ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានចោរមួយក្រុម បានធ្វើសកម្មភាពឆក់យកកាបូបលុយ សរុបជាង៣០០ដុល្លារ យកទៅបាត់ តែក្រុមចោរបានបន្សល់ទុក នៅម៉ូតូមួយគ្រឿង ម៉ាកហុងដា BEAT ពណ៌សលាយខៀវពាក់ផ្លាកលេខ ភ្នំពេញ 1BC -8917 នៅកន្លែងកើតហេតុ។

ហេតុការណ៏ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវឌួង ងៀប ភូមិចុងថ្នល់ខាងលិច សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមការរៀបរាប់ពីស្ត្រីរងគ្រោះខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូមួយគ្រឿង ចេញពីផ្ទះបម្រុងនឹងទៅទិញម្ហូប លុះដល់ចំណុចផ្លូវស្ងាត់ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុម មានគ្នាប្រហែល៤នាក់ បានជិះម៉ូតូចេញមកធ្វើសកម្មឆក់ យកកាបូបលុយពីរូបគាត់ ភ្លាមៗនោះរូបគាត់ក៏បានស្រែកឆោឡោ ឲ្យគេជួយទើបចោរភ័យស្លន់ស្លោ រត់ចោលម៉ូតូមួយគ្រឿង នៅកន្លែងកើតហេតុតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានាំជនរងគ្រោះ មកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរបែកក្អម និងធ្វើការកំណត់មុខសញ្ញា ដើម្បីស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ផ្តន្ទាទោសតាមផ្លូវច្បាប់ នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖សួង សាម





