ថ្មីៗនេះ ព្រះសង្ឃថៃមួយអង្គ បានចែករំលែកបទពិសោធន៍ដ៏មិននឹកស្មានដល់មួយ បានកំពុងធ្វើឲ្យប្រើប្រាស់បណ្តាញសង្គម មានការចាប់អារម្មណ៍ចង់ដឹងយ៉ាងខ្លាំង ក្រោយពីព្រះសង្ឃអង្គនោះបានជួបបញ្ហាសុខភាពធ្ងន់ធ្ងរភ្លាមៗ បន្ទាប់ពីបានប្រើប្រាស់ទឹកសាប៊ូបោកខោអាវ លាយជាមួយទឹកលាងសម្អាតបង្គន់។

ព្រះសង្ឃរូបនោះ បានរៀបរាប់ឲ្យដឹងថា កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ គាត់បានរៀបចំលាងបន្ទប់ទឹក ហើយបានយកទឹកសាប៊ូបោកខោអាវ Haiter និងទឹកលាងសម្អាតបង្គន់ម៉ាក Duck លាយបញ្ចូលគ្នា ព្រោះគិតថា ការលាយវត្ថុរាវទាំងពីរនេះចូលគ្នា នឹងមានប្រសិទ្ធភាពសំអាតកាន់តែខ្លាំង។ ប៉ុន្តែ វិធីនេះបែរជាខុស ព្រោះពេលចាក់លាយបញ្ចូលគ្នារួចហើយ ស្រាប់តែវាចាប់ផ្តើមមានក្លិនខ្លាំង ហើយក្លិនវាកាន់តែខ្លាំងឡើងៗតែម្តង។
ព្រះសង្ឃខាងលើ បានបន្តថា ឥទ្ធិពលនៃក្លិនរបស់វា បានធ្វើឲ្យគាត់ចាប់ផ្តើមមានអារម្មណ៍ក្រហាយច្រមុះ ថប់ណែនទ្រូងខ្លាំង ដកដង្ហើមចង់ផុតម្តងៗ វិលមុខចង់ក្អួត និងនិយាយគ្មានសំឡេងចេញមក។ បន្ទាប់ពីជួបអាការបែបនេះ គាត់ក៏បញ្ឈប់សម្អាត និងចេញពីបន្ទប់ទឹកមកក្រៅវិញ ដោយព្យាយាមស្វែងរកកន្លែងមានខ្យល់អាកាស ដើម្បីដកដង្ហើម និងអង្គុយសម្រាកមួយសន្ទុះ ហើយបន្ទាប់មក បានដាំទឹកក្តៅផឹក ហើយគិតថា ទៅដេកបន្តិច ប្រហែលនឹងធូរ ។ ប៉ុន្តែ ការគិតនេះគឺកាន់តែខុស ដោយទ្រូងរបស់គាត់ចាប់ផ្តើមអួលខ្លាំងទៅៗ។

ដោយមានការព្រួយបារម្ភខ្លាំង គាត់ក៏បានហៅឡាន ដឹកទៅកាន់មន្ទីរពេទ្យ Chulaongkorm តែម្តង។ ពេលមកដល់ គាត់ត្រូវបានបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ -ទីកន្លែងដែលគ្រូពេទ្យបានធ្វើការថតអេកូ, អ៊ុលត្រាសោន, ច្រោះឈាមយកពិនិត្យ និងថតកាំរស្មី X-ray។ បន្ទាប់មក គ្រូពេទ្យបានស្នើឲ្យគាត់ដេកមួយសន្ទុះ ហើយត្រួតពិនិត្យចង្វាក់បេះដូង និងអ៊ុលត្រាសោនរៀងរាល់១ម៉ោងម្តង។

បន្ទាប់មកអាការរបស់គាត់ចាប់ផ្តើមគ្រាន់បើឡើងវិញ គ្រូពេទ្យបានបញ្ជាក់ប្រាប់ថា ការយកវត្តុរាវទាំងពីរនេះចាក់លាយបញ្ចូលគ្នា គឺទឹកលាងសម្អាតបង្គន់ និងទឹកសាប៊ូ Haiter គឺពួកវានឹងបង្កដោយបង្កើតជាសារធាតុពុលយ៉ាងខ្លាំងភ្លាមៗតែម្តង ហើយប្រសិនបើស្រូបចូលយូរ និងមិនមកជួបពេទ្យទាន់ពេលវេលា នឹងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតជាក់ជាពុំខាន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង