ភ្នំពេញ ៖ សូមរម្លឹកបន្តិចថា កាលពីពេលថ្មីៗនេះ យោងតាមគណនីឈ្មោះ Ah Ti បានប្រកាសតាមហ្វេសប៊ុករកម៉ាក់ប៉ារបស់ខ្លួន បន្ទាប់ពីពួកគាត់បានបាត់ដំណឹងតាំងពីព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ដោយមិនថាទីដល់ទីកន្លែងណា ឬនឹងមានរឿងហេតុអ្វីនោះទេ។

ប៉ុន្តែ អ្វីដែលគួរឲ្យស្លុតរន្ធត់ និងមិននឹកស្មានដល់នោះ គឺការបាត់ដំណឹងរបស់ប្តីប្រពន្ធខាងលើ ទីបំផុត ទើបដឹងថាជាករណីអំពើឃាតកម្មដ៏សាហាវព្រៃផ្សៃពីសំណាក់បុរសជាប្តីតែម្តង ដែលបានយកសពប្រពន្ធញាត់ក្នុងវ៉ាលីស ដាក់ឡានយកទៅបោះចោលក្នុងទឹកទន្លេ រួចផ្លុងឡានចោល គេចខ្លួនដល់ខេត្តបាត់ដំបង បន្ទាប់ធ្វើសកម្មភាពសម្លាប់ប្រពន្ធនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះលេខ៥៤ ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពស្រ្តីជារងគ្រោះជាប្រពន្ធ មានឈ្មោះ គង់ វុទ្ធី ហៅលី អាយុ ៥៧ ឆ្នាំ ត្រូវបានប្តីជាឃាតករយកទៅបោះចោល ក្នុងទឹកទន្លេ ស្ថិតត្រង់ចំណុចក្រោយវិហារឥស្លាម ភូមិព្រែកតូច ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ចម្ងាយពីវិហារ២០០ម៉ែត្រ។ ចំណែកបុរសជាប្តីឈ្មោះ សៀន ហួរ អាយុ ៥៩ ឆ្នាំ (ឃាតករ) ត្រូវបានកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឃាត់ខ្លួននៅត្រង់ចំណុចផ្ទះសំណាក់នីឡា ភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

យ៉ាងណាមិញ ចំពោះមូលហេតុបឋមដែលឈានដល់ការសម្លាប់ប្រពន្ធខ្លួនឯងយ៉ាងសាហាវបែបនេះ គឺដោយសារគាត់ជាមួយប្រពន្ធ តែងតែមានទំនាស់រស់នៅមិនចុះសម្រុងជាមួយគ្នាជាប្រចាំ រហូតឈានដល់ការប្តឹងសុំលែងលះទៅតុលាការពីភា គីប្រពន្ធ។ ហេីយមុនការសម្លាប់នេះ គាត់និងប្រពន្ធ ក៏ត្រូវចូលទៅសវនាការនៅតុលាការ ចំពោះពាក្យបណ្តឹងពីការសុំលែងលះនេះ។

ដោយឡែក ក្រោយរឿងនេះបានកើតឡើង កូនប្រុសខាងលើ ក៏បានទម្លាយចេញវីដេអូសកម្មភាពប៉ារបស់ខ្លួន ពឹងកម្មករឲ្យជួយលើកវ៉ាលីសផ្ទុកសពប្រពន្ធ ដាក់ចូលឃ្លុបឡានខាងក្រោយ និងសរសេររៀបរាប់បញ្ជាក់ពីហេតុការណ៍បន្ថែមថា៖ «Video ទី១ ថ្ងៃកើតហេតុ ថ្ងៃ ៩ខែមិថុនា ឆ្នាំ ២០២១ម៉ោងប្រមានជា ១០និង៤០ នាទីព្រឹក ប៉ាខ្ញុំបានអោយគេជួយលើកវ៉ាលីដាក់ឡាន ព្រោះធ្ងន់ពេកគាត់លើកអត់រួច ហើយក៏បើកឡានទៅជាមួយសាំង២-៣កាន គាត់បានប្រាប់អ្នកជិតខាងថា គាត់ទៅខេត្តហើយ កម្មករក៏ថាវ៉ាលីសដាក់អីធ្ងន់មេសពូ ហើយកម្មករជាសាក្សីក៏បញ្ជាក់ថា ពេលហ្នឹងមុខប៉ាខ្ញុំស្លេកអស់ហើយ ប្រហែលម៉ោង 3 នាទីល្ងាច ថ្ងៃដដែល ពួកខ្ញុំទាក់ទងទៅម៉ាក់ខ្ញុំអត់បានទើបមានការបារម្ភណ៍ Facebook ខ្ញុំនិង បងស្រីខ្ញុំ និងបងប្អូនជាច្រើនអ្នកទៀតត្រូវបានប៉ាខ្ញុំ Block ចោលទាំងអស់ ខ្ញុំព្យាយាមcallទៅលេខទូរស័ព្ទដៃទាំងអស់របស់គាត់គឺគាត់មិនព្រមលើកទេ។

ដល់ពេលម៉ោង ៦-៧ នាទីល្ងាច ថ្ងៃដដែល មីងខ្ញុំបានប្ដឹង Police អោយមកគាស់ផ្ទះព្រោះខ្លាចប៉ាខ្ញុំ ចាក់សោរម៉ាក់ខ្ញុំក្នុងនោះ (បញ្ជាក់ បន្ទប់ផ្ទះ ខ្ញុំនីមួយៗ ត្រូវបានប៉ាខ្ញុំធ្វើត្រចៀកសោថ្មីៗនេះ ទាំងក្នុង ទាំងក្រៅ ចាក់២-៣ជាន់) បាត់ម៉ាក់ខ្ញុំរយៈពេលជិត៨ម៉ោង តាំងពីម៉ោង ១០ព្រឹកមិញ ហើយពួកខ្ញុំភ័យណាស់ ពេលគាស់ហើយក៏អត់ឃើញម៉ាក់ខ្ញុំទេ តែឃើញបន្ទប់ ប៉ាម៉ាក់មានដានឈាមដែលប៉ាខ្ញុំព្យាយាម លុបតែលុបអត់អស់ ហើយក៏មានឃើញសក់ម៉ាក់ខ្ញុំជ្រុះទាំងដុំៗ ក្រវិលម៉ាក់ខ្ញុំក៏ជ្រុះមុខទ្វារដែរ ពួកខ្ញុំក៏សង្ស័យថាប៉ាបោចសក់ម៉ាក់ខ្ញុំ ហើយមានរឿងប្រតាយប្រតប់គ្នាមុន នឹងប៉ាខ្ញុំសម្លាប់ម៉ាក់ខ្ញុំដាក់សាកសពក្នុងវ៉ាលីសហ្នឹងហើយ ព្រោះអត់ឃើញ ម៉ាក់ ខ្ញុំចេញ ពីផ្ទះតាំងពីយប់មុនថ្ងៃកើតហេតុ។
ខ្ញុំដឹងតាំងពីថ្ងៃកើតហេតុហើយមកម្លេះថាវាជាករណីឃាតកម្មតែខ្ញុំមិនហ៊ានបញ្ចេញពត៌មានជាសាធារណៈព្រោះខ្លាចចាប់ប៉ាខ្ញុំអត់បាន ខ្ញុំគ្រាន់តែ Postថាបាត់ប៉ាម៉ាក់ខ្ញុំជាង 8ម៉ោងហើយ នៅមាន Details ច្រើនទៀត បើខ្ញុំមានពេលខ្ញុំ នឹងព្យាយាមសរសេររៀបរាប់ និងបកស្រាយពីមូលហេតុ ដែលឈានទៅដល់ការសម្លាប់ម៉ាក់ខ្ញុំ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



























