Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អូស្រ្តាលី បន្តជួយកម្ពុជា លើដំណើរការរៀបចំសេចក្តីព្រាងច្បាប់ បង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ និងកោតសរសើរសម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ ៖ អគ្គរាជទូតស្តីទី អូស្រ្តាលីប្រចាំកម្ពុជា លោក Luke Arnold បានបង្ហាញសុឆន្ទៈ និងការប្តេជ្ញា បន្តជួយដល់កម្ពុជា ជាពិសេសដំណើការនៃការរៀបចំសេចក្តីព្រាងច្បាប់បង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ។ អូស្រ្តាលីក៏បានកត់សម្គាល់ពីចំណុចវិជ្ជមានមួយចំនួនពាក់ព័ន្ធសេរីភាពសាសនា និងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ព្រមទាំងបានកោតសរសើរនិងវាយតម្លៃខ្ពស់ពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាពិសេសក្នុងការឆ្លើយតបនឹងការឆ្លងរាលដាលកូវីដ១៩។

ការប្តេជ្ញាបន្តជួយកម្ពុជារបបស់អគ្គរាជទូតស្តីទី អូស្រ្តាលី បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នៅគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

ជំនួបពិភាក្សាបានផ្តោតសំខាន់លើការងារពាក់ព័ន្ធទៅនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងវឌ្ឍនភាពការងារពាក់ព័ន្ធនឹងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ។

លោកជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ថា អគ្គរាជទូតស្តីទី អូស្រ្តាលីប្រចាំកម្ពុជា លោក Luke Arnold បានថ្លែងអំណរគុណ និងបង្ហាញសុឆន្ទៈ និងការប្តេជ្ញាបន្តជួយដល់កម្ពុជា ជាពិសេសដំណើការនៃការរៀបចំសេចក្តីព្រាងច្បាប់បង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ។
វឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងច្បាប់បង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ដែលទទួលបានការឯកភាពពីសម្តេចតេជោ ហ៊ុន សែន នាពេលកន្លងមកឱ្យខាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាអ្នករៀបចំ ហើយខាងអូស្រ្តាលី ក៏បានចូលរួមសហការផងដែរ ក្នុងការផ្តល់ជាធាតុចូល តាមរយៈអង្គការវេទិកាអាស៊ីប៉ាស៊ីហ្វិក ដែលមានមូលដ្ឋាននៅអូស្ត្រាលី។ ពេលនេះក្រុមការងារបានបញ្ចប់រួចហើយនូវសេចក្តីព្រាងដំបូង និងកំពុងរៀបចំនូវកិច្ចពិគ្រោះយោបល់ជាមួយគ្រប់ភាគីពាក់ព័ន្ធជាបន្តបន្ទាប់ទៀតក្នុងពេលឆាប់ៗ ខាងមុខនេះ។

ជាមួយគ្នានេះដែរ អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានគូសបញ្ជាក់ថា ពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សជាទូទៅ ខាងអូស្រ្តាលី បានកត់សម្គាល់ពីចំណុចវិជ្ជមានមួយចំនួន ពាក់ព័ន្ធសេរីភាពសាសនា និងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ព្រមទាំងបានកោតសរសើរនិងវាយតម្លៃខ្ពស់ពីការដឹកនាំរបស់សម្តេចតេជោ ជាពិសេសក្នុងការឆ្លើយតប នឹងការឆ្លងរាលដាលកូវីដ១៩ តាមរយៈការដាក់ចេញជាវិធានការនានា ដូចជាការផ្តល់លំហូរសាច់ប្រាក់ និងជំនួយសង្រ្គោះបន្ទាន់ដល់គ្រួសារដែលរងផលប៉ះពាល់ពីកូវីដ១៩ នាពេលកន្លងមកជាដើម។ល។

លោក ជិន ម៉ាលីន បានបន្តថា ទន្ទឹមនឹងនេះ ខាងអូស្រ្តាលីក៏បានបង្ហាញ នូវការបារម្ភមួយចំនួនផងដែរ អំពីស្ថានការណ៍នយោបាយបច្ចុប្បន្ន និងសិទ្ធិសេរីភាពផ្នែកនយោបាយនៅកម្ពុជា។

ឆ្លើយតបនឹងការបារម្ភនេះ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធាន (គសមក) ក៏បានធ្វើការបកស្រាយ និងបំភ្លឺវិញផងដែរ ដោយផ្អែកលើទិដ្ឋភាពនយោបាយ ច្បាប់ ប្រវត្តិសាស្រ្ត និងបរិបទសង្គមកម្ពុជា៕ រក្សាសិទ្ធិ ដោយៈ ចេស្តារ