ភ្នំពេញ ÷ បុរស២នាក់បានបើករថយន្តកូរ៉េដឹកទឹកកក មួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតទៅបុកបង្គោលភ្លើងមួយដើម បាក់រាបដល់ដី រួចបន្តទៅបុកចូលរោងជួសជុលម៉ូតូមួយតូបទៀត បណ្តាលឲ្យដួលរលំបាក់គ្មានសល់។ សំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៧ និង ៤០ នាទីយប់ត្រូវនឹងថ្ងៃទី១១ ខែមិថុនាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវក្រេនភ្នំពេញ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ
រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តកូរ៉េដឹកទឹកកកមួយគ្រឿង ពណ៌សពាក់ផ្លាកលេខភ្នំពេញ3-E 6861 បើកបរដោយបុរសពីរនាក់ ធ្វើដំណើរតាមបណ្តោយផ្លូវក្រេនភ្នំពេញ ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿន ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅបុកបង្គោលភ្លើង បាក់រួចបន្តទៅបុករោងជួសជុលម៉ូតូ បណ្តាលឲ្យរងការខូចខាតទាំងស្រុង ចំណែកឯតៃកុងរថយន្តបង្ក ត្រូវប្រជាពលរដ្ឋ ឃាត់ឲ្យនៅកន្លែងកើតហេតុ រង់ចាំការដោះស្រាយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចឲ្យពិនិត្យជុំវិញកន្លែងកើតហេតុ ក្រោយមកក៏មានតំណាងរថយន្តបង្ក ចុះមកចរចា និងសងជាសំណង ទៅលើបង្គោលភ្លើង និងរោងជួសជុលម៉ូតូបញ្ចប់រឿង នៅកន្លែងកើតហេតុតែម្តងទៅ៕ រក្សាសិទ្ធិដោយ៖សា មេត

