ភ្នំពេញ ៖ លោកស្រី ថាក់ ឡានី អតីតសមាជិកព្រឹទ្ធសភា នៃអតីតគណបក្ស សម រង្ស៉ី ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងមុខតំណែងជារដ្ឋលេខាធិការ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១។

លោកស្រី ថាក់ ឡានី អតីតសមាជិកព្រឹទ្ធសភា នៃអតីតគណបក្ស សម រង្ស៉ី ដែលបានរត់គេចខ្លួនទៅប្រទេសស៊ុយអែត បានវិលត្រឡប់មកកម្ពុជាវិញ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។ លោកស្រីទទួលបានការលើកលែងទោស កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។
គួររម្លឹកថា លោកស្រី ថាក់ ឡានី ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារពាក់ព័ន្ធការចោទប្រកាន់ សម្តេចតេជោ ហ៊ុន សែន ថា ជាអ្នកសម្លាប់លោក កែម ឡី ហើយត្រូវបានតុលាការ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ១ឆ្នាំ ៦ខែ និងពិន័យ ៨លានរៀល ព្រមទាំងសងសំណង ជំងឺចិត្តដល់សម្ដេចតេជោ ហ៊ុន សែន ចំនួន ១០០រៀល កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោមការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ ជាសាធារណៈ និងបទញុះញង់ ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរ ធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ។
ការចោទប្រកាន់បានធ្វើឡើងបន្ទាប់ពីលោកស្រី ថាក់ ឡានី នៅក្នុងវេទិកាសាធារណៈមួយ នៅភូមិប៉ាតាង ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ដោយបានចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន ថា ជាអ្នកសម្លាប់លោក កែម ឡី៕ រក្សាសិទ្ធិដោយៈ ចេស្តារ