ភ្នំពេញ ៖ ប្រមមុខការពារជាតិកម្ពុជា បានប្រតិកម្មតបចំពោះការចោទប្រកាន់ គ្មានការពិត ពីសំណាក់អនុព័ន្ធយោធាអាមេរិកថា មន្រ្តីយោធាកម្ពុជា មិនបានអនុញ្ញាតឲ្យអនុព័ន្ធយោធាអាមេរិក ទៅមើលគ្រប់កន្លែង នៅក្នុងមូលដ្ឋានកងទ័ពជើងទឹក គឺជាការបំផ្លើស និងមួលបង្កាច់គ្មានការពិត។

ការប្រតិកម្មតបនេះ បានធ្វើឡើងបន្ទាប់ពីអនុព័ន្ធយោធាអាមេរិកប្រចាំ នៅកម្ពុជា បានចុះពិនិត្យមើលមូលដ្ឋានកងទ័ពជើងទឹករាម នៅខេត្តព្រះសីហនុ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នេះ បន្ទាប់ពីមានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែពេលចុះទៅពិនិត្យនេះ ទាហានអាមេរិក បានព្យាយាមរុករកពីកន្លែងមួយ ទៅកន្លែងមួយ រហូតហួសអំពីសំណើរបស់ខ្លួន ដែលស្នើសុំចុះទស្សនកិច្ច ព្រមទាំងចេញសេចក្តីថ្លែងការណ៍ ចោទប្រកាន់ថា មន្រ្តីយោធាកម្ពុជា មិនបានអនុញ្ញាតឲ្យលោកអនុព័ន្ធយោធា ទៅមើលគ្រប់កន្លែង នៅក្នុងមូលដ្ឋានកងទ័ពជើងទឹក។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ប្រាប់ CEN ថា ការចោទប្រកាន់របស់ភាគីអាមេរិក គឺជាការនិយាយមួលបង្កាច់ និងមិនមានការពិតត្រឹមត្រូវនោះទេ។ ហើយអ្វីដែលមិនបានតាមបំណងរបស់គេ គេចេះតែនិយាយបំផ្លើស និយាយមួលបង្កាច់ បំផ្លើសនេះ បំផ្លើសនោះ តែនេះជារឿងរបស់គេ តែរឿងរបស់យើង យើងក៏មានសិទ្ធិបកស្រាយ ដោះស្រាយបញ្ហាតាមរបៀបយើងដែរ។

សម្តេចពិជ័យសេនាបានបញ្ជាក់ថា អនុព័ន្ធយោធាអាមេរិក បានចុះទៅពិនិត្យមើលទីតាំងកំពង់ផែរាមរួចហើយ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ នេះ ដោយមន្ត្រីកម្ពុជា ដែលនាំអនុព័ន្ធយោធាអាមេរិក ចុះទៅកំពុងតែបកស្រាយចំពោះការកើតរឿងថ្មីៗ និងការចោទប្រកាន់របស់អាមេរិក។
សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា នៅពេលដែលលោកស្រីអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ បានសំណូមសុំឲ្យអនុព័ន្ធយោធា របស់អាមេរិក ចុះទៅពិនិត្យនៅកំពង់ផែរាម របស់កម្ពុជា គឺសម្តេចនាយករដ្ឋមន្ត្រី បានឯកភាពនិងអនុញ្ញាត ឲ្យអនុព័ន្ធយោធា របស់អាមេរិកចុះទៅកំពង់ផែរាម ហើយការចុះទៅនេះគឺមិនមានបញ្ហាអ្វីទេ។

ទាក់ទងការចុះទៅពិនិត្យមើលមូលដ្ឋានកងទ័ពជើងទឹករាម នៅខេត្តព្រះសីហនុ របស់អនុព័ន្ធយោធាអាមេរិក ស្ថានទូតអាមេរិកនៅថ្ងៃទី១១ ខែមិថុនា នេះ បានចេញសេចក្តីថ្លែងការណ៍ថា អនុព័ន្ធយោធារបស់ស្ថានទូតអាមេរិក គឺលោកវរសេនីយឯក Marcus M. Ferrara ដោយឆ្លងតាមការសម្របសម្រួល ជាមួយអាជ្ញាធរកម្ពុជា បានធ្វើដំណើរទៅរាម នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។ នៅក្នុងពេលទស្សនកិច្ចដ៏ខ្លី នោះ មន្រ្តីយោធាកម្ពុជា មិនបានអនុញ្ញាតឲ្យលោកអនុព័ន្ធយោធា ទៅមើលគ្រប់កន្លែង នៅក្នុងមូលដ្ឋានកងទ័ពជើងទឹក នោះទេ។ទស្សនកិច្ចជាធម្មតា និងញឹកញាប់ របស់អនុព័ន្ធយោធា របស់សហរដ្ឋអាមេរិក និងអនុព័ន្ធយោធា បរទេសដទៃទៀត នៅមូលដ្ឋានកងទ័ពជើងទឹករាម អាចជាជំហានមួយយ៉ាងសំខាន់ ឆ្ពោះទៅរកតម្លាភាព និងការទុកចិត្តគ្នាទៅវិញទៅមក បានច្រើន៕ រក្សាសិទ្ធិដោយៈ ចេស្តារ





