នេះគឺជាខណៈពេលដ៏រន្ធត់មួយ ដែលក្មេងស្រីអាយុទើប ៨ ខែ ម្នាក់ ត្រូវបានវាយធ្វើបាប និងជាន់ឈ្លី កប់ៗនឹងកម្រាលឥដ្ឋ ដោយស្ត្រីអ្នកមើលថែចិត្តកំណាចម្នាក់ នៅតៃវ៉ាន់ ។
ខ្សែវីដេអូដែលបានផុស និងចែករំលែកនៅលើអ៊ីនធើរណេត បានបង្ហាញឲ្យឃើញស្ត្រីអាយុ ៥៧ ឆ្នាំ វាយធ្វើបាបក្មេងស្រីតូចនេះជាមួយកន្សែងពោះគោយ៉ាងសន្ធាប់ ដើម្បីឲ្យវាឈប់យំ ។
ស្ត្រីអ្នកមើលថែរូបនេះ បានអះអាងថា នាងគ្រប់គ្រងអារម្មណ៍ពុំបាន ព្រោះតែនាងឈឺចុកចាប់នៅត្រង់ជើងរបស់នាងខ្លាំងពេក ។
យោងតាម Liberty Times Net ហេតុការណ៍នេះបានផ្ទុះឡើង នៅពេលអ្នកស្រី Wu នាយកនៃមជ្ឈមណ្ឌលថែទាំកុមារ Bao Bei នៅក្នុងស្រុក Taichung ក្រុង Beitun បានរកឃើញស្លាកស្នាមជាំទាំងដុំៗនៅលើថ្ងាសរបស់ទារិការងគ្រោះ កាលពីថ្ងៃទី១៣ មីនា ។
អ្នកស្រី Wu បានឆែកវីដេអូកាមេរ៉ាឃ្លាំមើល និងរកឃើញសកម្មភាពវាយធ្វើបាបយ៉ាងសាហាវនេះ បានកើតឡើងនៅក្នុងថ្ងៃតែមួយ ។
វីដេអូបានបង្ហាញស្ត្រីអ្នកមើលថែនោះ បានយកដៃទះ រុញក្បាលកប់ៗនឹងកម្រាលឥដ្ឋ និងចាប់លើកអុកក្មេងស្រីរងគ្រោះនោះមួយទំហឹងៗ ។
Wu បានទូរស័ព្ទហៅឪពុកម្តាយរបស់ក្មេងស្រីរងគ្រោះទាំងយប់ នៅពេលហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង ។
អ្នកស្រីបានពន្យល់នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃទី១៥ មីនា ថា ស្ត្រីអ្នកមើលថែពេញសិទ្ធិរូបនេះ បានឈ្មោះថា Su បានកំពុងធ្វើការនៅក្នុងមជ្ឈមណ្ឌលមើលថែក្មេងនេះ អស់រយៈពេល១ឆ្នាំកន្លះ ដោយពុំដែលមានប្រវត្តិធ្វើទុក្ខទោសមកលើក្មេងបែបនេះនោះទេ ។
Su ត្រូវបានស្នើឲ្យឈប់ពីការងារ បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង ។
Su ក៏ត្រូវបាននាំយកទៅកាន់ប៉ុស្តិ៍ប៉ូលីស ដើម្បីសួរនាំអំពីរឿងរ៉ាវនេះ នៅថ្ងៃទី១៥ មីនា ផងដែរ ។ នាងបាននិយាយថា នាងទប់ចិត្តពុំបាន ខណៈមើលកូនក្មេងៗយំ ក្នុងពេលដែលកំពុងឈឺចុកចាប់ជើង ។ នេះបើ Apple Daily Taiwan បានបញ្ជាក់ឲ្យដឹង ។
ក្មេងស្រីអាយុ ៨ ខែ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួសជាំនៅលើថ្ងាសរបស់នាង ។ ហើយវាកំពុងស្ថិតក្នុងស្ថានភាពមួយដែលមានស្ថេរភាព ប៉ុន្តែ ត្រូវការតាមដានសុខភាពបន្ថែម ។
លោក Chen Jung-liang នាយករងនៃនាយកដ្ឋានសុខុមាលភាពសង្គម បានបញ្ជាក់ប្រាប់សារព័ត៌មាន Apple Daily Taiwan ថា ពួកគេបានទទួលយកករណីនេះ ហើយបានកំពុងបើកការស៊ើបអង្កេត។
ប្រសិនបើការរំលោភបំពាននេះត្រូវបានបញ្ជាក់ នោះ Su នឹងត្រូវប្រឈមការផាកពិន័យពី TWD $60,000 ទៅ 300,000 (២០៦០ ទៅ ១០៣០៣ ដុល្លារអាមេរិក) និងព្រមទាំងទទួលទោសជាប់ពន្ធនាគា ៣ ឆ្នាំ ផងដែរ ៕ ចន្ទី