Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បានវ៉ាក់សាំងចាក់ហើយទទួលបានរង្វាន់ទៀត! សូមអបអរសាទរអ្នកមីង ទទួលបានទឹកប្រាក់១០លានរៀល ជាអ្នកចាក់លេខរៀងទី៣លាន

ថ្មីៗនេះ ស្រ្តីអាយុ ៤៨ ឆ្នាំ ម្នាក់ បានក្លាយជាអ្នកចាក់វ៉ាក់សាំងទី៣លាន និងទទួលបានរង្វាន់លើកទឹកចិត្តឧបត្ថម្ភពីរាជរដ្ឋាភិបាល នូវទឹកប្រាក់ចំនួន ១០ លានរៀល។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញនេះ បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមល្ងាចថ្ងៃ១៤ ខែ មិថុនា ២០២១ នេះ យើងចាក់វ៉ាក់សាំងបានជាង៣លាននាក់។ ក្នុងនោះយើងបានរកឃើញបុគ្គលដែលបានចាក់វ៉ាក់សាំងទី៣លាន គឺប្អូនស្រី ស៊ុ សំអឿន អាយុ៤៨ឆ្នាំ ជាស្ត្រីមេម៉ាយរស់នៅមន្ទីរពេទ្យជ័យជំនះខេត្តកណ្តាល។

ដូចមុនៗដែរ សម្រាប់មនុស្សទី១លាន មនុស្សទី២លាន ប្អូនស្រី ស៊ុ សំអឿន នឹងទទួលបានជំនួយឧបត្ថម្ភនូវទឹកប្រាក់ចំនួន១០លានរៀលដែល លោកជំទាវ ឱ វណ្ណឌីន នឹងយកទៅជូនផ្ទាល់នាថ្ងៃស្អែក។

យើងសម្រេចបាននូវការចាក់វ៉ាក់សាំងចំនួន៣០ភាគរយនៃចំនួនដែលត្រូវចាក់ ដែលនេះជាជោគជ័យដ៏ធំក្នុងដំណើរឆ្ពោះទៅរកគោលដៅ១០លាននាក់ដែលត្រូវចាក់។

គួររម្លឹកផងដែរថា អ្នកចាក់វ៉ាក់សាំងម្ជុលទី១ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ គឺបានទៅលើឯកឧត្តម ហ៊ុន ម៉ាណែត។ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ រកឃើញអ្នកចាក់វ៉ាក់សាំងទី១លាន គឺបានទៅលើបុរសម្នាក់ឈ្មោះ ប៉ាន់ សុវណ្ណរិទ្ធិ និងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ រកឃើញអ្នកចាក់វ៉ាក់សាំងទី២លាន គឺបានទៅលើស្រ្តីឈ្មោះ ទិត ចន្តា អាយុ ២៣ ឆ្នាំ ជាកម្មការិនីរោងចក្រ ដែលទទួលបានរង្វាន់លើកទឹកចិត្តនូវទឹកប្រាក់ចំនួន ១០ លានរៀលផងដែរ។

តែយ៉ាងណា ជាមួយគ្នានេះផងដែរ ក៏សូមអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ ត្រូវតែបន្តអនុវត្តនៃការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល «៣ការពារ ៣កុំ» ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា ដើម្បីឲ្យប្រទេសកម្ពុជាឆាប់រលាយបាត់ពីជំងឺដ៏កាចសាហាវមួយនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×