ភ្នំពេញ ៖ ប្រិយមិត្តយ៉ាងច្រើនបានទទួលជ្រាបរួចហើយ ពីកុមារា ហុង ដែលជាក្មេងអនាថាម្នាក់ដ៏មានឈ្មោះល្បី ដោយសារតែមហាជនមានការចាប់អារម្មណ៍ខ្លាំង តាមរយៈវីដេអូ និងរូបភាពជាច្រើន ដែលត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គម បង្ហាញក្មេងប្រុសរូបនេះ ដើរយករ៉ឺម៉ក និងម៉ូតូរបស់គេជិះតាមដងផ្លូវយ៉ាងឡូយ រហូតជាប់ឈ្មោះជាចោរលួចក្នុងវ័យប្រមាណ១០ឆ្នាំប៉ុណ្ណោះ។

អាហុង ដែលជាក្មេងមានមុខមាត់ និងការនិយាយស្តីបែបឈ្លើយៗ គឺនៅតែជាចំណាប់អារម្មណ៍របស់មហាជន បើទោះអាហុង បានលួចរត់ចេញពីអង្គការ «សង្រ្គោះជនអស់សង្ឃឹម» និងបន្តដើរអនាថាគ្មានគោលដៅ ជីវិតរស់ ក៏ព្រោះត្រូវបានអ្នកស្គាល់មានក្តីអាណិតឲ្យលុយចាយរស់បានមួយពេលៗ ហើយបើថ្ងៃណាដាច់លុយ ទៅតាមហាងគុយទាវ ឬ ហាងបាយ គេឃើញអាណិតហៅឲ្យញ៉ាំក៏មាន និងមានពេលខ្លះក៏លួចទ្រព្យរបស់អ្នកដទៃផងដែរ។
ប៉ុន្តែ ជាអកុសល អាហុង ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់គួរឲ្យរន្ធត់ ដោយអាហុង ដែលតែងតែមានទម្លាប់សុំរថយន្តគេជិះផ្នែកកន្ទុយខាងក្រោយគួរឲ្យស្រៀវជំនួស បានឡើងទៅជិះលើរ៉ឺសណ្តោងនៃរថយន្ត១គ្រឿង ហើយបានលោតចុះក៏ត្រូវរ៉ឺកសណ្តោង កិនពីលើបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ និងស្លាប់នៅកន្លែងកើតហេតុគួរឲ្យអាសូរ។

តែយ៉ាងណាមិញ ក្រោយពីបានឮដំណឹងថាអាហុងស្លាប់ និងត្រូវបានបូជារួច ឥឡូវនេះ ស្រាប់តែមានទាំងឪពុកផង យាយផង ម្តាយមីងផង បានមកដណ្តើមឆ្អឹងគ្នា ដើម្បីយកទៅធ្វើបុណ្យ ដែលធ្វើឲ្យមហាជនមានការហួសចិត្តយ៉ាងខ្លាំងតែម្តង ព្រោះថា ចុះកាលអាហុងនៅរស់ តើអ្នកទាំងអស់នោះនៅទីណា ហេតុអ្វីម្នាក់ៗមិនដណ្តើមគ្នាយកមកថែរក្សា ផ្តល់ភាពកក់ក្តៅឲ្យគ្នាផង ទុកឲ្យជីវិតគ្នាតែលតោល គ្មានមេបាថែរក្សា គ្មានគោលដៅបែបនេះ។

ក្នុងនោះផងដែរ លោកមហាទើស ម៉ៃ សុគន្ធ ហួសចិត្តពេក ក៏បានដាក់ប៉ុន្មានម៉ាត់បែបនេះថា៖ «ដល់វគ្គដណ្តើមឆ្អឹងគ្នា យកទៅធ្វើបុណ្យដើម្បីបានលាភប្រយោជន៍ ពីសប្បុរសជនហើយ ឪពុកផង យាយផង ម្តាយមីងផង ព្រោះលឺថា មានគេចូលបុណ្យច្រើននោះអី ចុះកាលហុងនៅរស់មេ៉ចមិនដណ្តើមគ្នា យកមកថែរក្សាផ្តល់ភាពកក់ក្តៅផង សំរាប់ខ្ញុំសូមមិនចូលបុណ្យជាមួយមនុស្សថ្លើមខ្មៅទេ បុណ្យខ្ញុំបានធ្វើហើយ កម្រងរូបថតផ្កា កោដិ និងបច្ច័យបាយសម្លសែន សម្រាប់អាចារ្យ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

















