ភ្នំពេញ ÷ ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង និងសម្ភារមួយចំនួន ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង បង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យ ចុះមកជួយបាញ់ពន្លត់ភ្លាមៗ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឮសូសំឡេងផ្ទុះចេញ ពីក្នុងផ្ទះដែលនៅកណ្តាលគេ រួចក៏ឃើញមានអណ្តាលភ្លើងឆេះ សន្ធោសន្ធៅរាលដាលទៅលើផ្ទះ២ទៀត នៅជាប់ៗគ្នា ពួកគាត់បានស្រែកឆោឡោ ហៅអ្នកជិតខាងជួយទាញទុយោទឹក និងធុង ជួយដងជះទប់ស្កាត់ បន្ទាប់មកក៏រាយការណ៍ទៅសមត្ថកិច្ច សុំរថយន្តពន្លត់អគ្គិភ័យឲ្យចុះមកជួយបាញ់ពន្លត់ ឲ្យរលត់ទៅវិញ។

ក្រោយពេលបាញ់ពន្លត់ ដោយបញ្ជាក់ពីសមត្ថកិច្ចនៅកន្លែងកើតហេតុ ឆេះផ្ទះឈើប្រក់ស័ង្កសី
ចំនួន៣ខ្នង និងសម្ភាស្ទើរទាំងស្រុង។
ករណីអគ្គិភ័យឆេះផ្ទះនេះ មិនមានអ្នកស្លាប់ មិនមានអ្នករបួស និងមានរថយន្តពន្លត់អគ្គិភ័យ មកដល់កន្លែងកើតហេតុ ជួយបាញ់ពន្លត់២គ្រឿង៕ រក្សាសិទ្ធិដោយ៖សា មេត





