ថ្មីៗនេះ នារីវ័យជំទង់ម្នាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំង បន្ទាប់ពីបានឃើញវីដេអូមួយដែលបង្ហាញនាងនៅព្រលានយន្តហោះ ត្រូវបានផុសកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១។

យោងតាម Tribun Timur បានឲ្យដឹងថា យុវតីរូបនោះមានចង់ហោះហើរពី Jambi ទៅកាន់ Jakarta ក្នុងគោលបំណងដើម្បីទៅជួបក្មេងប្រុសម្នាក់ ដែលនាងបានស្គាល់គ្នា តាមរយៈហ្គេមអនឡាញដ៏ពេញនិយមមួយដែលមានឈ្មោះថា Free Fire។
តែយ៉ាងណាមិញ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺយុវតីខាងលើ ត្រូវបានដឹងថា នាងបានលក់ម៉ូតូឪពុករបស់នាង ក្នុងតម្លៃ ២០ លានរូពី (ស្មើនឹង ១៤០០ ដុល្លារ) ដើម្បីទិញសំបុត្រយន្តហោះទៅកាន់ទីក្រុង Jakarta។ នៅពេលទៅដល់ព្រលានយន្តហោះ នាងក៏បានទាក់ទងក្មេងប្រុសនោះ ប៉ុន្តែ ក៏ស្រាប់តែក្មេងប្រុសបានប្រាប់ថា រូបគេមិនចង់ជួបនាងវិញទេ។ ក្រោយពីបានឮបែបនេះ នាងបានធ្លាក់ថ្លើមក្ឌុក ស្រុតជង្គង់ចុះដី ទ្រហ៊ោយំ ផ្អើលដល់អ្នកដំណើរ មកចោមរោមព្រោងព្រាតតែម្តង។

អ្នកលក់ម្នាក់មានឈ្មោះ Monik បន្ទាប់មក បានទៅកាន់នាង និងបានសួរថា តើមានរឿងអ្វីដែរ?។ នៅពេលនោះ ក្មេងស្រីជំទង់បានប្រាប់ Monik នូវអ្វីដែលបានកើតឡើង ក្នុងនោះសូម្បីទម្លាយឲ្យដឹងរឿង ដែលនាងបានយកម៉ូតូឪពុកលក់ ដើម្បីទិញសំបុត្រយន្តហោះ ទៅកាន់ចាកាតា។

មិនត្រឹមតែប៉ុណ្ណឹងទេ ក្មេងស្រីរូបនេះ សូម្បីនិយាយថា នាងនឹងហ៊ានទៅកាន់ទីក្រុងចាកាតា តែម្នាក់បានទៀតផង។ ប៉ុន្តែ សំណាងហើយ ដែលវីដេអូនេះ ត្រូវបានរីករាលដល់លេចឮដល់គ្រួសាររបស់នាង មករារាំងទាន់ពេលវេលា។ បុគ្គលិកនៅក្នុងព្រលានយន្តហោះ ត្រូវបាននិយាយថា ពួកគេក៏មានការសង្ស័យ ទៅលើក្មេងស្រីនោះ ព្រោះនាងមកកាន់អាកាសយានដ្ឋាន ដោយពុំមានគ្រួសារមកជាមួយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





