Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់ ! ហៅឃាត់ឈប់ត្រួតពិនិត្យ មានអី ស្រាប់តែរថយន្ត Lexus ១គ្រឿង ដាក់មេប្រូចជាន់ហ្គាដូចហោះ ធ្វើឲ្យប៉ូលីសម្នាក់ឡើង….(វីដេអូ)

នេះជាហេតុការណ៍ដ៏ញាក់សាច់មួយ គ្រាដែលរថយន្ត១គ្រឿង បានបើករត់គេចពីការត្រួតពិនិត្យ ស្ទើរតែបុកប៉ូលីសម្នាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទីទី១២ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅចំណុច KM47.8 នៅលើផ្លូវហាយវ៉េ Damansara-Puchong ប្រទេសម៉ាឡេស៊ី។

តាមរយៈវីដេអូពីកាមេរ៉ាសុវត្ថិភាព បានបង្ហាញរថយន្តម៉ាក Toyota Lexus ១គ្រឿង ត្រូវបានប៉ូលីសចរាចរណ៍ហៅឲ្យចូល ដើម្បីធ្វើការត្រួតពិនិត្យ ប៉ុន្តែ នៅពេលនោះ អ្នកបើកបរក៏ឆក់ឱកាសបង្កើនល្បឿនដាក់មេប្រូច ស្ទើរតែជាន់ប៉ូលីសម្នាក់ ដែលកំពុងឈរបំពេញភារកិច្ច ធ្វើឲ្យគាត់ឡើងព្រលឹងចុងសក់តែម្តង។

ទោះយ៉ាងណា ម្ចាស់រថយន្តក៏បានចូលខ្លួនមកកាន់ប៉ុស្តិ៍ប៉ូលីស នៅថ្ងៃបន្ទាប់មក ដើម្បីមកទទួលកំហុសនេះ។ អធិការនគរបាលស្រុក Sepang និងជាជំនួយការស្នងការ លោក Wan Kamarul Azran Wan Yusof បានឲ្យដឹងថា បន្ទាប់ពីធ្វើការស៊ើបអង្កេត ម្ចាស់រថយន្តត្រូវបានដឹងថាជាពលរដ្ឋម៉ាឡេស៊ី មានអាយុ ៣១ ឆ្នាំ។

លោកបន្តថា «បុរសនោះបានមកកាន់ប៉ុស្តិ៍ប៉ូលីសចរាចរណ៍ Sepang នៅវេលាម៉ោងប្រមាណ ៦ និង៣០ នាទី ល្ងាច និងបានសារភាពថា រថយន្តរបស់ខ្លួនត្រូវបានបើកដោយប្អូនប្រុសអាយុ ២១ ឆ្នាំ»។

លោកបន្ថែមថា អ្នកបើកបរពុំឈប់ឲ្យប៉ូលីសត្រួតពិនិត្យ គឺដោយសារប័ណ្ណបើកបររបស់គាត់ផុតកំណត់ទៅហើយ។

លោក Wan Kamarul នៅបានឲ្យដឹងទៀតថា ប្អូនប្រុសម្ចាស់រថយន្តខាងលើ ក៏បានមកកាន់ប៉ុស្តិ៍ប៉ូលីសនៅវេលាម៉ោងប្រហែល ៨ យប់ ហើយលទ្ធផលតេស្តទឹកនោម គឺអវិជ្ជមានប្រើប្រាស់គ្រឿងញៀន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×