ភ្នំពេញ´៖ ឱកាសវិនិយោគរោងចក្រផលិតសំបកកង់រថយន្ត និងជំរុញឱ្យទីផ្សារជ័រកៅស៊ូកាន់តែ ប្រសើរឡើង នៅ កម្ពុជា។ អ្នកធុរកិច្ចឆ្នើមកម្ពុជា បានរំពឹងថា ទីផ្សារជ័រកៅស៊ូ អាចមានស្ថិរភាពល្អ នឹងមានការដាំដុះដំណាំកៅស៊ូច្រើនជាងមុន ខណៈកម្ពុជាកំពុងទទួលបានឱកាសវិនិយោគ នៃរោងចក្រផលិតសម្បកកង់រថយន្ត ដែលនឹងត្រូវការជ័រកៅស៊ូច្រើនសម្រាប់ផ្គត់ផ្គង់។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា គម្រោងវិនិយោគរោងចក្រផលិតសំបកកង់រថយន្ត នៅកម្ពុជា នឹងផ្តល់ផលប្រយោជន៍ច្រើន ដល់ផលិតកម្មកៅស៊ូនៅក្នុងស្រុក បង្កើតការងារជូនពលរដ្ឋ និងបង្កើនចំណូលពន្ធជូនរដ្ឋផងដែរ។
លោកឧកញ៉ាបន្តថា ការដាំដុះកៅស៊ូ បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូប្រមាណ៤០ម៉ឺនហិចតា ហើយនៅក្នុងមួយឆ្នាំៗ កម្ពុជាបាននាំចេញកៅស៊ូជាច្រើនផងដែរ”។លោកបន្តថា “ចំពោះគម្រោង ដែលកម្ពុជាទទួលបានការវិនិយោគ បង្កើតរោងចក្រសំបកកង់រថយន្តនេះ គឺជាផ្នែកមួយយ៉ាងសំខាន់ ដោយយើងរំពឹងថា ជ័រកៅស៊ូនៅកម្ពុជានឹងមានទីផ្សារងើបវិញ ជាពិសេសរក្សាស្ថិរភាពតម្លៃល្អ”។

គួរបញ្ជាក់ថា មានក្រុមហ៊ុនផលិតសំបកកង់រថយន្តធំៗមួយចំនួន បានប្រកាសចូលមកកាន់ទីផ្សារកម្ពុជា ក្នុងនោះក្រុមហ៊ុនJiangsu General Science Technology បានប្រកាសបោះទុនវិនិយោគ តម្លៃជាង២០០លានដុល្លារ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយមានសមត្ថភាពផលិតសំបកកង់ រថយន្តប្រមាណ៦លានសំបក ក្នុងមួយឆ្នាំៗ។ លើសពីនេះមានក្រុមហ៊ុន Sailun Group នឹងពិចារណាបង្កើតរោងចក្រផលិតកង់រថយន្តដឹកអ្នកដំណើរនៅកម្ពុជា ក្នុងទុនវិនិយោគចំនួនប្រមាណ ១៨០ លានដុល្លារអាមេរិក នៅតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តស្វាយរៀង។ និងក្រុមហ៊ុន “CART TIRE CO., LTD” បោះទុនវិនិយោគ បង្កើតរោងចក្រផលិតសំបកកង់យានយន្ត នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ បាវិត ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ១៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៨០កន្លែង៕
រក្សាសិទ្ធិដោយ៖CEN