ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ៥ កើត ខែ បឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ព្រមទាំងសមាជិករបស់ខ្លួន បាននាំយក គ្រឿងឧបភោគបរិភោគ និងថវិកា ចំនួន ៤០លានរៀល ចូលរួមឧបត្ថម្ភដល់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ពិធីប្រគល់និងទទួល គ្រឿងឧបភោគបរិភោគ និងថវិកា ចំនួន ៤០លានរៀល ធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម ពេញ ធារម្យ សមាជិកក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និង លោក ហេង កូយ ប្រធានចាត់ការទូទៅនៃសមាគមធនាគារនៅកម្ពុជា តំណាងឲ្យលោក បណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា និង លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ព្រមទាំងបុគ្គលិកជាន់ខ្ពស់លេខាធិកាដ្ឋាននៃសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។
សម្ភារនិងគ្រឿងឧបភោគបរិភោគទាំងអស់រួមមាន៖ អង្ករ ចំនួន ៥ តោន, ត្រីខកំប៉ុង ចំនួន ២.០០០យួរ ទឹកស៊ីអ៊ីវ ចំនួន ២.២០០យួរ, ទឹកត្រី ចំនួន ២.២០០យួរ, រួមទាំងថវិកាចំនួន ៤០លានរៀល (សែសិបលានរៀល)។
លោក ហេង កូយ ប្រធានចាត់ការទូទៅ នៃសមាគមធនាគារនៅកម្ពុជា បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ រាជរដ្ឋាភិបាល ជាពិសេស សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលតែងតែបានយកចិត្តទុកដាក់ និងបានចាត់វិធានការទាន់ពេលវេលា ដើម្បីដោះស្រាយផលប៉ះពាល់ បណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកក៏សូមថ្លែងអំណរគុណផងដែរ ដល់សមាជិកទាំងអស់ ដែលបានចូលរួមបរិច្ចាគនូវធនធានរបស់ខ្លួន ទៅកាន់រាជរដ្ឋាភិបាលដោយផ្ទាល់ និង តាមរយៈសមាគមទាំងពីរ ក្នុងគោលបំណងចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។

លោក ហេង កូយ បញ្ជាក់ផងដែរថា៖ «សមាគមទាំងពីររួមទាំងសមាជិកទាំងអស់ នៅតែបន្តចូលរួមបរិច្ចាគ ទាំងធនធានថវិកានិងសម្ភារតិចក្តីច្រើនក្តី ជូនដល់ រដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ និងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យសេដ្ឋកិច្ចសង្គមកម្ពុជា ប្រព្រឹត្តទៅរកប្រក្រតីភាពឡើងវិញ នៅក្នុងរយៈពេលដ៏ខ្លី ខាងមុខ។»

គួរបញ្ជាក់ថា គិតត្រឹមដើមឆ្នាំ២០២១ រហូតមកទល់ពេលនេះគឺជាលើកទី២ ហើយដែលសមាគមទាំងពីរ និងសមាជិករបស់ខ្លួន បានចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា បរិច្ចាគនូវគ្រឿងឧបភោគបរិភោគ និងធនធានថវិកា ក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺរាតត្បាតកូវីដ-១៩ ដែលបាននឹងកំពុងឆ្លងរីករាលដាលពាសពេញផ្ទៃប្រទេស។
ឯកឧត្តម ពេញ ធារម្យ សមាជិកក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានថ្លែងអំណរគុណ ដល់សមាគមទាំងពីរដែលបាន ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
លោកបានមានប្រសាសន៍ថា រាល់ជំនួយឧបត្ថម្ភទាំងអស់ របស់សប្បុរសជន នឹងបញ្ជូនទៅតាមមន្ទីរពេទ្យ ចែកជូនអ្នកជំងឺ និងបញ្ជូនទៅតាមតំបន់គោលដៅផ្សេងៗទៀតនៅទូទាំងប្រទេសកម្ពុជា។

ឯកឧត្តម ធារម្យ បានបញ្ជាក់បន្ថែមថា៖ «ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) យើងខ្ញុំសូមថែ្លងអំណរគុណ ដល់សមាគមហិរញ្ញវត្ថុទាំងពីរ [សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា] ដែលបានចូលរួមជាមួយ TYDA ក្នុងការចែករំលែកសុខទុក្ខ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងក្រុមការងារទាំងអស់។ យើងខ្ញុំក៏សូមជូនពរ ឲ្យបេសកម្មរបស់សមាគមទាំងពីរ ឲ្យជោគជ័យ និងរីកចម្រើន ដើម្បីជាប្រយោជន៍ដល់សង្គមជាតិទាំងមូល»៕រក្សាសិទ្ធិដោយ៖CEN