ភ្នំពេញ ៖ អាជ្ញាធរខណ្ឌដូនពេញ បានចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈរថយន្តគួកជេ និងរថយន្តដែលបានមកចតចោល នៅលេីទ្រូងផ្លូវ និងចិញ្ចេីមផ្លូវ និងទ្រូងផ្លូវសាធារណៈ បណ្តាលឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណ: បង្កការកកស្ទះចរាចរណ៍និងសោភ័ណភាពរាជធានីភ្នំពេញ ដោយបានចាប់រថយន្តចំនួន ២៧គ្រឿង អូសស្ទូច និងដកហូត យកមករក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញ។

នៅថ្ងៃសៅរ៍ទី១២ ខែមិថុនា ឆ្នាំ ២០២១ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញដឹកនាំដោយ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញ និងដោយមានការចូលរួម ពីលោកប្រធានការិយាល័យសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក លោកស្រី អភិបាលរងនៃគណៈអភិបាលខណ្ឌ ដូនពេញ លោកអធិការនគរបាលខណ្ឌដូនពេញ លោកអធិការរង លោកមេបញ្ជាការ លោកមេញ្ជាការរងរាជអាវុធហត្ថខណ្ឌដូនពេញ លោកនាយក នាយករងរដ្ឋបាល លោក ប្រធានការរិយាល័យនានាជុំវិញខណ្ឌ បានចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈរថយន្តគួកជេ និងរថយន្តដែលបានមកចតចោលនៅលេីទ្រូងផ្លូវ និងចិញ្ចេីមផ្លូវ និងទ្រូងផ្លូវសាធរណៈបណ្តាលឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណ: បង្កការកកស្ទះចរាចរណ៍និងសោភ័ណភាពរាជធានីភ្នំពេញ។
ជាលទ្ធផល រថយន្តចំនួន ២៧គ្រឿង ត្រូវបានស្ទូច និងដកហូតយកមករក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញរួមមាន៖១/រថយន្តគួកជេរចំនួន ១៧គ្រឿង ២/រថយន្តសំចតសម្រាប់ជួលចំនួន៥គ្រឿង ។ ៣/រថយន្តប្រជាពលរដ្ឋចំនួន ៥គ្រឿង ។ ដើម្បីធានាបាននូវប្រសិទ្ធភាព នៃការអនុវត្តនូវវិធានការរដ្ឋបាលនេះ កម្លាំងចម្រុះ នឹងបន្តចុះអនុវត្តការងារនេះ ជាបន្តទៀត៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ













