ភ្នំពេញ ៖ លោកយាយម្នាក់ ត្រូវបានក្រុមគ្រួសារមួយក្រុម ព្រួតគ្នាវាយយ៉ាងចាស់ដៃ បណ្តាលឲ្យបែកក្បាល ហូរឈាមជោកជាំពេញក្បាល។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅក្នុងផ្សារសឡា ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះខាងលើ មានឈ្មោះ ជៀន រដ្ឋា ភេទ ស្រី អាយុ៥៩ឆ្នាំ ស្នាក់នៅក្រុម២ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។
តាមការរៀបរាប់ពីស្ត្រីរងគ្រោះខាងលើ បានប្រាប់ឲ្យដឹងថា កាលពីឆ្នាំមុនរូបគាត់ និងភាគីគូរទំនាស់ធ្លាប់ឈ្លោះប្រកែក ទំនាស់ពាក្យសម្តីគ្នា ម្តងរួចមកហើយ ហើយភាគីខាងលើនេះ ក៏ធ្លាប់ប្រើអំពើហិង្សាមកលើរូបគាត់ម្តងរួចមកហើយ តែគាត់ក៏បញ្ចប់រឿង និងមិនបានប្តឹងផ្តល់ ដល់សមត្ថកិច្ចនោះទេ។

លុះនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ ស្ត្រីរងគ្រោះបានមកសុំជួលកន្លែងគេកក់សាប៊ូ នៅផ្សារសូឡា សុខៗ ស្រាប់តែលេចមុខក្រុមគ្រួសារមួយក្រុម ប្រដាប់ដោយដង្កាប់ និងកាំបិត បានឆ្មក់មកវាយក្បាលគាត់ ពីក្រោយបណ្តាលឲ្យហូរឈាមជោកជាំពេញខ្លួនប្រាណ ហើយភ្លាមៗនោះដែរ ស្ត្រីខាងលើ ក៏បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ឲ្យជួយអន្តរាគមន៍ដល់រូបគាត់ផង គាត់បានបង្ហើបថា ក្រុមគ្រួសារដែលវាយគាត់នោះ មានប្តីជាឧត្តមសេនីយ៍ផ្កាយមួយម្នាក់ ដែលជាអ្នកកាងឲ្យប្រពន្ធឈ្មោះគន្ធា វាយធ្វើបាបគាត់។
ចំពោះករណីខាងលើនេះ ក្រុមការងារមិនអាចទំនាក់ទំនង ទៅភាគីម្ខាងទៀតបានឡើយ ដោយសារគ្មានលេខទូរស័ព្ទទំនាក់ទំនង៕ រក្សាសិទ្ធិដោយ៖សួង សាម

