ភ្នំពេញ÷បុរសម្នាក់ បានបើករថយន្តមួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតទៅបុកនិងរបាំងថ្មដាក់ស្លាកសញ្ញាបង្កាន់ដៃស្ពាន ៥មករា ពេញទំហឹងបណ្តាលឲ្យបាក់មួយកង់ ចំណែករថយន្តបង្កវិញរងការខូចខាតបាក់កង់ខាងមុខ។ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១០នឹង៤០នាទីយប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ចំណុចគល់ស្ពាន៥មករា ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2-H8425 បើកបរដោយបុរសម្នាក់បានធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន មិនប្រយ័ត្នលុះមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុករបាំងថ្មដាក់ស្លាកសញ្ញាពេញទំហឹងបណ្តាលឲ្យបាក់មួយកង់ និងរងការខូចខាតរថយន្តបង្កបាក់កង់មុខខាងឆ្វេងយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងឲ្យចុះមកធ្វើការវាស់វែងយករថយន្តបង្កខាងលើទៅរក្សាទុកនៅខាងចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការក្រុងរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ សាមេត




