ភ្នំពេញ ÷ បុរសម្នាក់បានបាត់បង់ជីវិត នៅនឹងកន្លែងភ្លាមៗ និងយុវជនជាអ្នកបង្កបានរងរបួសធ្ងន់ បន្ទាប់ពីយុវជនអ្នកបង្កជិះម៉ូតូលឿនពេក ជ្រុលទៅបុកម៉ូតូអ្នករងគ្រោះកំពុងបត់ឆ្លងផ្លូវ ចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យជនរងគ្រោះ ដួលបោកក្បាលនឹងថ្នល់ស្លាប់ ចំណែកអ្នកបង្ករងរបួសធ្ងន់ ត្រូវបានបញ្ជូនយកទៅសង្រ្គោះបន្ទាន់ ភ្លាមៗផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១០ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ១៥៤ ចំណុចជាប់និងសូរិយ៉ាម៉ល
ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សពជនរងគ្រោះ ឈ្មោះ ទ្រីហេង ភេទប្រុស អាយុជាង៣០ឆ្នាំ មុខរបរជាងជួសជុលទូរស័ព្ទ បច្ចុប្បន្នស្នាក់នៅម្តុំគីឡូត៍ម៉ែត្រលេខ៩ មានស្រុកកំណើត ក្នុងភូមិសូគង ស្រុកកងមាស ខេត្តកំពង់ចាម។

យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ CEN ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជាជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ1-AP 3805 ធ្វើដំណើរតាមបណ្តោយផ្លូវ១៥៤ ក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងបម្រុងឆ្លងផ្លូវ ស្រាប់តែភ្លាមនោះដែរ មានយុវជនម្នាក់ទៀត បានជិះម៉ូតូម៉ាកហុងដាទ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០២១ ធ្វើដំណើរតាមបណ្តោយផ្លូវ១៥៤ ទិសដៅបញ្រ្ចាសគ្នា ពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿន មកបុកម៉ូតូរងគ្រោះ ចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យជនរងគ្រោះ ខ្ទាតចេញពីម៉ូតូដួលបោកក្បាលនៅនឹងថ្នល់ ស្លាប់យ៉ាងអាណោចអាធ័ម។ ចំណែកឯម៉ូតូរងការខូចខាតទាំងសង្ខាង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងខាងជំនាញចរាចរណ៍ ចុះមកដល់រួចក៏បានធ្វើការវាស់វែង យកម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដូនពេញ រង់ចាំដោះស្រាយ នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ សា មេត









