Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋាន «ក.ប.ប.» ជូនដំណឹងពីស្ថានភាពពុលស្រាកម្ពុជា ដោយមានវត្តមានសារធាតុមេតាណុល ក្នុងកម្រិតខ្ពស់ ដែលអាចបង្កគ្រោះថ្នាក់ដល់ស្លាប់

ភ្នំពេញ ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» សូមជូនដំណឹងស្តីពីស្ថានភាពពុលស្រានៅក្នុងព្រះរាជាណាចក្រកម្ពុជា ពោលគឺក្នុងរយៈពេលចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ មានកើតឡើងករណីពុលស្រា ជាបន្តបន្ទាប់ ចំនួន០៤លើកនៅខេត្ត ពោធិ៍សាត់ ក្រចេះ បន្ទាយមានជ័យ និងកំពង់ឆ្នាំង ដែលបង្កឱ្យ ប្រជាពលរដ្ឋចំនួន២៨នាក់ ស្លាប់បាត់បង់ជីវិត និងមានជនរងគ្រោះរាប់រយនាក់ផ្សេងទៀត រងផលប៉ះពាល់ដល់ សុខភាពត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំនៃក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ក្នុងរយៈពេលថ្មីៗនេះ ការពុលស្រា
បានកើតមានឡើងជាបន្តបន្ទាប់នៅតាមបណ្តាខេត្ត ដែលបណ្តាលឱ្យប្រជាពលរដ្ឋជាច្រើននាក់បានស្លាប់បាត់បង់ជីវិត និងរងគ្រោះត្រូវសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។

ជាក់ស្ដែងនៅក្នុងខែឧសភា ឆ្នាំ២០២១នេះ មានហេតុការណ៍ ពុលស្រាចំនួន០២លើកបានកើតឡើងជាបន្តបន្ទាប់ ដូចតទៅ៖

  • ហេតុការណ៍ទី០១ បានកើតឡើងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នៅភូមិសាវិកាកែវ ឃុំតាស្គរ ស្រុកល្វាឯម ខេត្តកណ្តាល ដែលបណ្តាលឱ្យប្រជាពលរដ្ឋចំនួន១២នាក់ ស្លាប់បាត់បង់ជីវិត និងមាន ប្រជាពលរដ្ឋជាច្រើននាក់ ត្រូវសម្រាកនៅមន្ទីរពេទ្យ។ យោងតាមលទ្ធផលវិភាគរបស់មន្ទីរពិសោធន៍អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម លើគំរូសំណាកស្រាថ្នាំ និងស្រាស ដែលប្រមូលបានពីទីតាំងកើតហេតុបានបង្ហាញថា គំរូសំណាកទាំងនោះមានវត្តមានសារធាតុមេតាណុល ក្នុងកម្រិតខ្ពស់ដែលអាចបង្កគ្រោះថ្នាក់ដល់ស្លាប់បាន។ កម្រិតមេតាណុលដែលបានរកឃើញក្នុងស្រាពុលទាំងនោះមាន៖ ស្រាថ្នាំ មានវត្តមានមេតាណុល ១១.៣០ % ស្រាស មានវត្តមានមេតាណុល ៧.៣០%។
  • ហេតុការណ៍ទី០២ បានកើតឡើងកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ នៅភូមិធ្នង់ ឃុំឬស្សី ស្រុកខាងកើត និងភូមិក្ខា ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ដែលបណ្តាលឱ្យ ប្រជាពលរដ្ឋចំនួន ១០នាក់ ស្លាប់បាត់បង់ជីវិត និងមានប្រជាពលរដ្ឋជាច្រើននាក់ ត្រូវសម្រាកនៅ មន្ទីរពេទ្យ។ យោងតាមលទ្ធផលវិភាគរបស់មន្ទីរពិសោធន៍អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម លើគំរូសំណាកដែលប្រមូលបានពីទីតាំងកើតហេតុ បានបង្ហាញថា ក្នុងចំណោមគំរូសំណាកស្រាស និង ស្រាថ្នាំចំនួន ៦ គំរូ មានស្រាថ្នាំចំនួន ៣គំរូ មានកម្រិតមេតាណុលខ្ពស់រហូតដល់ ១២% ដែលអាច បង្កគ្រោះថ្នាក់ដល់ជីវិតបាន។

សូមជម្រាបផងដែរថា ក្នុងរយៈពេលចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ មានកើតឡើងករណីពុលស្រា ជាបន្តបន្ទាប់ ចំនួន០៤លើកនៅខេត្ត ពោធិ៍សាត់ ក្រចេះ បន្ទាយមានជ័យ និងកំពង់ឆ្នាំង ដែលបង្កឱ្យ ប្រជាពលរដ្ឋចំនួន២៨នាក់ ស្លាប់បាត់បង់ជីវិត និងមានជនរងគ្រោះរាប់រយនាក់ផ្សេងទៀត រងផលប៉ះពាល់ដល់ សុខភាពត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ស្រា គឺជាសារធាតុស្រវឹងដែលបង្កផលប៉ះពាល់ដល់សុខភាពអ្នកបរិភោគជាប្រចាំ និងហួសកម្រិត ពិសេសជាងនេះទៀត នឹងបង្កផលប៉ះពាល់ដល់អាយុជីវិត ប្រសិនបើស្រានោះពុំបានផលិតឱ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសឬយកសារធាតុផ្សេងទៀតមកបន្ថែម មានដូចជាមេតាណុល ឬសារធាតុពុល ផ្សេងទៀតជាដើម។

ជាទូទៅ ស្រាសដែលផលិតដោយការបិត (Distillation) ពីអង្ករតាមលក្ខណៈបច្ចេកទេសងាយៗ ឬតាមលក្ខណៈបុរាណ អាចមានបរិមាណសារធាតុមេតាណុលក្នុងកម្រិតតិចតួចប៉ុណ្ណោះ។ ការរកឃើញ វត្តមានសារធាតុ មេតាណុលក្នុងកម្រិតខ្ពស់ដូចខាងលើ អាចបណ្តាលមកពីការទិញវត្ថុធាតុដើម (អាល់កុល) ដែលជាមេតាណុល មកលាយដើម្បីផលិតស។

ដើម្បីបញ្ចៀសពីគ្រោះថ្នាក់ដល់អាយុជីវិត អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សូមអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់មុននឹងទិញស្រាយកមកប្រើប្រាស់ ឬបរិភោគ សូមពិនិត្យនិង ជ្រើសរើសផលិតផលដែលមានស្លាកសញ្ញា និងប្រភពត្រឹមត្រូវច្បាស់លាស់។

សូមបងប្អូនអាជីវករ និងផលិតករដែលជាអ្នកផលិត និងកែច្នៃស្រាទាំងអស់ សូមផលិតតាមបច្ចេកទេស និងត្រូវបញ្ឈប់ការយកសារធាតុមេតាណុល ឬសារធាតុពុលផ្សេងៗទៀតមកបន្ថែម ដែលនាំឱ្យប៉ះពាល់ដល់ សុខភាព និងអាយុជីវិតប្រជាពលរដ្ឋ និងត្រូវប្រឈមមុខចំពោះច្បាប់ជាធរមាន៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×