ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា នឹងបើកកិច្ចប្រជុំនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ សប្តាហ៍ក្រោយនេះ ដើម្បីពិនិត្យពិនិត្យជ្រើសរើសបេក្ខភាពប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីសុំការគាំទ្រពីរដ្ឋសភា ៥០% បូក ១។

បន្ទាប់ពីដំណើរការទទួលពាក្យបេក្ខជនឈរឈ្មោះ ជាបេក្ខភាពប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ គណៈកម្មាធិការអចិន្ត្រៃយ៏ នៃរដ្ឋសភា នឹងធ្វើការប្រជុំពិនិត្យលើបេក្ខភាពប្រធាន គ.ជ.ប នៅសប្តាហ៍ក្រោយនេះ បន្ទាប់ពីរើសបេក្ខភាពប្រធាន គ.ជ.ប បានហើយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានិងពិគ្រោះជាមួយគណបក្សដែលស្នើតែងតាំងលោកស៊ិក ប៊ុនហុក ឲ្យធ្វើជាប្រធាន គ.ជ.ប ពីមុនមក។
អគ្គលេខាធិការនិងជាអ្នកនាំពាក្យរដ្ឋសភាលោកឡេង ប៉េងឡុង បានមានប្រសាសន៍ថា ការទទួលពាក្យសុំឈរឈ្មោះ ជាបេក្ខជនប្រធានគ.ជ.ប គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែមិថុនា ។ លោកបន្តថា គិតចាប់ពី ថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែមិថុនា នេះ គឺមានបេក្ខជនចំនួន ៥រូបបានមកយកបែបបទទៅបំពេញ ដោយក្នុងនោះមានបេក្ខជនចំនួន ២រូប បានបំពេញបែបបទរួចរាល់ហើយ បានយកពាក្យមកដល់នៅអគ្គលេខាធិការដ្ឋានរដ្ឋសភាវិញ។

អ្នកនាំពាក្យរដ្ឋសភាបានបន្តថា គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ សប្តាហ៍ក្រោយនេះ ដើម្បីពិនិត្យពិនិត្យជ្រើសរើសបេក្ខភាពប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោកឡេង ប៉េងឡុង បានបន្តថា បេក្ខជនដែលដាក់ពាក្យ គឺគ្រប់អាយុ មានសញ្ជាតិខ្មែរ មានសញ្ញាបត្រឧត្តមសិក្សាអត់មាន គ្រួសារជាសាច់ញាតិប្រធានបក្ស អនុប្រធានបក្សនយោបាយ មិនដែលបានប្រព្រឹត្តអំពើឧក្រិដ្ឋ …។ ការទទួលពាក្យចាប់ ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែមិថុនា ដោយនឹងបញ្ចប់នៅម៉ោង ៥:៣០ល្ងាចថ្ងៃសុក្រ ទី១១ ខែមិថុនាគឺបិទបញ្ចប់នៃការចុះ ឈ្មោះហើយ។បន្ទាប់ពីនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងធ្វើការជ្រើសរើសបេក្ខជនដោយតម្លាភាពដោយចំហរ។ នៅពេលដែលជ្រើសរើសបានបេក្ខជនហើយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានិងពិគ្រោះជាមួយគណបក្សដែលស្នើតែងតាំងលោកស៊ិក ប៊ុនហុក ឲ្យធ្វើជាប្រធាន គ.ជ.ប ពីមុនមក។
សូមជម្រាបថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃទី៤ ខែមិថុនាបានអនុម័តយល់ព្រមលើសំណើលាឈប់ពី តួនាទី និងតំណែងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់លោក ស៊ិក ប៊ុនហុក និងបានអនុម័តយល់ព្រម នូវសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកំណត់បែបបទនិងនីតិវិធីនៃការជ្រើសរើសបេក្ខជនប្រធានគ.ជ.ប និងប្រគល់ ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីជូនដំណឹងជ្រើសរើសបេក្ខជនជាប្រធានគ.ជ.ប ជំនួសលោក ស៊ិក ប៊ុនហុក។ ការអនុម័តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានធ្វើឡើងបន្ទាប់ពីលោកលោក ស៊ិក ប៊ុនហុក បានដាក់ពាក្យសុំលាលែងទៅរដ្ឋសភាកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។
លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប បានមានប្រសាសន៍ថា ការសុំលាឈប់ពីប្រធានគ.ជ.ប របស់លោកគឺដោយសារតែលោកមានវ័យចាស់ និងមានបញ្ហាសុខភាព និងមិនអាចរ៉ាប់រងបាននូវការងារដ៏ធ្ងន់នៃការបោះឆ្នោត។ហេតុនេះទុកឲ្យអ្នកដែលពេញកម្លាំងគេធ្វើការងារនេះជំនួសវិញ។
ប្រធានគ.ជ.ប បានបញ្ជាក់ថា ដោយសារយើងវ័យចាស់ និងមានបញ្ហាសុខភាពខ្លះ ហើយទំហំការងារវាធំ និងស្មុគស្មាញខ្លាំង។ ហើយបើសុខភាពយើងមិនអាចធានាយើងស្គាល់ខ្លួនយើង បានសុំលាលែងពីប្រធានគ.ជ.ប៕ រក្សាសិទ្ធិដោយៈ ចេស្តារ