ប្រិយមិត្តបានស្គាល់ច្បាស់ហើយ ពីអ្នកលក់ឡេដ៏ល្បីឈ្មោះ អ្នកនាង Love Riya និងក៏ត្រូវបានដឹងថា បច្ចុប្បន្ន អ្នកនាងគឺជាគូស្នេហ៍រកគិតមិនយល់ ជាមួយលោក ដែន សូនី ដែលទើបត្រូវគ្នាវិញថ្មីៗនេះផងដែរ បន្ទាប់ពីអ្នកទាំងពីរមានរឿងឈ្លោះប្រកែកគ្នាខ្លាំងៗ រហូតដល់ថ្នាក់ផ្អើលអស់ហ្វេនៗ ពេញបណ្តាញសង្គមហ្វេសប៊ុកតែម្តង។

តែបើទោះជាទំនាក់ទំនងស្នេហាមានរឿងកាំរកូសយ៉ាងណា ក៏គេពុំដែលសង្កេតឃើញអ្នកមេម៉ាយចាយសម្រស់រូបនេះ ហាក់បង្ហាញអារម្មណ៍ក្រៀកក្រំចិត្តដោយសារតែរឿងស្នេហាម្តងណានោះទេ ប៉ុន្តែ ផ្ទុយទៅវិញ គឺមហាជនមានតែងឃើញ Love Riya បង្ហាញភាពសប្បាយរីករាយក្នុងជីវិតជានិច្ច ក្នុងនោះដូចជាការច្រៀង រាំលេង ជាដើម តាមរយៈការឡាយ (Live) លក់ផលិតផល ដើម្បីឲ្យកាន់តែទទួលបានភាពទាក់ទាញ ខណៈមុខរបររកស៊ីលក់ឡេតាមអនឡាញរបស់ខ្លួន ក៏កាន់តែជោគជ័យពីមួយថ្ងៃទៅមួយ។
ដោយឡែក ថ្មីៗនេះ ក៏ស្រាប់តែឃើញអ្នកប្រើប្រាស់បណ្តាញសង្គម បានធ្វើឡើងការស៊ែរឡើងវិញ នូវវីដេអូមួយបង្ហាញពីសកម្មភាពអ្នកនាង Love Riya បកស្រាយបទចម្រៀងមនោសញ្ចេតនាកាឡៃពីបទ «ដងស្ទឹងសង្កែ» មកជាបទ «បងខ្លាចថោកទាប មិនហ៊ានរៀបការ» យ៉ាងពិរោះរណ្តំតែម្តង នៅក្នុងកម្មវិធីជប់លៀងធម្មតាមួយជាមួយមិត្តភក្តិ កាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ។

ក្រោយពេលបានទស្សនាវីដេអូរួច ឃើញថាមានអ្នកគាំទ្រជាច្រើននាក់របស់អ្នកនាង Love Riya បាននាំគ្នាកោតសរសើរយ៉ាងដូច្នេះថា៖ «ចែយ៉ា ច្រៀងពិរោះមែន តែឥឡូវនេះគាត់ស្អក, ស្តាប់មិនណាយទេពិរោះណាស់, កាលហ្នឹង សំឡេងគាត់ពិរោះស្រួយ តែឥឡូវ គាត់ស្រែកលក់ឡេខ្លាំងពេក ស្អកខូចសំឡេងអស់, បងយ៉ាមិនត្រឹមតែស្អាតទេ តែថែមពូកែទាំងច្រៀង និងការរកសុីទៀតផង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង











