Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន ៖ TVET ធ្វើឱ្យ​ជំនាញ​កាន់តែ​ប្រសើរ​ និង​ប្រាក់ចំណូល​ខ្ពស់​

ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​សារលិខិត​ក្នុងឱកាស​ទិវា​ជាតិ​អប់រំ បណ្តុះ បណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​លើក​ទី ៤ ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ ២០២១ ក្រោម ប្រធានបទ «TVET ធ្វើឱ្យ​ជំនាញ​កាន់តែ​ប្រសើរ​និង​ប្រាក់ចំណូល​ខ្ពស់»។​

​ក្នុងនាម​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន មាន​សេចក្តីសោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង ក្នុងការ​ចូលរួម​អបអរសាទរ​ជាមួយ​សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិក្ខាកាម សិស្ស និស្សិត មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក ដៃគូ​អភិវឌ្ឍ និង​បងប្អូន​ជនរួមជាតិ​ទាំងអស់ ក្នុងឱកាស​ដ៏ មហោឡារិក​នៃ​ការ​ប្រារព្ធ ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ លើក​ទី​៤ ដែល​នឹង​ប្រព្រឹត្ត ទៅ​នៅ​ថ្ងៃ​អង្គារ ៦​កើត ខែ​បឋមាសាឍ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២១ ក្រោម​ប្រធាន បទ​“TVET ធ្វើឱ្យ​ជំនាញ​កាន់តែ​ប្រសើរ និង​ប្រាក់ចំណូល​ខ្ពស់​”​។ ក្នុង​ស្មារតី​បន្ត អនុវត្ត​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដ៏​កាច​សាហាវ ការរៀបចំ​ទិវា​ជាតិ​ក្នុងឆ្នាំនេះ ត្រូវបាន បន្តធ្វើ​ក្នុង​ទម្រង់​ជា​យុទ្ធនាការ​តាម​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ដូចដែល​បានរៀបចំ​នៅ​ឆ្នាំ​២០២០ កន្លងមក​ដែរ ក្នុង​គោលបំណង ដើម្បី​បង្កើន​ការយល់ដឹង​ទូលំទូលាយ ទូទាំងប្រទេស​អំពី​សារៈ​សំខាន់​នៃ​ការអប់រំ​បណ្ដុះបណ្ដាល បច្ចេកទេស និង​វិជ្ជាជីវៈ នៅក្នុង​ការអភិវឌ្ឍ​ជំនាញ ឱ្យ​កាន់​តែមាន​គុណភាព និង​ប្រសិទ្ធភាព សំដៅ​លើក កម្ពស់​សមត្ថភាព​រប​ស់​ប្រជាពលរដ្ឋ​គ្រប់រូប ក្នុងការ​ចាប់យក​ឱកាស​ការងារ​កាន់តែ​ល្អ និង​លើកស្ទួយ​កម្រិត ជីវភាព​កាន់តែ​ប្រសើរឡើង​។​

​កន្លងមក និង​ពេលបច្ចុប្បន្ន រាជរដ្ឋាភិបាល​កម្ពុជា បានចាត់ទុក​ការអភិវឌ្ឍ​ប្រព័ន្ធ​អប់រំ​បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ ជា​អាទិភាព​ខ្ពស់បំផុត​ក្នុង​គ្រប់​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ ហើយ​បានធ្វើការ វិនិយោគ​យ៉ាង​សន្ធឹកសន្ធាប់​លើ​វិស័យនេះ ដើម្បី​ខិតខំ​រត់តាម​ឱ្យទាន់​មហិច្ឆតា ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​ការប្រែប្រួល​យ៉ាង​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា និង​ទីផ្សារការងារ ព្រមទាំង​ក្តី​រំពឹង​កាន់តែ​ខ្ពស់​របស់​ប្រជាពលរដ្ឋ ក្នុងការ​មានការ​ងារ​ធ្វើ​ល្អ និង​កម្រិតជីវភាព​កាន់តែ​ប្រសើរឡើង​។​

ជាក់ស្ដែង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ នេះ បានផ្តល់​អាទិភាព​ខ្ពស់​ជាងគេ​បំផុត​លើ​ការអភិវឌ្ឍ ធនធានមនុស្ស​តាមរយៈ​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ការពង្រឹង​គុណភាព​វិស័យ​អប់រំ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា សំដៅ​កសាងបាន​នូវ កម្លាំង​ពលកម្ម​ដែលមាន​ជំនាញ​ច្បាស់លាស់ គំនិត​ច្នៃប្រឌិត និង​ភាព​ប្រកួតប្រជែង​ខ្ពស់ និង​ធានា​ឱ្យបាន​នូវ “​យុវជន​ម្នា​ក់មាន​ជំនាញ​មួយ​យ៉ាងតិច​ប្រចាំជីវិត​” ។ ដើម្បី​សម្រេចបាន​គោលដៅ​ទាំងនេះ រាជរដ្ឋាភិបាល​បាននិងកំពុង​បន្ត​ខិតខំ ជំរុញ​ការអនុវត្ត​គោលនយោបាយ ជាតិ​ស្ដីពី​មុខរបរ និង​ការងារ​ឆ្នាំ​២០១៥-២០២៥ និង​គោលនយោ បាយ​ជាតិ​ស្តីពី​ការអប់រំ​បណ្ដុះបណ្ដាល បច្ចេកទេស និង​វិជ្ជាជីវៈ​ ឆ្នាំ​២០១៧-២០២៥ និង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ ២០១៥-២០២៥ ព្រមទាំង​បាន​ខិតខំ ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ផ្តោត​អាទិភាព​ខ្ពស់​លើ​ការលើកកម្ពស់ គុណភាព​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​សាធារណៈ ដោយ​ពង្រីក​ការវិនិយោគ លើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ផ្នែក​រឹង​រួមមាន អគារសិក្សា រោង​ជាង បន្ទប់ ពិសោធន៍ មជ្ឈមណ្ឌល​ស្រាវជ្រាវ អភិវឌ្ឍន៍ និង​នវានុវត្តន៍ មូលដ្ឋាន​សម្ភារ​និង​បរិក្ខារ និង​ផ្នែក​ទន់ រួមមាន ប្រព័ន្ធ​ធានា​គុណភាព​និង​អភិបាលកិច្ច គុណភាព សមត្ថភាព​គ្រូ កញ្ចប់​ស្តង់ដា​បណ្តុះបណ្តាល​និង​ប្រព័ន្ធ វាយតម្លៃ​ផ្អែកលើ​សមត្ថភាព ការទំនាក់ទំនង​ជាមួយ​ឧស្សាហកម្ម និង​ការចុះ​កម្មសិក្សា​អនុវត្ត​ផ្ទាល់​នៅ កន្លែងធ្វើការ ដែល​បច្ចុប្បន្ននេះ​មាន​គ្រឹះស្ថាន​ចំនួន ២៥ ត្រូវបាន​ទទួលស្គាល់​គុណភាព ពី​អង្គការ​ស្តង់ដា អន្តរជាតិ (ISO)​។​

​ចាប់តាំងពី​ឆ្នាំ​២០២០ មក គ្រឹះស្ថានសិក្សា​នៅ​ទូទាំងប្រទេស​ទាំង​សាធារណៈ ឯកជន និង​អង្គការ សមាគម ត្រូវបាន​ផ្អាក​ដំណើរការ​សិក្សា និង​សកម្មភាព​នានា ជា​បន្តបន្ទាប់ ទៅតាម​ដំណាក់កាល​នៃ​ការឆ្លង រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ កត្តា​នេះ បានធ្វើឱ្យ​មានការ​ផ្លាស់​ប្ដូរ​របៀប នៃ​ការបង្រៀន និង​រៀន​នៅក្នុង ថ្នាក់រៀន មក​ធ្វើ​ការរៀបចំ​ការបង្រៀន និង​រៀន​ពី​ចម្ងាយ ឬ​តាម​អន​ឡាញ​ជំនួស​វិញ​។ នៅ​គ្រប់​គ្រឹះស្ថាន សិក្សា​នានា បាននិងកំពុង​ខិតខំ អនុវត្ត​កម្មវិធី​បណ្តុះបណ្តាល​ពី​ចម្ងាយ ឬ​តាម​អន​ឡាញ​ជូន​ដល់​សិក្ខា កាម សិស្ស និស្សិត ដើម្បី​ធានាបាន​នូវ​និរន្តរភាព នៃ​ការទទួលបាន​ការអប់រំ និង​បណ្ដុះបណ្ដាល ប្រកប ដោយ ប្រសិទ្ធភាព និង​ស័ក្ដិសិទ្ធិ​ភាព តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល ការផលិត​វីដេអូ​និង​ឯកសារ នានា​សម្រាប់​ការបង្រៀន និង​រៀន​ពី​ចម្ងាយ ឬ​តាម​អន​ឡាញ និង​ការប្រើប្រាស់​បណ្តាញ​សង្គម​នានា សម្រាប់​ការទំនាក់ទំនង​។ ថ្មីៗ​នេះ តាមរយៈ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាននិងកំពុង​ដាក់ឱ្យ​ដំណើរការ ប្រព័ន្ធ​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ពី​ចម្ងាយ ឬ​តាម​អន​ឡាញ ព្រមទាំង​បំពាក់​មូលដ្ឋាន ឧបករណ៍​បច្ចេកវិទ្យា​ព័ត៌មាន​ ក៏ដូចជា​ការអភិវឌ្ឍ​និង​កែលម្អ​កម្មវិធីសិក្សា​និង​បំ ប៉ន​សមត្ថភាព​គ្រ​បច្ចេកទេស​នូវ វិធីសាស្ត្រ​បង្រៀន​បែប​គន្លង​ថ្មី សម្រាប់​គាំទ្រ​ដល់​ការបង្រៀន និង​រៀន​ពី​ចម្ងាយ ឬ​តាម​អន​ឡាញ​របស់ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិក្ខាកាម សិស្ស និស្សិត នៅតាម​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​។​

​កម្មវិធី​បណ្តុះបណ្តាល​ត្រូវបាន​រៀបចំ ឱ្យមាន​ភាពបត់បែន​ស្របតាម​ស្ថានភាព ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ ក្នុង​ទម្រង់​ជា​រយៈពេល​ខ្លី និង​រយៈពេល​វែង ទាំង​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ ហើយ​អាច​ធ្វើឡើង​នៅតាម​គ្រឹះស្ថានសិក្សា សហគ្រាស សហគមន៍ និង​ដោយ​ចល័ត​។ ដើម្បី​ផ្ដល់​លទ្ធភាព​ទទួលបាន ការបណ្តុះបណ្តាល​ប្រកបដោយ​សមធម៌ រាជរដ្ឋាភិបាល​បាន​ពង្រីក​ការផ្តល់ អាហារូបករណ៍​កាន់តែ​ច្រើនឡើង​សម្រាប់ យុវជន​ដែល​បាន​បោះបង់​ការសិក្សា ប្រជាពលរដ្ឋ​ក្រីក្រ ស្ត្រី ជនពិការ កុមារកំព្រា ជនជាតិដើម​ភាគតិច ជន​ងាយ​រងគ្រោះ ជា​លទ្ធផល​រយៈពេល​៥​ឆ្នាំ ចុងក្រោយ​នេះ មាន​សិក្ខាកាម សិស្ស និស្សិត និង​កម្មករ និយោជិត​ជាង ២០​ម៉ឺន​នាក់ បានទទួល​ការបណ្តុះបណ្តាល និង​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ ក្នុងការ​ទទួលបាន​ជំនាញ​ថ្មី និង​លើកកម្ពស់​ជំនាញ​របស់ខ្លួន ហើយ​បាន​ចាប់យក​ឱកាស​ការងារ​ល្អៗ និង​បង្កើត​មុខរបរ​ដោយ​ខ្លួនឯង និង​បាន​បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ និង​ជួយ​លើកស្ទួយ​សេដ្ឋកិច្ចជាតិ បាន​យ៉ាងច្រើន​។​

​លើសពីនេះ កម្មករនិយោជិត​ដែល​កំពុង​ត្រូវបាន​ព្យួរការងារ ឬ​បាត់បង់​ការងារ​ដោយសារ​វិបត្តិ ជំងឺ​កូ​វីដ​-១៩ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានរៀបចំ ឱ្យមាន​វគ្គ​បណ្តុះបណ្តាល​ពិសេស​មួយ ដែលមាន​ភាពបត់បែន និង​ផ្តោតលើ​គុណភាព​ក្រោយពេល​បញ្ចប់​ការ សិក្សា​លើ​កម្រិត​សញ្ញាបត្រ​បច្ចេកទេស​និង​វិជ្ជាជីវៈ​១ ព្រមទាំង​បាន​ផ្តល់នូវ​ប្រាក់ឧបត្ថម្ភ​ក្នុងអំឡុងពេល​សិក្សា ដោយ​សិក្ខាកាម​ម្នាក់​ទទួលបាន ២០​ម៉ឺន​រៀល ក្នុង ១​ខែ ដើម្បី​ផ្តល់ឱកាស​ឱ្យ​ពួកគាត់​ទទួលបាន​នូវ​ជំនាញ មួយ​ច្បាស់លាស់ សម្រាប់​ចាប់យក​ការងារ​ថ្មី នៅក្នុង​ទីផ្សារការងារ ដែល​កំពុងមាន​តម្រូវការ​ខ្ពស់ នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត ហើយ​អាច​ប្រកបមុខរបរ​ដោយ​ខ្លួនឯងបាន និង​បានធ្វើការ​បណ្តុះបណ្តាល​ជំនាញ​ទន់​ជូន ដល់​កម្មករនិយោជិត​នៅតាម​បណ្តា​រោងចក្រ សហគ្រាស ចំនួន ៦៨ ០០០​នាក់​ផងដែរ​។​

​ឆ្លៀត​ក្នុងឱកាស​នេះ សម្តេចនាយក​រដ្ឋមន្ត្រី សូម​កោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង របស់​ក្រសួង​ការងារ និង​បណ្តុះ បណ្តាល​វិជ្ជាជីវៈ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ក្នុង​ការខិតខំ​អនុវត្ត​ដោយ​ជោគជ័យ នូវ​គោលនយោបាយ អាទិភាព​និង​ការកែទម្រង់​ស៊ីជម្រៅ ដែល​រាជរដ្ឋាភិបាល បាន​ដាក់ចេញ​សម្រាប់​វិស័យ​អប់រំ​បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ​។​

​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ក៏​សូម​យក​ឱកាស​នេះ អំពាវនាវ​ដល់​គ្រប់​តួអង្គ ពាក់ព័ន្ធ​សូម​បន្ត​ចូលរួម​៖

១- បន្ត​ការគាំទ្រ​ក្នុងការ​អនុវត្ត​គោលនយោបាយ​ជាតិ ស្តីពី​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង វិជ្ជាជីវៈ​ឆ្នាំ​២០១៧-២០២៥ ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស ពោរពេញ​ដោយ​សមត្ថភាព​ជំនាញ ដោយ​ក្នុង ដំណាក់កាល​នេះ គ្រប់​គ្រឹះស្ថានសិក្សា​ទាំងអស់ ត្រូវ​បន្ត​រៀបចំ​កម្មវិធី​បណ្តុះបណ្តាល​ពី​ចម្ងាយ ឬ​តាម​អន​ឡាញ និង​បត់បែន​តាម​ស្ថានភាព​ជាក់ស្តែង​។​

២- បន្ត​ជំរុញ​លើកទឹកចិត្ត និង​បង្កើន​ការចុះឈ្មោះ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដើម្បី ឱ្យមាន​ចំណេះដឹង ជំនាញ​ច្បាស់លាស់ ឥរិយាបថ​ការងារ និង​សីលធម៌​វិជ្ជាជីវៈ​ល្អ ដូចដែល​ប្រធានបទ​ន ទិវា​ជាតិ​នេះ​បានលើកឡើង “TVET ធ្វើឱ្យ​ជំនាញ​កាន់តែ​ប្រសើរ និង​ប្រាក់ចំណូល​ខ្ពស់​”​។​

៣- គ្រប់​ស្ថានីយ៍​វិទ្យុ ទូរទស្សន៍​របស់​រដ្ឋ និង​ឯកជន ព្រមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា សូម​បន្ត​ជួយ ផ្សព្វ ផ្សាយ​ឱ្យបាន​ទូលំទូលាយ អំពី​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដើម្បី​បង្កើន​ការយល់ ដឹង​នូវ​សារៈសំខាន់​នៃ​វិស័យនេះ​ជូន​សាធារណជន​។​

៤- ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិក្ខាកាម សិស្ស និស្សិត មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក ផ្នែក​ឯកជន អង្គការ​មិនមែន​រដ្ឋាភិបាល ដៃគូ​អភិវឌ្ឍ និង​បងប្អូន​ជនរួមជាតិ​ទាំងអស់ ចូលរួម​សហការ​ផ្សព្វផ្សាយ ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ លើក​ទី​៤ ឆ្នាំ​២០២១ ក្រោម​ប្រធានបទ TVET ធ្វើឱ្យ​ជំនាញ​កាន់តែ​ប្រសើរ និង ប្រាក់ចំណូល​ខ្ពស់​” នេះ ឱ្យបាន​ផុលផុស ឱឡារិក​អធិកអធម​ទូទាំងប្រទេស តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​៕​ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ