នេះជារឿងដ៏សាហាវហួសថ្លែងមួយ កំពុងធ្វើឲ្យមហាជននាំគ្នាស្អប់ និងបញ្ចេញកំហឹងឈឺចាប់យ៉ាងខ្លាំង ចំពោះបុរសជាប្តីម្នាក់ ដែលបានដេញម្តាយក្មេក និងសូម្បីតែកូនបង្កើតរបស់ខ្លួន ចេញក្រៅផ្ទះ ហើយចាក់សោរមិនឲ្យចូលនៅបាន ទាំងដែលផ្ទះជាសម្បត្តិរួមគ្នាជាមួយប្រពន្ធ ដែលបានលែងលះគ្នា។

ជុំវិញរឿងរ៉ាវនេះផងដែរ ស្រ្តីជាប្រពន្ធបានរៀបរាប់ឲ្យដឹងថា នាងបានស្រឡាញ់គ្នាជាមួយប្តី គឺតាំងពីឆ្នាំ២០១៧ ម្ល៉េះ ហើយក៏បានសន្សំលុយទិញផ្ទះក្នុងបុរីពិភពថ្មីទី៣ ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ ដោយបង់រំលោះ។ ប៉ុន្តែ មុនពេលរៀបការ ដោយសារខាងបុរីមិនអាចឲ្យដាក់ឈ្មោះទាំងពីរនាក់បាន (ព្រោះមិនទាន់ក្លាយជាប្តីប្រពន្ធពេញច្បាប់) នាងក៏សម្រេចចិត្តឲ្យដាក់ឈ្មោះតែប្តីទៅ។ ប៉ុន្តែ នៅពេលលែងលះគ្នា ប្តីក៏បានប្រមូលក្រសោបយកទាំងអស់ សូម្បីតែឡានទិញបោះរំលោះរួមគ្នាទៀតផង។
តែយ៉ាងណា ករណីប្តីយកទាំងផ្ទះ និងឡាន គឺពេលលែងលះប្តីគំរាមយកកូន ជាហេតុធ្វើឲ្យនាងសុខចិត្តឲ្យប្តីយកទ្រព្យទិញរួមគ្នាទាំងអស់ ដោយនាងយកតែកូន ព្រោះនាងស្រឡាញ់កូន និងសុំតែម្យ៉ាងពីប្តី សូមជួយចេញលុយថ្លៃអាហារកិច្ចចិញ្ចឹមកូនប៉ុណ្ណោះ។

នាងបន្តថា នៅពេលនាង និងម្តាយ ទៅនៅផ្ទះជួល ក្រោយលែងលះមួយរយៈ ក៏ស្រាប់តែប្តីសុំត្រូវរ៉ូវគ្នាវិញ ហើយដោយគិតថាប្តីកែចិត្តគំនិត នាងក៏សម្រេចចិត្តយកវិញ ហើយប្តីក៏បានហៅនាង និងម្តាយ មករស់នៅផ្ទះក្នុងបុរីជុំគ្នាវិញ។ ប៉ុន្តែ ដោយសារតែប្តីនៅតែពុំកែចរិតមានស្រី ជាហេតុធ្វើឲ្យនាងឈ្លោះប្រកែកគ្នារហូតលែងលះជាថ្មី រហូតធ្វើឲ្យប្តី ហៅបងប្រុសខ្លួនឈ្មោះ តាន់ វុទ្ធធា មានឋានៈជាឯកឧត្តម ប្រើអំណាចមកអូសទាញម្តាយរបស់នាង និងសូម្បីតែកូនបង្កើតខ្លួន ក្មួយបង្កើត ចេញពីផ្ទះយ៉ាងសាហាវ ដោយប្តឹងចោទថា នាង និងម្តាយ ជួលផ្ទះខ្លួននៅទៅវិញ។

ប៉ុន្តែ ដោយសារតែប្តីនោះដែលមានឈ្មោះ តាន់ ពេជ្រ (ធ្វើការជាមួយចិន ផ្នែកលក់គ្រឿងសំណង់) ជាមនុស្សប្រុសគ្មានការទទួលខុសត្រូវ និយាយបាតដៃខ្នងដៃ និងចុងក្រោយថាដាច់ខាតមិនផ្តល់លុយជួយចិញ្ចឹមកូន និងសូម្បីតែនិយាយថា លែងទទួលស្គាល់កូនស្រីបង្កើត ជាកូនខ្លួនទៀតទេ ជាហេតុធ្វើឲ្យនាងជាប្រពន្ធ មិនអាចទទួលយកបានឡើយ។

ក្រោយពីបានឃើញពីទង្វើបែបនេះ មហាជនបានផ្ទុះកំហឹងព្រលះឲ្យប្តីនោះយ៉ាងធ្ងន់ៗថា៖ «សាហាវណាស់ អាប្រុសចារិតថោក អន់ជាងសត្វទៀត, ឆ្កែវានៅស្រឡាញ់កូនវា តែអាមួយនេះ មិនដឹងសន្តានសាងពីអ្វី!, បើអ្ហែងជាមនុស្សប្រុសពិតប្រាកដ អ្ហែងមិនធ្វើអុីចឹងទេ ប្រមូលយកទ្រព្យសម្បត្តិតែឯង ទាំងដែលជាកម្លាំងញើសឈាមប្រពន្ធខំរកជាមួយ, កូនឯង ឈាមឯងសោះ នៅហ៊ានធ្វើព្រៃផ្សៃចឹងទៀត, សូមច្បាប់ពិនិត្យ និងបែងចែកឲ្យស្មើភាពផង កុំឲ្យរឿងនេះអយុត្តិធម៌សម្រាប់អ្នកទន់ខ្សោយដូចជារូបនាង…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








