Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងប្រៃសណីយ៍ និងក្រសួងសុខាភិបាល ÷ ប្រព័ន្ធ QR Code កូវីដ-១៩ មិនប្រមូលទិន្នន័យឯកជនប្រជាពលរដ្ឋដូចការចោទប្រកាន់នោះទេ

ភ្នំពេញ ៖ បន្ទាប់ពីមានការផ្សាយព័ត៌មានថា ចិនគាបសង្កត់កម្ពុជា ដើម្បីទទួលបានទិន្នន័យពីប្រជាពលរដ្ឋក្នុងប្រព័ន្ធទប់ស្កាត់កូវីដ-១៩ និងបំផ្លើសថា រាជរដ្ឋាភិបាល បានប្រើប្រាស់ប្រព័ន្ធនេះ ដើម្បីទាញយកទិន្នន័យ និងតាមដានប្រជាពលរដ្ឋ, ជាការបកស្រាយ និងច្រានចោលទាំងស្រុង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ដូចតទៅ ÷

ប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ Stop Covid» ត្រូវបានដាក់ឱ្យប្រើប្រាស់បន្ទាប់ពីមាន «ផ្ទុះការឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជាប៉ុណ្ណោះ។ ប្រព័ន្ធនេះ មិនមែនត្រូវបានប្រើប្រាស់តែនៅកម្ពុជានោះទេ គឺមានប្រើប្រាស់នៅក្នុងប្រទេសជាច្រើន ក្នុងតំបន់ និងពិភពលោក ក្នុងពេលជំងឺកូវីដ-១៩ កំពុងតែរីករាលដាល។

ប្រព័ន្ធ QR Code នេះ កត់ត្រាលេខទូរសព្ទតែមួយគត់ ដោយមិនប្រមូលទិន្នន័យឯកជនផ្ទាល់ខ្លួន ឬគន្លងធ្វើដំណើររបស់អ្នកប្រើប្រាស់នោះទេ។ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ QR Code នេះ មានគោលបំណងការពារសុខភាពប្រជាពលរដ្ឋ នៅពេលមានជំងឺរីករាលដាលជាសាកល ដូចមានចែងក្នុងមាត្រា៧២ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា១២ នៃកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ICESCR) ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន, ពោលគឺមិនបានតាមដានព័ត៌មានផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋនោះទេ តែគឺតាមដានតែមួយគត់ គឺជំងឺកូវីដ-១៩។

លើសពីនេះទៀត ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍ និងគ្រប់គ្រងប្រព័ន្ធ QR Code នេះ ដោយខ្លួនឯង ស្របតាមស្តង់ដារបច្ចេកទេសអន្តរជាតិ។ ជាក់ស្តែង ក្រសួង ស្ថាប័នរដ្ឋ ស្ថានទូត ក្រុមហ៊ុន អង្គការជាតិ និងអន្តរជាតិ និងម្ចាស់ទីតាំងនានា ត្រូវបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងបុគ្គលិករបស់ខ្លួន ឱ្យប្រើប្រាស់ប្រព័ន្ធនេះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារសុវត្ថិភាពផ្ទាល់ខ្លួន សុខុមាលភាពសាធារណៈ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា ការបកស្រាយនេះបានកើតឡើងបន្ទាប់ពី សារព័ត៌មាន Asia Times បានប្រឌិតថា លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានជួបជាមួយមន្ត្រីកម្ពុជា ដើម្បីស្នើសុំទិន្នន័យឯកជន របស់ប្រជាពលរដ្ឋ កម្ពុជាតាមរយៈប្រព័ន្ធ QR Code ថ្មីនេះ។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសុខាភិបាល សូមបដិសេធថា រហូតមកដល់ពេលនេះ ក្រសួងទាំងពីរមិនធ្លាប់ជួប ឬទទួលសំណើសុំយកទិន្នន័យក្នុងប្រព័ន្ធ QR Code ពីសំណាក់ឯកអគ្គរដ្ឋទូតចិននោះទេ។ នេះគឺជាការមួលបង្កាច់ ប្រឌិតរឿង និងបំផ្លើសការពិតទាំងស្រុង ដើម្បីយកកម្ពុជាធ្វើជាចំណាប់ខ្មាំង កេងចំណេញនយោបាយអ្វីមួយជាអន្តរជាតិ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×