Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផែនការណែនាំ ស្តីពីការចាត់តាំងរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ក្នុងគម្រប់ព្រះជន្ម ៨៥ យាងចូល ៨៦ ព្រះវស្សា

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានដាក់ចេញផែនការណែនាំ ស្តីពីការចាត់តាំងរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងគម្រប់ព្រះជន្ម ៨៥ យាងចូល ៨៦ ព្រះវស្សា។

ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការតាមក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត ព្រមទាំង ប្រជារាស្ត្រទូទាំងប្រទេស តែងប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយ សម្ដេចព្រះមហាក្សតី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និង សុភមង្គល ស្របតាមព្រះរាជប្បវេណីពីបុរាណ និងប្រពៃណីសាសនា។

ដើម្បីសម្តែងនូវកតញ្ញូតាធម៌ តបស្នងព្រះមហាករុណាទិគុណដ៏ធំធេង ដែលព្រះអង្គបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជារាស្ត្រ ជាកូនចៅ ចៅទូតរបស់ព្រះអង្គ ពិសេសលើវិស័យមនុស្សធម៌ អប់រំ សង្គមកិច្ច សុខុមាលភាពទូទៅ និងចូលរួម អបអរសាទរថ្វាយព្រះរាជសព្ទសាធុការពរបវរមហាប្រសើរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គ ក្នុងគម្រប់ព្រះជន្ម ៨៥យាងចូល ៨៦ព្រះវស្សា។

ឆ្នាំនេះព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១។

ដើម្បីរៀបចំព្រះរាជពិធីបុណ្យឱ្យប្រព្រឹត្តទៅស្របតាមព្រះរាជប្បវេ និងអនុវត្តតាមការណែនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា និងអនុវត្តវិធានការការពារនានារបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ និងការពារ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ គឺត្រូវពាក់ម៉ាស់ ធ្វើការវ៉ាស់កម្ដៅ ឆ្លងកាត់អាលកុល រក្សាអនាម័យ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលមួយម៉ែត្រកន្លះឡើង គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ សូមធ្វើការណែនាំដូចតទៅ

ក្រសួងព្រះបរមរាជវាំង , រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ឱ្យបានសមស្របទៅនឹងព្រះរាជប្បវេណី និងតាមការសព្វព្រះរាជហឫទ័យរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់។

រដ្ឋបាលរាជធានី ខេត្ត , ត្រូវរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ដោយមានតុបតែងលម្អដោយភ្លើងពណ៌ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក មានសារលិខិតថ្វាយព្រះពរ និងណែនាំមន្ទីរ អង្គភាព ខណ្ឌ ស្រុក ក្រុង ឃុំ សង្កាត់ គ្រឹះស្ថានសិក្សា សាលារៀន វត្តអារាម រោងចក្រ សហគ្រាស និងប្រជារាស្ត្រ ឱ្យលើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក ឱ្យបានគ្រប់អង្គភាព និងគ្រប់គេហដ្ឋាន។

រៀបចំកម្មវិធីចុះសួរសុខទុក្ខអ្នកមានជំងឺកំពុងសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យបង្អែក ដោយត្រូវ អនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងអនុវត្តវិធានការការពារនានារបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ និងការពារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ គឺត្រូវពាក់ម៉ាស់ ធ្វើការ វាស់កម្ដៅ ឆ្លងកាត់អាលកុល រក្សាអនាម័យ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលមួយម៉ែត្រកន្លះឡើង ៕
រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×