ភ្នំពេញ ÷ បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បានជិះម៉ូតូមួយគ្រឿង ចុះពីលើស្ពានមិនប្រយ័ត្ន បានជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យដួលបោកក្បាល នឹងខឿនផ្លូវរងរបួសធ្ងន់។ ចំណែកឯម៉ូតូជនរងគ្រោះវិញ ខ្ទេចផ្នែកខាងមុខយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើង កាលពីវេលាម៉ោង០០និង១០នាទីយប់ឈានចូលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ ស្រវឹងស្រាជោកជាំ ជិះម៉ូតូម៉ាកវ៉េវមួយគ្រឿងពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1U 0128 ជិះចុះពីលើស្ពានអាកាសស្ទឹងមានជ័យក្នុង ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន បានរេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលនឹងខឿន ឈាមហូពេញមុខសំណាងបានគ្រូពេទ្យ ចុះមកលាងរបួសនិងរុំស្នាមរបួសក្បាលមិនគិតថ្លៃ។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះមកដល់រួចសួរនាំទៅលើជនរងគ្រោះ ក៏បានទាក់ទងទៅសាច់ញាតិ ឲ្យមកទទួលយកត្រឡប់ទៅផ្ទះវិញ៕ រក្សាសិទ្ធិដោយ៖ សា មេត





