ភ្នំពេញ ៖ លោកឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា បានមានប្រសាសន៍ថា មានបេក្ខជនចំនួន ៤រូប បានមកយកពាក្យ ពីអគ្គលេខាធិការដ្ឋានរដ្ឋសភា ទៅបំពេញបែបបទ ដើម្បីឈរឈ្មោះជាបេក្ខភាព ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ប៉ុន្តែក្នុងចំណោមបេក្ខជនចំនួន ៤រូប គឺមានតែបេក្ខជនចំនួន ២រូបតែប៉ុណ្ណោះ ដែលមានសំណុំបែបបទគ្រប់គ្រាន់ ហើយបេក្ខជនចំនួន ២រូបទៀត គឺមិនបានដាក់ពាក្យទេ។
លោកបានបន្តថា គណៈកម្មាធិការអចិន្ត្រៃយ៏ នៃរដ្ឋសភា នឹងបើកកិច្ចប្រជុំនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ សប្តាហ៍ក្រោយនេះ ដើម្បីពិនិត្យជ្រើសរើសបេក្ខភាពប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថា តើត្រឹមត្រូវតាមច្បាប់ឬក៏អត់? នៅពេលពិនិត្យមើលថា ត្រឹមត្រូវតាមច្បាប់ហើយ ទើបគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា ទៅសម្របសម្រួល សុំឲ្យគណបក្សដែលបាន ស្នើសុំតែងតាំងលោកស៊ិក ប៊ុនហុក ជាប្រធានគ.ជ.ប ពីមុនមក ដើម្បីឲ្យធ្វើការជ្រើសរើសបេក្ខជនទាំងពីររូប ប៉ុន្តែជ្រើសរើសយកតែបេក្ខជនមួយរូបទេ។
បន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាប្រជុំពិនិត្យរួចហើយ គឺរយៈពេល ៣ថ្ងៃ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមិថុនា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាប្រជុំជាមួយខាងគណបក្សប្រជាជនកម្ពុជា ដើម្បីសម្រេចជ្រើសរើសយកបេក្ខជន ១រូបក្នុងចំណោម ២រូប ដែលបានដាក់ពាក្យឈរឈ្មោះជាបេក្ខភាពប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោ។
សូមជម្រាបថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃទី៤ ខែមិថុនាបានអនុម័តយល់ព្រមលើសំណើលាឈប់ពី តួនាទី និងតំណែងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់លោក ស៊ិក ប៊ុនហុក និងបានអនុម័តយល់ព្រម នូវសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកំណត់បែបបទនិងនីតិវិធីនៃការជ្រើសរើសបេក្ខជនប្រធានគ.ជ.ប និងប្រគល់ ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីជូនដំណឹងជ្រើសរើសបេក្ខជនជាប្រធានគ.ជ.ប ជំនួសលោក ស៊ិក ប៊ុនហុក។ ការអនុម័តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានធ្វើឡើងបន្ទាប់ពីលោកលោក ស៊ិក ប៊ុនហុក បានដាក់ពាក្យសុំលាលែងទៅរដ្ឋសភាកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយៈ ចេស្តារ