ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំកិច្ចប្រជុំបូកសរុប លទ្ធផលយុទ្ធនាការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និងជនបរទេស ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នៅក្នុងខណ្ឌចំនួន៦ នៅរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ នៃខេត្តកណ្ដាល នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១ ឧសភា ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ គឺបានដំណើរការទៅដោយរលូនមិនមានបញ្ហាអ្វីកើតឡើងទេ និងមានសណ្តាប់ធ្នាប់ល្អ។
សម្តេចពិជ័យសេនាបានមានប្រសាសន៍បន្តថា ដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅតំបន់ក្រហម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺអនុវត្តទៅតាមការចាត់ចែង ហើយនាពេលកន្លងមកនេះ បានសម្រេចថា ចាក់វ៉ាក់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយក្រសួងការពារជាតិបានទទួលការបែងចែកដំបូង គឺឲ្យចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមចំនួន ៤ខណ្ឌ ដែលមានហានិភ័យខ្ពស់ ហើយបន្តមកទៀតបានសហការជាមួយខាងរាជធានីភ្នំពេញ ក៏បង្កើតតំបន់ក្រហមមួយចំនួនទៀតនៅខណ្ឌទួលគោក និងខណ្ឌឫស្សីកែវ និងបានបន្តចាក់វ៉ាក់សាំងនៅខណ្ឌទាំងពីរនេះ រហូតឡើងដល់ ៦ខណ្ឌ។ ចំពោះមុខសញ្ញាដែលត្រូវចាក់វ៉ាក់សាំង គឺត្រូវចាក់ជូនទាំងអស់ រួមទាំងកម្មករ កម្មការិនី រួមទាំងជនបរទេស។

សូមជម្រាបថា ក្រសួងការពារជាតិ បានបើកយុទ្ធនាការ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ក្រហម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានធ្វើឡើងកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយៈ ចេស្តារ


