Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យោធភូមិភាគទី៥ ឃាត់ខ្លួនពលករចំនួន ៩នាក់លួចឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃ

ខេត្តបន្ទាយមានជ័យ ៖ អនុវត្តតាមបទបញ្ជាមេបញ្ជាការយោធភូមិភាគទី៥ និងគណៈបញ្ជការឯកភាពខេត្តបន្ទាយមានជ័យ ទប់ស្កាត់ការនាំពលករលួចឆ្លងដែនក្នុងភូមិសាស្រ្តខេត្ត ដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដាក់បទបញ្ជាយ៉ាងតឹងរ៉ឹង ការពារនៅតាមបន្ទាត់ព្រំដែន ក្នុងការរឹតបន្តឹងសន្តិសុខព្រំដែនទប់ស្កាត់ពលករលួចឆ្លងដែន ជាពិសេសបានចាត់តាំងកម្លាំងចុះស៊ើបអង្កេតស្វែងរកមុខសញ្ញាមេខ្យល់ ចាប់ខ្លួនបញ្ជូនឲ្យសមត្ថកិច្ចជំនាញចាត់ការតាមផ្លូវច្បាប់។

ជាក់ស្តែងនាយប់រំលងអធ្រាត្រចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នៅចំណុច ភូមិបឹងរាំង ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មានពលករខ្មែរចំនួន ៩នាក់ ស្រី៣នាក់ ដែលបំរ៉ុងលួចឆ្លងដែន ចូលប្រទេសថៃ ត្រូវបានឃាត់ខ្លួនដោយកម្លាំង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដែលដឹកនាំដោយ វរសេនីយ៍ឯក ព្រហ្ម សុភា មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងខេត្ត ដែលសហការជាមួយផ្នែកសឹករងម៉ាឡៃ និង វរសេនាតូចនគរបាលព្រំដែនគោកលេខ៨១៥ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំអូរស្រឡៅ។

សូមបញ្ជាក់ថា ក្រោយពីឃាត់ខ្លួនបាន លោកមេបញ្ជាការរង បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ កុំបន្តចាញ់បោកមេខ្យល់ ដែលតែងតែបញ្ចុះបញ្ចូល នាំពលករឆ្លងដែនខុសច្បាប់ ដោយមិនគិតពីសុវត្ថិភាព និងខាតបង់ប្រាក់កាសជាបន្តបន្ទាប់ ជាពិសេសសូមបន្តចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ អោយបានទាំងអស់គ្នា និងបានប្រគល់ពួកគាត់ឲ្យទៅកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំអូរស្រឡៅ ដើម្បីសាកសួរនិងបញ្ជូនទៅធ្វើចត្តាឡីស័ក។

សូមបញ្ជាក់ថា ចាប់តាំងពីកងកម្លាំង តំបន់ប្រតិបត្តិការសឹករងខេត្ត ត្រូវបានបញ្ជូនទៅបំពេញប្រតិបត្តិការ សហការជាមួយកម្លាំងចម្រុះ ទប់ស្កាត់ពលករលួចឆ្លងដែន និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ បានឃាត់ខ្លួនពលករឆ្លងដែន បញ្ជូនទៅមណ្ឌលចត្តាឡីស័កជាបន្តបន្ទាប់ និងឃាត់ខ្លួនមេខ្យល់បានមួយចំនួន បញ្ជូនទៅសមត្ថកិច្ចជំនាញចាត់វិធានការតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×