Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូតឡាវនៅកម្ពុជា ៖ ៦៥ឆ្នាំ ដែលកម្ពុជានិងឡាវ បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា និងកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កា ក្នុងវិស័យនានា

ភ្នំពេញ ៖ ក្នុងឱកាសខួបនៃការបង្កើតទំនាក់ទំនងកាទូតលើកទី៦៥ឆ្នាំ រវាងប្រទេសឡាវ ជាមួយកម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ លោក អាំភៃ គីនដាវង្ស ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថកិច្ច នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំនៅកម្ពុជា បានថ្លែងថា ប្រទេសឡាវ និងកម្ពុជា ជាប្រទេសជិតខាង មានទំនាក់ទំនងមិត្តភាពសាមគ្គីភាពជាប្រពៃណី ធ្លាប់ឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក​ និងកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កា ក្នុងវិស័យនានា។

ក្នុងសារលិខិតរបស់ខ្លួន លោកអគ្គរដ្ឋទូតឡាវ បានលើកឡើងថា ឆ្នាំនេះជាឆ្នាំដ៏អស្ចារ្យមួយទៀត សម្រាប់ប្រជាជនទាំងពីរឡាវ និងកម្ពុជា ដើម្បីធ្វើពិធីប្រារព្ធ បន្ទាប់ពី៦៥ឆ្នាំ ដែលប្រទេសជាតិទាំងពីរ បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាមក។

លោកលើកឡើងថា ទោះបីឆ្នាំ១៩៥៦ ជាឆ្នាំចាប់ផ្តើមបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នា ជាការពិតមែន ប៉ុន្តែជាការជាក់ស្តែងទំនាក់ទំនងរវាងប្រជាជាតិទាំងពីរត្រូវបានបង្កើតឡើងរាប់ពាន់ឆ្នាំមុននេះមកហើយ ។ ប្រទេសឡាវ និងកម្ពុជា ជាប្រទេសជិតខាង មានទំនាក់ទំនងមិត្តភាពសាមគ្គីភាពជាប្រពៃណីធ្លាប់ឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ពីបុរាណកាលជាយូរលង់មកហើយថ្នាក់ដឹកនាំទាំងពីរប្រទេសជាច្រើនជំនាន់ បានបង្កើតមិត្តភាពដ៏ជ្រាលជ្រៅបំផុត។ ប្រទេសទាំងពីរ មានការផ្លាស់ប្ដូរជាប្រក្រតីនូវការធ្វើទស្សនកិច្ចរបស់គណៈប្រតិភូ ថ្នាក់ដឹកនាំជាន់ខ្ពស់ ក៏ដូចជារដ្ឋមន្រ្តី និងគណៈប្រតិភូស្ថាប័ននានាទៀត ដើម្បីធ្វើឲ្យប្រសើរ និងស៊ីជម្រៅថែមទៀតនូវការយោគយល់ ជឿជាក់ និងទុកចិត្តគ្នាទៅវិញទៅមក ជាពិសេសប្រទេសទាំងពីរ បានធ្វើការអភិវឌ្ឍកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ក្នុងវិស័យនានា ដូចជា វិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគទុន វិស័យអប់រំ វប្បធម៌ ថាមពល សុខភិបាល ទេសចរណ៍ និងវិស័យនានា៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×