ភ្នំពេញ ៖ បើទោះបីជាកំពុងស្ថិតក្នុងវិបត្តិកូវីដ១៩ក៏ដោយ ក៏វិស័យរោងចក្រ ឧស្សាហកម្មនៅកម្ពុជា នៅតែទទួលបានគម្រោងវិនិយោគថ្មីៗ ជាបន្តបន្ទាប់ ចូលមកវិនិយោគ។
បច្ចុប្បន្ននេះ មានរោងចក្រ សហគ្រាសថ្មីៗជាច្រើន បានចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយបានបោះទីតាំងវិនិ យោគភាគច្រើននៅតំបន់ជាយក្រុងភ្នំពេញ ព្រោះសេចក្តីសម្រេចមួយរបស់សាលារាជធានីភ្នំពេញ គឺតម្រូវឱ្យរោងចក្រ សហគ្រាស ដែលស្ថិតនៅកណ្តាលក្រុង ត្រូវផ្លាស់ប្តូរទីតាំងពីក្នុងក្រុង ទៅជាយក្រុង។

អ្នកជំនាញអចលនទ្រព្យ បានសំលឹងឃើញថា ការផ្លាស់ប្តូរទីតាំងរោងចក្រ សហគ្រាស ទៅជាយក្រុង បានធ្វើឱ្យ ដីធ្លី ដែលមានតម្រូវការសម្រាប់សាងសង់រោងចក្រ សហគ្រាស អាចនឹងឡើងថ្លៃ។
មានរោងចក្រ សហគ្រាសថ្មីៗ ជាច្រើន ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC សម្រេចចុះបញ្ជីឱ្យធ្វើ ការវិនិ យោគ។ ជាក់ស្តែង CDC បានសម្រេចឱ្យក្រុមហ៊ុនថ្មីៗទាំងនោះ វិនិយោគ មានដូចជា ក្រុមហ៊ុន XIN WEI JIE CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៩លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៦៥៩កន្លែង។ ក្រុមហ៊ុន “HERBA (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ, មានទុនវិនិយោគប្រមាណ៣,៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១២០កន្លែង។
ជាមួយគ្នានេះ គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ របស់ក្រុមហ៊ុន SPARKBAGS (CAMBODIA) CO., LTD: នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៧១៨កន្លែង។

គួរបញ្ជាក់ថា វិស័យរោងចក្រកាត់កាត់ដេរ នៅក្នុងប្រទេសកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ កំណើនសេដ្ឋកិច្ច និងបានស្រូបយកកម្លាំងពលកម្មជាង ៨០ម៉ឺននាក់នាក់ ដែលភាគច្រើនជាស្ត្រី៕ រក្សាសិទ្ធិដោយ៖CEN
