Friday, July 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីតមន្ត្រីជាន់ខ្ពស់ អតីតគណបក្សសង្គ្រោះជាតិ ឆ្លើយដាក់គ្នារឿងបាត់លុយ មូលនិធិទូរទស្សន៍ព្រះអាទិត្យជាង ៧០ម៉ឺនដុល្លារ និងលុយគណបក្ស

ភ្នំពេញ ៖ អតីតមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ កំពុងតែឆ្លើយដោះសារយករួចខ្លួន និងឆ្លើយដាក់គ្នារឿងលុយមូលនិធិទូរទស្សន៍ព្រះអាទិត្យជាង ៧០ម៉ឺនដុល្លារ និងថវិការបស់គណបក្ស ត្រូវបានគេដកចេញពីគណនីធនគារ នៅក្រោយការចាប់ខ្លួនលោក កឹម សុខា កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ និងនៅមុនពេលគណបក្សត្រូវបានរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោកមុត ចន្ថា ដែលជាមនុស្សជំនិតលោកកឹម សុខា បានធ្វើលិខិតចំហរទៅលោកប៉ុល ហំម អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ រួមទាំងអតីតមន្ត្រីជាន់ខ្ពស់ចំនួន ២រូបទៀត គឺលោកអ៊ូ ច័ន្ទរ័ត្ន និងម៉ៅ មុនីវណ្ណ ឲ្យបញ្ជាក់រឿងលុយមូលនិធិទូរទស្សន៍ព្រះអាទិត្យជាង ៧០ម៉ឺនដុល្លារ និងថវិការបស់គណបក្សទាំងអស់ ត្រូវបានគេដកចេញពីគណនីធនគារ។

យោងតាមលិខិតចំហររបស់លោកមុត ចន្ថា ផ្ញើជូនលោក ប៉ុល ហំម អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន អតីតអភិបាលរង នៃគណៈអភិបាលក្រុមតំណាងសង្រ្គោះជាតិ និងលោក ម៉ៅ មុនីវណ្ណ អនុប្រធានគណៈកម្មាធិការប្រតិបត្តិ នៃគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងនាមខ្លួនលោកផ្ទាល់ជាអតីតសមាជិកគណៈកម្មាធិការនាយក និងជានាយកខុទ្ទកាល័យប្រធានអតីតគណបក្សសង្រ្គោះជាតិ សូមសរសេរមកលោកទាំងបី ក្នុងមុខតំណែងរបស់លោកជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិ ដែលមានវត្តនៅក្នុងប្រទេស នៅក្រោយការចាប់ខ្លួនរបស់លោក កឹម សុខា ប្រធានគណបក្ស នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ និងនៅមុនពេលគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយដោយអំណាចសាលដីការបស់តុលាការកំពូល នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោកបន្តថា សម្រាប់លោក ប៉ុល ហំម ជាអនុប្រធានគណបក្សសង្រ្គោះជាតិ ដែលមានវ័យច្រើនជាងគេ ដោយយោងតាមវិសោធនកម្មលក្ខន្តិកៈគណបក្ស ត្រូវមានភារកិច្ចសម្របសម្រួលនិងដឹកនាំអង្គប្រជុំរបស់គណៈកម្មាធិការអចិន្រ្តៃយ៍ រហូតដល់ថ្ងៃដែលគណបក្សត្រូវបានរំលាយ។ សម្រាប់ លោក អ៊ូ ច័ន្ទរ័ត្ន ជាគណៈអភិបាលរងមានភារកិច្ចសម្របសម្រួលការងារជាមួយក្រុមតំណាងរាស្រ្ត នៃគណបក្សសង្រ្គោះជាតិ។
សម្រាប់លោក ម៉ៅ មុនីវណ្ណ ជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិ ដែលត្រូវមានភារកិច្ចសម្របសម្រួល និងដឹកនាំកិច្ចការជាមួយរចនាសម្ព័ន្ធគ្រប់កម្រិតរបស់គណបក្សសង្រ្គោះជាតិ។
ហេតុដែលលោកត្រូវសរសេរមកលោកទាំងបី គឺព្រោះយោងតាមព័ត៌មានក្រៅផ្លូវការដែលទទួលបាន មូលនិធិទូរទស្សន៍ព្រះអាទិត្យនិងថវិការបស់គណបក្សទាំងអស់ ត្រូវបានគេដកចេញពីគណនីធនគារ នៅក្រោយការចាប់ខ្លួនលោក កឹម សុខា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ និងកំលុងពេល និងនៅមុនពេលគណបក្សត្រូវបានរំលាយ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

១-តើគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្ស នៅក្រោមការសម្របសម្រួលនិងដឹកនាំរបស់លោក ប៉ុល ហំម បានអនុម័ត ឬអនុញ្ញាតឱ្យមន្រ្តីណាទៅដកមូលនិធិទូរទស្សន៍ព្រះអាទិត្យ និងថវិការបស់គណបក្ស ចេញពីគណនីធនាគារ ដែរទេ?

២-តើលោកទាំងបី ដឹងថាអ្នកណាទទួលខុសត្រូវក្នុងការចុះហត្ថលេខាដកថវិកាទាំងអស់ចេញពីគណនីធនាគារ?

៣-តើលោកទាំងបី ដឹងថាមន្រ្តីណានៅក្នុងគណបក្សត្រូវបានប្រគល់សិទ្ធិជាផ្លូវការចុះហត្ថលេខាលើឯកសារធនាគារ ដូចជា «មូលប្បទានប័ត្រ» ឬ «cheque» ជាដើម ដើម្បីដាក់និងដកប្រាក់មូលនិធិទូរទស្សន៍ព្រះអាទិត្យ និងថវិការបស់គណបក្ស?

៤-បើសិនជាលោកទាំងបី បានដឹងអំពីការដកប្រាក់ទាំងអស់ចេញពីគណនីធនាគារ តើលោកបានដេញដោលសួរអំពីមូលហេតុដក និងថាតើគេយកសាច់ប្រាក់ទាំងនេះទៅណា?

៥-បើសិនជាលោកទាំងបី មិនដឹងថាមានគេទៅដកប្រាក់ទាំងអស់ចេញពីគណនីធនាគារ តើ ឯកឧត្តមទាំងបី ធ្លាប់បានសួរដេញដោលអំពីថវិកាទាំងនេះ ក្នុងរយៈពេលជិត ៦ឆ្នាំមកនេះទេ? បើបានសួរ តើសួរអ្នកណា និងតាមវិធីណា?

៦-បើសិនជាលោកទាំងបី មិនបានសួរដេញដោលអំពីឋានៈបច្ចុប្បន្ននៃមូលនិធិទូរទស្សន៍ តើមានមូលហេតុអ្វីដែល ឯកឧត្តមទាំងបី មិនសួរ?

៧-តើលោកទាំងបី ដឹងទេថាគណបក្សមានថវិកាប៉ុន្មាន តម្កល់ជាបញ្ញើនៅក្នុងគណនីធនាគារ ក្រៅពីមូលនិធិទូរទស្សជាង ៧០ម៉ឺនដុល្លារ?

៨-តើមូលនិធិទូរទស្សន៍ព្រះអាទិត្យនិងថវិការបស់គណបក្សដាក់បញ្ញើក្នុងគណនីធនាគារតែមួយ ឬគណនេយ្យធនាគារផ្សេងគ្នា?

៩-តើលោកទាំងបី ដឹងថាគណនេយ្យធនាគារត្រូវបានបើកនៅធនគារណាខ្លះ (ដោយមិនតម្រូវឱ្យបញ្ជាក់លេខគណនី)?

១០-តើលោកទាំងបី ដឹងទេថាបើសិនជាមូលនិធិទូរទស្សន៍ព្រះអាទិត្យជាង ៧០ម៉ឺនដុល្លារ មិនត្រូវបានគេដកចេញពីគណនីធនាគារ តើនឹងត្រូវទទួលអត្រាការប្រាក់ប៉ុន្មាន? ហើយបើសិនជាយកការប្រាក់បូកបង្គួរបន្ថែមទៀតនឹងត្រូវទទួលបានអត្រាការប្រាក់ប៉ុន្មាន?

១១-ប្រជាពលរដ្ឋខ្មែរបានចូលរួមបរិច្ចាគជាហ៊ុនក្នុងគម្រោងទូរទស្សន៍ព្រះអាទិត្យរបស់គណបក្សសង្រ្គោះជាតិ ដែលជាគម្រោងមានឈ្មោះ មានគោលបំណង គោលដៅ និងទិសដៅជាក់លាក់ ប៉ុន្តែនៅក្រោយថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ គម្រោងនេះត្រូវបានបញ្ចប់ ក្នុងន័យនេះ តើលោកទាំងបី យល់ថាមូលនិធិទូរទស្សរនេះគួរត្រូវបានប្រើប្រាស់សម្រាប់គោលបំណងអ្វីទៀតបានទេ ឬគួរបង្វែរមកជួយមូលនិធិសម្បុរសធម៌ ដូចជាមណ្ឌលកុមារកំព្រា មន្ទីរពេទ្យគន្ធបុប្ផា មន្ទីពេទ្យកុមារអង្គរ ជាដើម?

១២-បើសិនជាលោកទាំងបី បានដឹងថាមូលនិធិនិងថវិការបស់គណបក្សស្ថិតក្នុងដៃរបស់អតីតមន្រ្តីបក្សណាម្នាក់ តើលោកនឹងមានបំណងទាមទារបង្ហាញពីរបាយការណ៍ធនាគារ (bank statement) ដើម្បីឱ្យប្រាកដថាថវិកាទាំងអស់ត្រូវបានគេរក្សាទុកដោយសុវត្ថិនិងមិនបាត់បង់?

លោកមុត ចន្ថា បានបន្តថា ដើម្បីបញ្ជាក់ពីភាពស្អាត់ស្អំ សុចរិតភាព និងតម្លាភាព លោកយល់ថា ឯកឧត្តមទាំងបី គួរតែចេញមុខមកបញ្ជាក់ជាសាធារណៈ បើពុំសោតទេ អាចនឹងបង្កើតឱ្យមានមន្ទិលយ៉ាងខ្លាំងចំពោះ ឯកឧត្តមទាំងបី។ ម្យ៉ាងវិញទៀតលោក អ៊ូ ច័ន្ទរ័ត្ន បានបង្កើតគណបក្សនយោបាយថ្មី គឺ«គណបក្សកំណែទម្រង់កម្ពុជា» និងលោក ប៉ុល ហំម បានប្រកាសថានឹងទៅចូលរួមដឹកនាំគណបក្សនេះដែរ ដូច្នេះលោកទាំងពីរ គួរតែបញ្ជាក់ពីភាពស្អាតស្អំ ថា«ថវិកាទ្រទ្រងគណបក្សថ្មីនេះ»មិនមែនជាចំណែកណាមួយបានមកពីមូលនិធិទូរទស្សន៍ព្រះអាទិ្យ និងដើម្បីជាការទទួលខុសត្រូវចំពោះម្ចាស់មូលនិធី ផងដែរ។

លោកមុត ចន្ថា បានបន្តទៀតថា រូបលោកក៏ដូចប្រជាពលរដ្ឋមួយចំនួនកំពុងទន្ទឹងរង់ចាំការបញ្ជាក់របស់អ្នកទាំងបី គឺលោក ប៉ុល ហំម លោក អ៊ូ ចន្ទរ័ត និងលោក ម៉ៅ មុនីវណ្ណ។

ឆ្លើយតបទៅនិងការចោទសួរនេះ លោកប៉ុល ហំម និងលោកអ៊ូ ច័ន្ទរ័ត្ន បានបដិសេធមិនពាក់ព័ន្ធរឿងលុយមូលនិធិទូរទស្សន៍ព្រះអាទិត្យជាង ៧០ម៉ឺនដុល្លារ និងថវិការបស់គណបក្សនោះទេ ពីព្រោះលោកមិនមានតួនាទីអ្វីចាត់ចែងលុយទាំងនោះទេ។ ប៉ុន្តែអ្នកទាំងពីរបានឲ្យលោកមុត ចន្ថា ទៅសួរលោកកឹម សុខា លោកយឹម សុវណ្ណ ៣. ប្រធានគណៈកម្មការប្រតិបត្តិ និងលោកគី វណ្ណារ៉ា អគ្គហិរញ្ញឹក ដឹងហើយ។

លោកអ៊ូ ច័ន្ទរ័ត្ន បានថ្លែងប្រាប់រស្មីកម្ពុជាថា រឿងថវិកាមូលនិធិទូរទស្សន៍ព្រះអាទិត្យ មិនមានអីពាក់ព័ន្ធនិងតួនាទី មិនមានអីពាក់ព័ន្ធនិងតួនាទីរបស់លោក នៅក្នុងគណបក្សនោះទេ។ ហើយលោកមុត ចន្ថា ចង់ដឹងមានបុគ្គលបីនាក់មានឈ្មោះនៅលើគណនីនៃថវិកាគណបក្ស និងមូលនិធិទូរទស្សន៍ព្រះអាទិត្យ ទី១. លោកកឹម សុខា ទី២. អគ្គហិរញ្ញឹក និងទី៣. ប្រធានគណៈកម្មការប្រតិបត្តិ។ លោកគិតថា បទបញ្ជាផ្ទៃក្នុងចែងថា ពីរក្នុងចំណោមបី អាចដកសាច់ប្រាក់ធនាគារបានហើយ។ ប៉ុន្តែខ្លាចមានករណីមួយដែលថា ត្រូវតែអគ្គហិរញ្ញឹក ឬក៏ប្រធានគណៈកម្មការប្រតិបត្តិ បូកជាមួយនឹងប្រធានគណបក្សទើបអាចសាច់ប្រាក់នឹងបាន លោកមិនច្បាស់កន្លែងនឹង។

លោកបានបន្តថា ចំពោះតួនាទីរបស់លោកជាអភិបាលរង នៃក្រុមសភាសង្គ្រោះជាតិ និងជាសមាជិកអចិន្ត្រៃយ៍ និងជាអ្នកសម្របសម្រួលក្រុមតំណាងរាស្ត្រ និងព្រឹទ្ធសភា ។ ហើយចំពោះថវិកាទាល់តែមានការស្នើសុំ ដូចជាការចាយវាយធំដុំ អាចស្នើមកគណៈកម្មការនាយកដើម្បីសម្រេច ឬក៏អចិន្ត្រៃយ៍សម្រេចមុនគណៈកម្មការនាយក។ ដូច្នេះការសួររបស់លោកមុត ចន្ថា មកលើរូបលោករឿងថវិកានេះ ដូចជាមិនមានតួនាទីអីក្នុងការឆ្លើយតបទេ។ ប៉ុន្តែបើសិនជាចង់ឲ្យមានតម្លាភាព និងឲ្យមានប្រយោជន៍ លោកគិតថា បើសិនជាលុយនឹងនៅមែនគួរតែដាក់បរិច្ឆាគទៅមជ្ឈមណ្ឌលកុមារកំព្រា ជាពិសេសមន្ទីរពេទ្យគន្ធបុប្ឆាដែលមានប្រយោជន៍ដល់កុមារកម្ពុជារាប់ម៉ឺន រាប់សែននាក់ ដោយទី១.វាបានប្រយោជន៍ផង និងទី២. វាបានឆ្លុះបញ្ចាំងពីភាពស្អាតស្អំរបស់អតីតគណបក្សសង្គ្រោះជាតិផង។ ហើយថ្ងៃបើសិនជាទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋបែបនេះ ចង់បង្កើតទូរទស្សន៍ទៀត ពេលមានឱកាសស្នើសុំប្រជាពលរដ្ឋទៀត ទៅអ្នកចូលរួមគេច្បាស់ជាចូលរួមគាំទ្រទៀតហើយ។ ដូច្នេះមិនចាំបាច់រក្សាថវិកានឹងទុកធ្វើអីទេ ព្រោះជាថវិការួមរបស់ប្រជាពលរដ្ឋ។ ហើយចំពោះលោកមុត ចន្ថា លោកគួរតែយល់ដឹងរឿងនឹង ហើយគួរតែច្បាស់អំពីបញ្ហានឹងដែរ មិនគួរស្រពិចស្រពិលមកសួរលោក លោកប៉ុល ហំម និងលោកម៉ៅ មុនីវណ្ណ ព្រោះពេលគណបក្សសង្គ្រោះជាតិរំលាយមិនមានលិខិតតែងតាំងអ្នកណាម្នាក់ជំនួសតំណែងណាមួយទេ។
ហើយលោកមុត ចន្ថា នៅជាប់កៀកជាមួយលោកកឹម សុខា រហូតមកលោកគួរតែសួរទៅ ព្រោះលោកកឹម សុខា អាចនឹងដឹងហើយ។ ដូច្នេះលោកមិនមានតួនាទីទៅចាត់ចែងរឿងថវិកានឹងងទេ ហើយលោកមុត ចន្ថា នៅកៀកជាមួយលោកកឹម សុខា រហូតមកនឹង លោកគួរតែសួរទៅ ព្រោះលោកកឹម សុខា អាចនឹងដឹងហើយអ្នកណាដកមិនដក គឺដឹងហើយ។

ចំណែកលោកប៉ុល ហំម បានឲ្យដឹងថា លោកមិនដឹងថា លោកមុត ចន្ថា សួរនេះមានបំណងអ្វីទេ ! ប៉ុន្តែគាត់ដឹងហើយថា លោកមិនមានសិទ្ធិចុះហត្ថលេខាលើសែក ដើម្បីបើកលុយទេ ទាំងលុយគណបក្ស និងលុយនិធិទូរទស្សន៍ព្រះអាទិ្យក៏ដោយ។

លោកបានបញ្ជាក់ថា “ក្នុងនាមអនុប្រធាន នៅពេលដែលលោកកឹម សុខា គាត់មានបញ្ហាគេយកទៅត្រពាំងផ្លុង ខ្ញុំក៏អត់មានបានតួនាទីជាប្រធានស្តីទីដែរ ពីព្រោះខាងគណបក្សសង្គ្រោះជាតិ អាចមាននាទីជាប្រធានស្តីទីលុះត្រាប្រធានផ្ទេរសិទ្ធិជាលាយល័ក្ខអក្សរ។ ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយក៏ពេលដែលគាត់ (កឹម សុខា) ខ្ញុំគ្រាន់តែដឹកនាំកិច្ចការងារប្រចាំប៉ុណ្ណឹងទេ ។ ហើយមានរយៈពេលវែងឯណាក្រោយពេលដែលគេចាប់លលោកកឹម សុខា ទៅ មួយរយៈពេលខ្លីមកមានការរំលាយគណបក្ស។ ហើយក្នុងតួនាទីជាប្រធានគណៈកម្មការនាយក ក៏ដូចជាអនុប្រធាន គឺខ្ញុំគ្មាននាទីអីចាត់ចែងកិច្ចការលុយកាក់ទេ”។
រីឯលោកម៉ៅ មុនីវណ្ណ មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទមិនមានអ្នកទទួល៕ រក្សាសិទ្ធិសដោយៈ ចេស្តារ

×