ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (កបទ.សអ) បានបើកកិច្ចប្រជុំស្តីពី «ការអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣» តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីស្ថានតំណាងកម្ពុជានៅបរទេសទាំងអស់ សភាពាណិជ្ជកម្មកម្ពុជា និងវិស័យឯកជន។ កិច្ចប្រជុំនេះ ដឹកនាំដោយលោកញឹម ខេមរា រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

កិច្ចប្រជុំនៅថ្ងៃនេះ គឺជាកិច្ចប្រជុំលើកទី២ ដែលកិច្ចប្រជុំលើកទី១ បានប្រព្រឹត្តទៅនៅថ្ងៃទី ០៩ ខែមិថុនា ឆ្នំា២០២១ និងបានអញ្ជើញបើកដោយ លោកអ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងកបទ.សអ។ កិច្ចប្រជុំនេះមានគោលបំណងសំខាន់ គឺដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងរដ្ឋ និងវិស័យឯកជន ជាពិសេស ដើម្បីជំរុញទំនាក់ទំនង ឱ្យកាន់តែជិតស្និទ្ធ រវាងស្ថានតំណាងកម្ពុជានៅបរទេស និងវិស័យឯកជននៅកម្ពុជា សំដៅជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
«យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣» (Economic Diplomacy Strategy 2021-2023) ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២១ សំដៅរួមចំណែកឱ្យសម្រេចបាន នូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ តាមរយៈការជំរុញពាណិជ្ជកម្មអន្តរជាតិ ការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ការលើកកម្ពស់វិស័យ ទេសចរណ៍ និងការជំរុញការផ្លាស់ប្តូរវប្បធម៌ និងកីឡា។

ថ្លែងក្នុងពិធីបើក លោកញឹម ខេមរា បានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់វិស័យឯកជន ដែលមិនអាចកាត់ផ្តាច់ បាននៅក្នុងការអនុវត្តការងារការទូតសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តម ក៏បានសង្កត់ធ្ងន់អំពីតួនាទី របស់ក្រសួងកបទ.សអ ក្នុងការសម្របសម្រួលការងារការទូតសេដ្ឋកិច្ច ជាមួយក្រសួង-ស្ថាប័នជាតិ និងវិស័យឯកជន ក្នុងន័យធ្វើឱ្យគ្រប់តួអង្គកាន់តែយល់ពីគ្នា និងសហការគ្នាកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាព។

បន្ថែមលើនេះ នៅក្នុងបទបង្ហាញអំពីការងារការទូតសេដ្ឋកិច្ច លោកអនុរដ្ឋលេខាធិការ ប្រាក់ ដាវីដ បានគូសបញ្ជាក់បន្ថែមថា សេដ្ឋកិច្ចកម្ពុជាគឺជាសេដ្ឋកិច្ចបើកចំហ ប៉ុន្តែវិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់យ៉ាង ខ្លាំងដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក និងទេសចរណ៍អន្តរជាតិ ដែលបណ្តាលឱ្យសេដ្ឋកិច្ចកម្ពុជា មានកំណើនអវិជ្ជមាននៅក្នុងឆ្នាំ២០២០។ ដើម្បីបន្តកំណើនសេដ្ឋកិច្ច កម្ពុជាចាំបាច់ត្រូវបន្ត ធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួនទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក តាមរយៈឧបករណ៍ដ៏មុតស្រួច របស់ខ្លួន គឺយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ អង្គប្រជុំបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់ក្រសួង កបទ.សអ ក្នុងការសម្របសម្រួលឱ្យមានកិច្ចប្រជុំនៅក្នុងព្រឹកនេះ។ អង្គប្រជុំបានឯកភាពគ្នាថា ការងារការទូតសេដ្ឋកិច្ច គឺជាការងាររួម ដែលគ្រប់ក្រសួង-ស្ថាប័នជាតិ និងវិស័យឯកជនត្រូវធ្វើការរួមគ្នា ហើយអង្គប្រជុំក៏បានឯកភាព ក្នុងការចាត់ឱ្យមានតំណាង១រូបមកពីគ្រប់ក្រសួង-ស្ថាប័នជាតិ និងវិស័យឯកជន ដើម្បីអាចចែករំលែកព័ត៌មានគ្នាទាន់ពេលវេលា និងមានប្រសិទ្ធភាព។

គួរកត់សម្គាល់ថា ការងារការទូតសេដ្ឋកិច្ច គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំង៥ នៃគោលនយោបាយការបរទេសកម្ពុជា ដែលត្រូវបានដាក់ចេញ ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា រួមមាន៖ ១) ការពារឯករាជ្យ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី អព្យាក្រឹត្យភាព រក្សាការពារឱ្យបានគត់មុតនូវសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់ និងឯកភាពសង្គម ២) បង្កើនមិត្តខាងក្រៅ ដោយឈរលើស្មារតីឯករាជ្យជាតិ ៣) ការងារការទូតសេដ្ឋកិច្ច ៤) បន្តគាំទ្រ និងពង្រឹងពហុភាគីនិយម និង ៥) លើកកម្ពស់គុណភាព ប្រសិទ្ធភាពការងារ និងការអភិវឌ្ឍសមត្ថភាពមន្រ្តីការទូតកម្ពុជា៕ រក្សាសិទ្ធិដោយ: ចេស្តារ

