការធ្លាក់ចុះ -៣,៥ ភាគរយនៅឆ្នាំ ២០២០ ។ ប៉ុន្តែទោះយ៉ាងណា ការព្យាករណ៍ អំពីកំណើននឹងត្រូវបានពិនិត្យឡើងវិញ ដោយឆ្លុះបញ្ចាំងពីការកើនឡើង នៃការឆ្លងវីរុសកូវីដ១៩នាពេលថ្មីៗនេះ ជាពិសេសបន្ទាប់ពីមានព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ។

ភាពរឹងមាំនៃវិស័យធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា ត្រូវបានលោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា លើកឡើងថា ទោះបីជាការឆ្លងរាលដាលនៃជំងឺកូវីដ១៩ក៏ដោយ វិធានការនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាធនាគារជាតិនៃកម្ពុជា បានធ្វើឲ្យវិស័យនេះ បន្តមានសុខមាលភាពល្អ ដែលជាឆ្អឹងខ្នងដ៏សំខាន់ ក្នុងការជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ។ វិធានការរបស់ ធនាគារ ជាតិ នៃកម្ពុជា គឺជាកត្តាដ៏សំខាន់មួយ ក្នុងការជួយជំរុញគាំទ្រឲ្យវិស័យ ធនាគារ និងហិរញ្ញវត្ថុកម្ពុជា អាចរក្សាជំហរ និងបន្ដកំណើនទៅមុខទៀតបាន។

គួរបញ្ជាក់ថា បើតាមអ្នកជំនាញ ការបន្ដអនុញ្ញាតឲ្យមានការរៀបចំឥណទានឡើងវិញ របស់ធនាគារជាតិនៃកម្ពុជា និងអាចជួយសម្រួលបានយ៉ាងច្រើនដល់ធនាគារ និងអតិថិជន ដែលនេះជាសញ្ញាណមួយល្អ សម្រាប់រក្សាកំណើនរបស់វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ បើទោះបីជាកម្ពុជា កំពុងស្ថិតនៅក្នុងកាលៈទេសៈដ៏លំបាក ដោយសារវិបត្តិជំងឺកូវីដ១៩ក៏ដោយ តែបើធៀបនឹងប្រទេសមួយចំនួនទៀត កម្ពុជានៅតែមានភាពល្អប្រសើរជាង ដោយអ្នកជំនាញរំពឹងថា នៅក្នុងឆ្នាំ២០២១នេះ សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនដូចការព្យាករណ៍របស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗមួយចំនួន៕
រក្សាសិទ្ធិដោយ៖CEN
