បន្ទាយមានជ័យ ៖ លោកតាវ័យអាយុ៧៨ឆ្នាំម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអូរជ្រៅ ឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើក្មេងស្រីអាយុ១៤ឆ្នាំ នៅចំណុចភូមិតាផោក ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
តាល្មោភកាម ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលឃុំចង្ហា ស្រុកអូរជ្រៅ ចាប់ឃាត់ខ្លួននៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីមានបណ្តឹងពីក្រុមគ្រួសារក្មេងស្រីរងគ្រោះ ហើយបានបញ្ជូនខ្លួនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត បន្ទាយមានជ័យ នៅថ្ងៃទី១២ខែមិថុនា ឆ្នាំ២០២១ ចាត់ការតាមនីតិវិធី ។
លោកវរសេនីយ៍ឯក សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឆុត ឆាត់ ហៅពៅ បាន ភេទប្រុស អាយុ៧៨ឆ្នាំ នៅភូមិតាផោក ឃុំចង្ហាស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ត.រ.ស អាយុ១៤ឆ្នាំ រស់នៅភូមិតាផោក ឃុំចង្ហា ស្រុកអូរជ្រៅ ដោយឪពុកម្តាយទៅធ្វើការនៅប្រទេសថៃ ហើយរស់នៅជាមួយជីដូនចាស់ជរា ។
លោកអធិការបានបញ្ជាក់ថា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ដោយអ្នកជិតខាង ឈ្មោះវឿង តឿង ភេទស្រី អាយុ៥៤ឆ្នាំ មើលឃើញរូបរាងក្មេងស្រីរងគ្រោះ មានអាការៈខុសប្រក្រតី គាត់ក៏បានសួរនាំ ហើយក្មេងស្រីរងគ្រោះបាននិយាយរឿងរ៉ាវប្រាប់ថា តា ឆុត ឆាត់ ហៅ ពៅ បាន គាត់រំលោភនាង ។ ក្រោយពីឮដូច្នោះ ឈ្មោះវឿង តឿង បានប្តឹងមកនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំចង្ហា បន្ទាប់មកសមត្ថកិច្ចបានហៅជនសង្ស័យទៅសួរនាំ ។
លោកអធិការបានរៀបរាប់ បញ្ជាក់ទៀតថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួងលោមក្មេងស្រីរងគ្រោះ រំលោភមែន នៅក្នុងទ្រុងមាន់ ក្រោយផ្ទះរបស់ខ្លួន បានសម្រេចចំនួន៣ដង តាំងពីអំឡុងខែឧសភា ឆ្នាំ២០២១មកម្ល៉េះ ដោយលួងលោមឲ្យលុយនាង លើកទី១ចំនួន២០,០០០រៀល លើកទី២ ចំនួន១០,០០០រៀល និងលើកទី៣ ចំនួន២០,០០០រៀល ។
លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងទទួលការងារ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា ដោយផ្អែកលើបណ្តឹងក្រុមគ្រួសារក្មេងស្រីរងគ្រោះ និងចម្លើយសារភាព របស់ជនសង្ស័យឈ្មោះ ឆុត ឆាត់ ហៅ ពៅ បាន ត្រូវបានកម្លាំងនរបាលជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បញ្ជូនខ្លួនទៅសាលាដំបូខេត្ត នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ចាត់ការតាមនីតិវិច្បាប់ ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ