Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពេលយកឃាតករជាប្តីមកធ្វើត្រាប់ ឃាតករឆ្លើយថា មូលហេតុដែលរូបគាត់សម្លាប់ប្រពន្ធ ដោយសារតែខឹងប្រពន្ធ ដេញបងប្អូនរបស់គាត់ ចេញពីផ្ទះ

ភ្នំពេញ ៖ បុរសដែលជាឃាតករសម្លាប់ប្រពន្ធរបស់ខ្លួន ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ បានបញ្ជូនខ្លួនមកធ្វើត្រាប់ ជុំវិញសកម្មភាពរឿងរ៉ាវសម្លាប់ប្រពន្ធរបស់ខ្លួន កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅផ្លូវលេខ៥៩៨ ផ្ទះលេខ៥៤ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះ សៀន ហួរ អាយុ៥៩ឆ្នាំ ដែលត្រូវជាប្តីស្ត្រីរងគ្រោះខាងលើ បានប្រាប់ឲ្យដឹងថា មូលហេតុដែលរូបគាត់ ឈានដល់ការសម្លាប់ប្រពន្ធរបស់ខ្លួននេះ គឺដោយសារតែរូបគាត់ខឹង នឹងប្រពន្ធរបស់ខ្លួនរៀបគម្រោងដេញបងប្អូនរបស់គាត់ ចេញមិនឲ្យនៅផ្ទះខាងលើនេះទៀតទេ ទើបបុរសជាប្តីខឹងយកកៅអីឈើ វាយសម្លាប់ប្រពន្ធ ហើយយកកាំបិតកាត់ដៃជើងប្រពន្ធ ច្រកចូលវ៉ាលីស រួចដាក់ចូលក្នុងរថយន្ត ដឹកយកទៅប្លុងចោល នៅឯស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

គួរបញ្ជាក់ថា ករណីឃាតកម្មប្តីវាយសម្លាប់ប្រពន្ធខាងលើ បានប្រព្រឹត្តទៅកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្លូវលេខ៥៩៨ ផ្ទះលេខ៥៤ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីបុរសជាប្តី បានវាយសម្លាប់ប្រពន្ធរួចរាល់ហើយ ក៏បានកាត់ដៃកាត់ជើងច្រកសពប្រពន្ធ ចូលក្នុងវ៉ាលីសដឹកតាមរថយន្ត និងទិញប្រេងកាតចំនួន៣កានបម្រុងនឹងដុតកម្ទេចសព បំបិទភស្តុតាងចោល តែកាលៈទេសៈមិនអំណោយផល ទើបបុរសជាប្តី ប្តូរគំនិតយកសពប្រពន្ធរបស់ខ្លួន ទៅប្លុងចោលនៅក្នុងទន្លេ ក្រោយវិហារឥស្លាម ភូមិព្រែកតូច ឃុំជីរោទ៍ ស្រុកត្បូងឃ្មុំ ខេត្តខេត្តត្បូងឃ្មុំ ចម្ងាយប្រហែល២០០ម៉ែត្រ ហើយបុរសជាប្តី បានទុករថយន្តចោល បន្តគេចខ្លួនមកខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ប្រជាពលរដ្ឋបានប្រទះឃើញ សាកសពស្ត្រីឈ្មោះ គង់ វិទ្ធី ហៅលី អាយុ៥៧ឆ្នាំ រួចក៏បានរាយការណ៍ ជូនសមត្ថកិច្ចមូលដ្ឋាន បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋាន ទទួលបានព័ត៌មានខាងលើនេះ រួចមក សមត្ថកិច្ចក៏បានរបាយការណ៍បន្ត ជូនកម្លាំងនគរបាលជំនាញ នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដោយមានការបញ្ជាផ្ទាល់ ពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានបើកការស្រាវជ្រាវភ្លាមៗ រហូតដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ កម្លាំងជំនាញនាយកដ្ឋានព្រហ្មទណ្ឌ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាឃាតករសម្លាប់ប្រពន្ធរបស់ខ្លួន នៅចំណុចផ្ទះសំណាក់ នីឡា នៅភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×