Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គស្នងការនគរបាលជាតិ ប្រគល់រថយន្តពន្លត់អគ្គិភ័យទំនើបទម្លុះជញ្ជាំងចំនួន២គ្រឿង ដល់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងស្នងការដ្ឋានរាជធានីភ្នំពេញ

ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការហិរញ្ញកិច្ច និងភស្តុភារ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រគល់រថយន្តពន្លត់អគ្គិភ័យទំនើបចំនួន ០១គ្រឿង ដល់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ និង០១គ្រឿងទៀត ដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយរថយន្តពន្លត់អគ្គិភ័យនេះ មានសមត្ថភាពពន្លត់អគ្គិភ័យបានរយៈកម្ពស់ខ្ពស់ និងបានពីចម្ងាយផងដែរ។

រថយន្តទាំង ២គ្រឿងនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក នេត វន្ថា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយបានបំពាក់នូវសម្ភារៈ មធ្យាបាយ ជាពិសេសរថយន្តពន្លត់អគ្គិភ័យ ដល់នាយកដ្ឋានជំនាញ ក៏ដូចជាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដើម្បីមានលទ្ធភាពជួយសង្រ្គោះប្រជាពលរដ្ឋ ក្នុងករណីកើតហេតុការណ៍គ្រោះអគ្គិភ័យកើតឡើង។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បញ្ជាក់ថា រថយន្តពន្លត់អគ្គិភ័យ ដែលបានផ្តល់ជូននាយកដ្ឋានជំនាញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនាពេលនេះ គឺមានអត្ថប្រយោជន៍ច្រើនជាងរថយន្ត ដែលប្រទេសកម្ពុជាយើងបានប្រើពីកន្លងទៅ ដោយសាររថយន្តនេះ អាចផ្ទុកទឹកបាន ៨ពាន់លីត្រ និងធ្វើការបាញ់ទឹកចេញបានលឿន ក្នុងរយៈកម្ពស់ជាង ៣០ម៉ែត្រ ជាពិសេសអាចស្វានបុកជញ្ជាំងបានថែមទៀតផង។ ឯកឧត្តម ក៏សំណូមពរដល់នាយកដ្ឋានជំនាញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីទទួលបានរថយន្តនេះហើយ សូមធ្វើការថែទាំឲ្យបានល្អ ដើម្បីជាប្រយោជន៍បម្រើប្រជាពលរដ្ឋ និងសង្គមជាតិ។

ជាមួយគ្នានោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក នេត វន្ថា ក៏បានបន្តអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តមានការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីអគ្គិភ័យ ដែលករណីនេះ តែងតែកើតឡើងជារឿយៗ មិនថារដូវវស្សា ឬក៏រដូវប្រាំងនោះទេ ដូច្នេះក្នុងគេហដ្ឋាននីមួយៗគប្បីមានឧបករណ៍សង្រ្គោះបឋម ដូចជាបំពង់ពន្លត់អគ្គិភ័យជាដើម ហើយបើទោះបីជាមន្រ្តីជំនាញមានរថយន្ត និងសម្ភារៈទំនើបក្តី ក៏បងប្អូនមិនត្រូវធ្វើការធ្វេសប្រហែសនោះឡើយ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×